បើកឡាន​ដឹក​ខ្សាច់​ជាង​២០​គ្រឿង លើកគ្នា​មក​តវ៉ា​មុខ​សាលាខេត្ត

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ប្រមាណ​ជាង​២០​នាក់ បាន​បើករថយន្ត​ជាង​២០​គ្រឿង​មក​ឈប់​មុខ​សាលាខេត្ត ដើម្បី​ធ្វើការ​តវ៉ា​ថា មាន​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​មួយ​ឈ្មោះ នួន សា​រុំ បាន​ធ្វើបាប​អ្នក​ដឹក​ខ្សាច់ និង​បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ខ្សាច់​របស់​ពួក​គាត់ ដែល​មិន​ព្រម​ទិញ​ខ្សាច់​ក្រុមហ៊ុន​គាត់ ហើយ​ទៅ​លួច​ដឹក​ខ្សាច់​ពី​កន្លែង​នានា​យក​មក​លក់​ក្នុង​ក្រុង​កំពង់ឆ្នាំង​។ ការ​ផ្ទុះ​ការ​តវ៉ា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​។

ប្រជាពលរដ្ឋ​អ្នក​ប្រកប​អា​ជីរ​កម្ម​ទាំងនោះ​បាន​និយាយ​ថា កាលពី​ថ្ងៃ​ម្សិលមិញ ក្រុមហ៊ុន នួន សា​រុំ បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង​របស់​ឈ្មោះ ហឿ​ន ចាន់​លី និង​បាន​ឃាត់​ម៉ាស៊ីន មួយ​គ្រឿង​របស់​ឈ្មោះ យី​ម វី​ណា ផង​ដែរ ខណៈ​ដែល​ពួក​គេ​កំពុង បូម និង​ដឹក​ខ្សាច់ នៅ ភូមិ​ក្រាំង​ស្គា ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ហើយ​បាន​យក​មធ្យោបាយ​ទាំងនោះ​មក​រក្សា​ទុក នៅ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​។ ក្រុម​អ្នក​ដឹក​ខ្សាច់​ទាំងនោះ បាន​លើក​ឡើង​ថា ពួក​គាត់​បាន​ទៅ​ទិញ​ខ្សាច់​ពី​កន្លែង​ឆ្ងាយ ជាង​៣០​គីឡូម៉ែត្រ ក្នុង​១​រថយន្ត​ថ្លៃ​៤​ម៉ឺន​រៀល និង​បាន​យក​មក​លក់​នៅ​ក្រុង​កំពង់ឆ្នាំង ក្នុង​១​រថយន្ត​លក់​បាន ១០​ម៉ឺន​រៀល ផាត់​ថ្លៃ​ប្រេង​ទៅ​គ្មាន​សល់​ប៉ុន្មាន​ទេ ពេល​ខ្លះ​ជាប់ផុង​ចាក់ចោល​ខ្សាច់​ក៏​មាន​។

ប៉ុន្តែ​បើ​ទៅ​ទិញ​ខ្សាច់​ក្រុមហ៊ុន នួន សា​រុំ វិញ​គឺ​១​ឡាន ១០​ម៉ឺន​រៀល គាត់​លក់​ម៉េច​បាន​ចំណេញ ម្លោះ​ហើយ​ចេះ​តែ​នាំ​គ្នា​ទៅ​ដឹក​ពី​ឆ្ងាយ ដើម្បី​សល់​ប្រាក់​ខ្លះ​ចិញ្ចឹម​ប្រពន្ធ​កូន​។ ពួក​គាត់​បាន​បញ្ជាក់​ថា ពេល​គាត់​ខំ​ទៅ​ទិញ​ពី​ឆ្ងាយ​បាន​ថោក យក​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ក៏​បាន​ថោក​ដែរ​។ ពួក​គាត់​មកនេះ គឺ​មក​សំណូមពរ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត មេត្តា​ជួយ​ពួក​គាត់​ផង និង​សូម​ឲ្យ​ជួយ​អន្តរាគមន៍ ដោះ​លែង​រថយន្ត​១​គ្រឿង និង​ម៉ាស៊ីន​២​គ្រឿង ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចាប់​នោះ​ផង​ដែរ​។

ដោយឡែក​លោក នួន សា​រុំ ម្ចាស់​អាជីវកម្ម​ខ្សាច់​វិញ​បាន​បដិសេធ​ថា មិនមែន​គាត់​អ្នក​ចាប់​ទេ​គឺ​ខាង​មន្ទីរ​រ៉ែ និង​ថាមពល សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ចំណែក​គាត់​គ្រាន់តែ​អ្នកមាន​អាជ្ញា​ប​ណ្ណ័​អាជីវកម្ម​ប៉ុណ្ណោះ និង​គ្រាន់តែ​បាន​ជួយ​មធ្យោបាយ​ដឹក​ជញ្ជូន មក​ដាក់​ក្នុង​ទីបញ្ជាការ​ការ​កងរាជអាវុធហត្ថ​ទេ កុំ​យល់​ច្រឡំ​គាត់​ជា​អ្នក​ចាប់​។ ជុំវិញ​បញ្ហា​នេះ​លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​បាន​ប្រាប់​ថា មិនមែន​ម្ចាស់​អាជីវកម្ម នួន សា​រុំ ទៅ​ចាប់​ទេ​ដោយសារ​ក្រសួង​ចេញ​គោលការណ៍​ឲ្យ​មន្ទីរ ត្រួតពិនិត្យ​ការ​ធ្វើ​អា​ជីរ​កម្ម​ខ្សាច់​អត់​ច្បាប់ ដោយ​អនុវត្ត​ទូ​ទាំង​ប្រទេស សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​។

ចំណែក​មន្ទីរបាល​សហ​ការណ៍​ជាមួយ កងរាជអាវុធហត្ថ​ខេត្ត ចុះ​ត្រួតពិនិត្យ​កន្លែង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​អត់​ច្បាប់​។ លើក​ទី​១ និង​លើក​ទី​២ មន្ទីរ​បាន​អប់រំ​ណែនាំ ដល់​ពួក​គាត់​ហើយ នៅ​តែ​មិន​ស្តាប់ លើក​ទី​៣ ទើប​សហ​ការណ៍​ជាមួយ​អ្នកមាន​អាជ្ញា​ប​ណ្ណ័ ដើម្បី​ចូលរួម​ចាប់​ឃាត់​មក​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា រួច​ប្រគល់​មធ្យោបាយ​ឲ្យ​ពួក​គាត់​វិញ​។ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ក្នុង​នោះ​ផង​ដែរ អ្នក​ក្រុម​អ្នក​តវ៉ា​ទាំងអស់​នឹង​ត្រូវ​ប្រជុំ​អប់រំ​ណែនាំ​ពួក​គាត់ ដោយ​បញ្ជាក់​ប្រាប់​គាត់​ថា បើ​មាន​លើក​ទៅ​៤ នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​បញ្ជូន​ទៅ​តុលាការ​ហើយ​៕