លោក Mourinho រងការអាម៉ាស់ក្នុង Europa ខណៈ Feyenoord ផ្តួល Man United(មានវិដេអូ)

ការវិលត្រឡប់ដ៏ស្ទាក់ស្ទើររបស់លោក Jose Mourinho ទៅកាន់ក្របខ័ណ្ឌ Europa League វិញ បានបញ្ចប់ដោយភាពអាម៉ាស់ ខណៈដែលខ្សែបម្រើ Tonny Vilhena បានជួយឲ្យក្រុម Feyenoord ទទួលជ័យជម្នះ ១-០ លើក្រុម Manchester United ក្នុងការប្រកួតបើកឆាកនៃពូល A របស់ពួកគេ កាលពីថ្ងៃព្រសហ្បតិ៍។

Jose-Mourinho

សម្រាប់គ្រូបង្វឹកម្នាក់ដែលចង់រក្សាកេរិ៍្តឈ្មោះរបស់ខ្លួនក្នុងកីឡាបាល់ទាត់ ការប្រកួតក្នុងក្របខ័ណ្ឌ Europa League ជាលើកទី១ក្នុងរយៈពេល១៣ឆ្នាំគឺជាយុទ្ធនាការមិនផ្តល់នូវការទាក់ទាញមួយសម្រាប់លោក Mourinho ឡើយ ហើយកីឡាកររបស់លោកហាក់ដូចជាមិនមានការផ្តោតអារម្មណ៍ឡើយ ខណៈដែលកីឡាករក្នុងជម្រើសដំបូងរបស់ក្រុម Man United បានជួបការខកចិត្តដោយសារតែគ្រាប់បាល់ជិតបញ្ចប់ការប្រកួតរបស់ Vilhena នៅកីឡដ្ឋាន De Kuip។

Tonny-Vilhena

វាជាការរងបរាជ័យជាលើកទី២ជាប់ៗគ្នារបស់ក្រុម Man United ក្រោយពីការរងបរាជ័យដ៏ឈឺចាប់កាលពីថ្ងៃសៅរ៍ក្រោមស្នាដៃក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ហើយលោក Mourinho សង្ឃឹមថា ការសម្រេចចិត្តរបស់លោកក្នុងការផ្លាស់ប្តូរកីឡាករ៨នាក់នៅពេលប្រកួតជាមួយនឹងក្រុម Feyenoord នឹងផ្តល់នូវជ័យជម្នះ នៅមុនពេលពួកគេវិលទៅកាន់ការប្រកួតក្នុងលីកវិញនៅលើទឹកដីក្រុម Watford នៅថ្ងៃអាទិត្យ អាទិត្យ ខាងមុខនេះ។

លោក Mourinho បានឲ្យដឹងថា៖ «កីឡាករខ្លះលេងជាលើកទីមួយនៅរដូវកាលនេះ។ ពិតណាស់ កីឡាករខ្លះលេងបានល្អប្រសើរជាងកីឡាករផ្សេងទៀត»៕

សូមទស្សនាវិដេអូ Highlight Feyenoord 1-0 Manchester United

ប្រភពព័ត៌មាន៖ Channel News Asia

The post លោក Mourinho រងការអាម៉ាស់ក្នុង Europa ខណៈ Feyenoord ផ្តួល Man United(មានវិដេអូ) appeared first on CamboSport.