ជំនន់ទឹកភ្លៀងលិចកាត់ផ្តាច់ផ្លូវ និង ផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកសន្ទុក

6 Videos


បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជាច្រើនមេ នាប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យទឹកជំនន់ជន់លិចផ្លូវលំមួយកន្លែង ស្ថិតនៅចំណុចស្ពានអូរធំ ភូមិដងក្តា ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរតាមម៉ូតូបានឡើយនៅពេលនេះ ។

ពោលគឺអាចឆ្លងកាត់តាមរថយន្តខ្ពស់ៗតែប៉ុណ្ណោះ នៅពេលដែលទឹកស្ទឹងសែនមានសន្ទុះឡើងយ៉ាងខ្លាំងពីកម្រិត ១២ ម៉ែត្រ ដល់ ១២,៦៥ ម៉ែត្រនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ។ ប្រជាពលរដ្ឋរស់នៅតំបន់ស្ពានអូរធំបានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ចំនួនពីរ-បីថ្ងៃផ្ទួនៗគ្នាមកនេះ បានធ្វើឲ្យទឹកជំនន់ជន់លិចស្ពានអូរធំ ហើយគិតរហូតមកដល់ថ្ងៃទី ១៤ ខែកញ្ញានេះ មានរយៈពេលបីថ្ងៃ ហើយប្រជាពលរដ្ឋនៅទីនោះ មិនអាចធ្វើដំណើរតាមកង់ និង ម៉ូតូបានឡើយ ។ បើមេឃនៅតែបន្តធ្លាក់ភ្លៀងទៀតនោះ ប្រជាជនគ្រោងនឹងធ្វើស្ពានសម្រាប់ឆ្លងម៉ូតូ និងរថយន្តតូចៗ ។

ជំនន់ទឹកភ្លៀងលិចកាត់ផ្តាច់ផ្លូវ និង ផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកសន្ទុក

លោក ហាក់ វុទ្ធី អនុប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ចំនួនបីថ្ងៃជាប់ៗគ្នាមកនេះ ទឹកស្ទឹងសែនមានសន្ទុះស្ទុះឡើងយ៉ាងខ្លាំង ពីកម្រិត១២ម៉ែត្រ ដល់កម្រិត១២,៦៥ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

ជំនន់ទឹកភ្លៀងលិចកាត់ផ្តាច់ផ្លូវ និង ផ្ទះប្រជាពលរដ្ឋមួយចំនួននៅស្រុកសន្ទុក

បើនៅតែភ្លៀងធ្លាក់ជោគជាំ ដូចប៉ុន្មានថ្ងៃនេះទៀតនោះ ទឹកស្ទឹងសែនអាចនឹងឡើងដល់កម្រិត ១៣,៥០ ម៉ែត្រ ជាកម្រិតត្រូវប្រកាសអាសន្នហើយ ពេលនេះ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវបង្កើនការប្រុងប្រយ័ត្ន ត្រៀមបង្ការ សម្ភារធ្វើដំណើរតាមទឹក ៕

សុថាត់