មន្រ្តីការទូតច្រានចោលការលើកឡើងដែលថាការរំលោភសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្ងន់ធ្ងរ

មន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជា នៅអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍ច្រានចោលការលើកឡើងពីសំណាក់សហគមន៍អន្តរជាតិដែលថាស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានសភាពធ្ងន់ធ្ងរ។ សង្គមស៊ីវិលថា រដ្ឋាភិបាលគួរយកការរិះគន់មកគិតពិចារណាសិន ជាជាងប្រញាប់ប្រញាល់ឆ្លើយការពារខ្លួន។

សេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អន្តរជាតិនេះ គឺធ្វើឡើងដោយឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ លោក ណី សំអុល។ លោកច្រានចោលនូវការលើកឡើងដែលថា ស្ថានភាពបច្ចុប្បន្ននៅកម្ពុជា មានភាពគំរាមកំហែងដល់គណបក្សប្រឆាំង ដល់មន្ត្រីសិទ្ធិមនុស្ស។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លើកទី៣៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រទេសចំនួន៣៦ មានសមាជិកសហភាពអឺរ៉ុប ទាំងអស់ និងប្រទេសប្រជាធិបតេយ្យធំៗដូចជា អាមេរិក ជប៉ុន កាណាដា និងអូស្ត្រាលី បានលើកយកស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា មកដាក់ចេញសេចក្តីប្រកាសរួមឲ្យទៅអគ្គលេខាធិការនៃក្រុមប្រឹក្សា។

សេចក្តីប្រកាសនេះលើកឡើងពីបញ្ហាទាក់ទងនឹងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ការប្ដឹងទៅតុលាការប្រឆាំងអ្នករិះគន់រដ្ឋាភិបាលទាំងមិនទំនង និងជាពិសេស ទៅលើរឿងឃាតកម្មលោកបណ្ឌិត កែម ឡី។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រទេសទាំង៣៦ មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា លោក ណី សំអុល ថាគណបក្សនយោបាយ ឬស្ថាប័នមាននិន្នាការនយោបាយ តែងយកពាក្យសិទ្ធិមនុស្សមកធ្វើជាឆត្របិទបាំងអំពើរបស់ខ្លួន ដែលប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម។ រដ្ឋាភិបាលមិនអាចអនុញ្ញាតឲ្យអំពើខុសច្បាប់ និងអនាធិបតេយ្យបន្តកើតឡើងបានទេ។ រដ្ឋាភិបាលមានកាតព្វកិច្ចជាចាំបាច់ ត្រូវអនុវត្តច្បាប់ ដើម្បីការពារផលប្រយោជន៍សាធារណៈ។ លោក ណី សំអុល ស្នើកុំឲ្យមានការលូកដៃចូលនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដែលជារឿងមួយលោកថា កម្ពុជា មិនស្វាគមន៍ឡើយ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថាការចេញមុខរបស់មន្ត្រីការទូតទៅការពារទង្វើរបស់រដ្ឋាភិបាល គឺមិនមែនជារឿងថ្មី ឬគួរឲ្យភ្ញាក់ផ្អើលឡើយ។ ការលើកឡើងពីប្រជាពលរដ្ឋកន្លងទៅ ដូចជារឿងរំលោភសិទ្ធិដីធ្លី ការតវ៉ាទាមទារយុត្តិធម៌ ជាដើម ក៏ត្រូវបានរដ្ឋាភិបាលបដិសេធដូចគ្នា។ យ៉ាងនេះក្តី លោកបណ្ឌិត មាស នី បន្ថែមថា ការបដិសេធទៅលើការចោទប្រកាន់ពីសហគមន៍អន្តរជាតិ ជាសិទ្ធិរបស់រដ្ឋាភិបាល ប៉ុន្តែភាពជាក់ស្តែង គឺគ្មាននរណាអាចបដិសេធបានឡើយ៖ «ការប្រើអំពើហិង្សាផ្សេងៗមកលើពលរដ្ឋ ឬគណបក្សប្រឆាំង មិនមែនជារឿងអាចលាក់បាន។ ពលរដ្ឋក្នុងទីក្រុងភ្នំពេញ ក៏គាត់អាចឃើញបានថា យន្តហោះហោះពីណាទៅណា? សុទ្ធតែរឿងមិនអាចលាក់បាន ប៉ុន្តែនេះជាសិទ្ធិរបស់រដ្ឋាភិបាលក្នុងការថ្លែងដើម្បីការពារខ្លួន»។

ប្រធានផ្នែកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ឯកភាពថា ការច្រានចោលការរិះគន់បែបនេះ មិនមែនជារឿងថ្មីទេសម្រាប់រដ្ឋាភិបាលកម្ពុជា ហើយអ្វីដែលជារឿងឲ្យព្រួយបារម្ភនោះ គឺទោះបីរដ្ឋាភិបាលសម្រេចធ្វើអ្វីក៏ដោយ តំណាងរដ្ឋាភិបាលត្រូវចាំបាច់ចេញមុខមកការពារគ្រប់ពេល។ អ្វីដែលរដ្ឋាភិបាលកម្ពុជា គួរធ្វើ គឺបើកចិត្តឲ្យទូលាយ ហើយទទួលយកការរិះគន់ដើម្បីមកអភិវឌ្ឍខ្លួន៖ «យើងជាសង្គមស៊ីវិល យើងស្នើឲ្យរដ្ឋាភិបាលគាត់ពិចារណាទៅលើការព្រួយបារម្ភរបស់គេហ្នឹង ថាមានចំណុចអ្វីខ្លះដែលគេព្រួយបារម្ភ ហើយយើងគួរធ្វើដូចម្តេចដើម្បីឲ្យមានការប្រសើរឡើង។ អ្វីដែលខ្វះចន្លោះ ត្រូវតែបំពេញបន្ថែមដើម្បីឲ្យស្ថានភាពសិទ្ធិមនុស្ស និងនយោបាយមានភាពប្រសើរឡើង»។

សេចក្តីប្រកាសរួមរបស់បណ្ដាប្រទេសទាំង៣៦ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា មានការស៊ើបអង្កេតពេញលេញប្រកបដោយតម្លាភាពទៅលើឃាតកម្មលោកបណ្ឌិត កែម ឡី និងរៀបចំបរិយាកាសមួយដែលមានសុវត្ថិភាពសម្រាប់គណបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស។ ប្រទេសទាំង៣៦ ព្រមទាំងសន្យាថានឹងជួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនេះទៀត ប្រសិនបើកម្ពុជា មានឆន្ទៈក្នុងការកែប្រែ៕

ប្រភព៖ RFA


Related Posts