មេដឹកនាំចិនចង់ប្រែក្លាយទំនាស់ដែនទឹកជាមួយវៀតណាមជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ

នៅដើមសប្ដាហ៍នេះប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានប្រាប់ទៅនាយករដ្ឋមន្ដ្រីវៀតណាមថា ផលប្រយោជន៍រួមរវាងចិន និងវៀតណាម គឺមានទម្ងន់ធ្ងន់ជាងភាពមិនចុះសម្រុងនឹងគ្នាមួយចំនួន ដោយលោកបានហៅឲ្យមានការដោះស្រាយវិវាទទឹកដីនៅសមុទ្ទចិនខាងត្បូងតាមរយៈការចរចាគ្នា។

អ្នកវិភាគនិយាយថា វៀតណាមកំពុងតែពង្រឹងកងកម្លាំងយោធាស្ងាត់ៗ ធ្វើឡើងដើម្បីជាការបង្ហាញភាគីដទៃឲ្យមានការញញើតកោតខ្លាច ដើម្បីរក្សាតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខមួយរបស់វៀតណាម ខណៈពេលដែលចិនកំពុងបង្ហាញក្ដែងៗនូវការទាមទារមិនខ្លាចរអែងទឹកដីជាច្រើននៅសមុទ្ទចិនខាងត្បូង។

កាលពីខែកក្កដាកន្លងទៅនេះតុលាការអន្ដរជាតិក្រុងឡាអេបានកាត់ក្ដីឲ្យហ្វីលីពីនឈ្នះ ហើយថាការទាមទារកម្មសិទ្ធិទឹកដីពីភាគីចិនគ្មានសុពលភាពទេ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងប៉េកាំងមិនព្រមទទួលស្គាល់សាលដីកាអន្ដរជាតិនោះឡើយ។

កាសែត Reuters រាយការណ៍ថាសម្រាប់វៀតណាមវិញបានស្វាគមន៍ចំពោះការកាត់ក្ដីនោះ ហើយវៀតណាមគាំទ្រលើដំណោះស្រាយសន្ដិវិធី ខណៈពេលដែលប្រកាសទាមទារដែរនូវអធិបតេយ្យភាពលើទឹកដីមួយចំនួនដែលមានជម្លោះនឹងចិន។

កាសែតស៊ីនហួរបស់ចិនរាយការណ៍ថា ពេលជួបមុខគ្នានៅក្រុងប៉េកាំងជាមួយនាយករដ្ឋមន្ដ្រីវៀតណាមលោក ង្វៀន ស៊ួនហ្វុក មេដឹកនាំចិនបានប្រាប់ថា ចិន និងវៀតណាមអាចដោះស្រាយភាពមិនចុះសម្រុងគ្នាបាន ហើយលើកកម្ពស់កិច្ចសហប្រតិបត្ដិការដែនទឹកតាមរយៈការចរចាមិត្ដភាព។

ប្រធានរដ្ឋចិននិយាយថា បញ្ហាជម្លោះទឹកដីនេះ គួរតែដោះស្រាយតាមការចរចាទ្វេភាគី ដើម្បីប្រែក្លាយបញ្ហាឧបសគ្គដែនទឹកទៅជាឱកាសសម្រាប់កិច្ចសហការគ្នា។

នៅដើមខែនេះនាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិន្ទ្រ ម៉ូឌី បានស្នើផ្ដល់ឥណទាន៥០០លានដុល្លារដល់វៀតណាមសម្រាប់កិច្ចសហការផ្នែកការពារជាតិ។

ការផ្ដល់សំណើនេះកើតឡើងក្រោយពីវិស័យភស្ដុភាផ្នែកការពារជាតិរបស់វៀតណាមបានកើនឡើងយ៉ាងគំហុកជិត៧០០%សម្រាប់ឆ្នាំ២០១៥ នេះបើតាមតួលេខរបស់ស្ថាប័នស្រាវជ្រាវមួយមានមូលដ្ឋាននៅស៊ុយអែដ ដែលធ្វើការតាមដានកត់ត្រាពាណិជ្ជកម្មគ្រឿងសព្វាវុធរយៈពេល៥ឆ្នាំកន្លងទៅនេះ៕

ប្រភព៖ radioaustralia


Related Posts