ខ្មែរ​នឹង​ស្លាប់​ បើ​ខ្មែរ​រលត់​បាត់នូវ​ “​មេត្តាធម៌​”​

ស្ទើរ​តែ​គ្រប់​គ្នា​នៃ​ប្រជាជន​ខ្មែរ​សព្វថ្ងៃ​ នរណា​​ៗ​ក៏ដឹង​ដែរ​ថា​ រាប់ចាប់​តាំងពី​ដើម​សតវត្សរ៍​ទី១​នៃគ.​ស​មកដល់​សតវត្សរ៍ទី១៣​ ព្រំទឹក​ព្រំដី​របស់​កម្ពុជា​គឺមាន​ទំហំ​ធំធេង​ណាស់ ​គឺ​ធំជាង​ផ្ទៃដី​នាពេល​បច្ចុប្បន្ន​ដល់​ទៅ៤-៥ដង​ឯណោះ​ ។ ​បុគ្គល​មួយ​ចំនួន​​តែង​និយាយ​លើក​ឡើង​ថា៖​ ទឹកដី​រីក​ធំធេង​, ​វប្បធម៌​ថ្កុំថ្កើង​, សេដ្ឋកិច្ច​រីកលូតលាស់​, ប្រទេស​​អភិវឌ្ឍន៍​ជឿន​លឿន​ ក៏ព្រោះ​តែប្រទេស​មួយចេះ​ប្រើ​​កល​ល្បិច​​​លួច​ប្លន់​ ឬ​ពូកែ​ខាង​ធ្វើ​សឹកសង្គ្រាម​ (​សម្លាប់​ជីវិត​មនុស្ស​) ​តាមរយៈ​វិធីក្ដៅ​ ឬត្រជាក់ ​។ ​តើ​វាពិតជា​យ៉ាងនេះ​មែន​ដែរ​ឬទេ​?​ តើ​ការ​ធ្វើសង្គ្រាម​ពិត​នាំមក​នូវសុខ​សន្តិភាព ​និងភាព​រីក​ចម្រើន​មែន​ឬ​យ៉ាងណា​?​ ចំណុច​នេះ​កម្ពុជា​បានឆ្លង​កាត់​រាប់រយ ​រាប់ពាន់​ឆ្នាំ​​រួច​មកហើយ​ ប៉ុន្តែ​កម្ពុជា​លែង​ត្រូវការ​ឈាន​ជើង​ចូល​ក្នុង​នយោបាយ​បង្ក​សង្គ្រាម​រវាង​ជាតិ​ឯង​នឹង​ជាតិឯង​ ជាតិគេ​នឹង​ជាតិ​ឯង​ទៀត​ឡើយ ​។​ 
ចាប់​តាំង​ពី​សម័យ​ទឹកដីខ្មែរ​នៅមាន​ទំហំធំ​ល្វឹង​ល្វើយ​នៅឡើយ​រហូត​ដល់​គេតាំង​ឈ្មោះ​ឱ្យថា​ជាអាណាចក្រ​ ឬជា​មហាអំណាច​មួយនឹង​គេដែរ​ ខ្មែរ​ពីអតីត​កាល​តែងតែ​ប្រកាន់​ខ្ជាប់​ក្នុង​ធម៌មេត្តា​ជាប់​មក​រហូត​ គឺរាប់​ចាប់​តាំង​ពីថ្នាក់​ព្រះមហាក្សត្រ​រហូត​ដល់​មន្រ្តី​រាជការ​ថ្នាក់តូចទាប ​និងរហូត​ដល់​ប្រជានុរាស្រ្ត​ ។​​ ឧទាហរណ៍​មួយ​ជាក់ស្ដែង​តាម​កំណត់​ហេតុ​ប្រវត្តិសាស្រ្ត​របស់ខ្មែរ ​ដែល​យើងមាន​មូល​ដ្ឋាន​គ្រឹះវប្បធម៌​-អរិយធម៌​ទាំងរូបិយ​ និងអរូបិយ​នានា​ថ្កុំថ្កើង​រុងរឿង​ទៅបាន​ គឺវា​កើត​ឡើង​ដោយសា​រ​​ការកសាង​របស់​បុព្វ​បុរស​ខ្មែរ​ជាច្រើន​ជំនាន់​ដែល​ប្រកប​ដោយ​ព្រហ្មវិហារធម៌​ ដែល​មាន​មេត្តា​ធម៌​នៅក្នុង​នោះដែរ​ ។ ការកសាង​វប្បធម៌​-អរិយធម៌​នៃជាតិសាសន៍​មួយឱ្យ​ថ្កុំថ្កើង​ទៅបាន ​លុះត្រាណា​តែប្រទេស​នោះ ​ជាតិសាសន៍​នោះសម្បូណ៌​ទៅដោយ​មនុស្ស​ដែល​ប្រកប​ដោយ​ ព្រហ្មវិហារ​ធម៌៖ ​ធម្ម​មេត្តា​៖​ ចេះរាប់​រកគ្នា​ក្នុង​នាម​ជាមនុស្ស​ដូចគ្នា ​ចេះគោរព​ឱ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក​ ចេះ​គោរព​ប្រណិបត្តិ​រាប់រក​ទៅកាន់​បុគ្គល​អ្នក​ចេះដឹង​ជ្រៅជ្រះ​ល្អិតល្អន់​ជាងខ្លួន​ និងធ្វើ​គុណចំពោះ​ខ្លួន,​ មិន​មាន​ចេតនា​ក្នុងការ​បៀតបៀន​គ្នា​ទៅវិញទៅមក​ និងចេះ​ប្រាស្រ័យ​ទាក់ទង​គ្នាប្រកប​ដោយ​ភាតរធម៌ ​និងសាមគ្គីធម៌ ​ជាមុនសិន​ ។ ប្រសិន​បើ​បុព្វបុរសខ្មែរ​ពីអតីតកាល​រាប់ចាប់​ពីចុង​សតវត្សរ៍​ទី១២​ថយទៅ​ក្រោយ​ គ្មានមេត្តា​ធម៌​នៅក្នុង​ខ្លួនទេ​ ឬជា​មនុស្សអាត្មា​និយម​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ឯងជាធំ​ លក់ទ្រព្យសម្បត្តិ​ជាតិ​យក​លុយ​ស៊ីចាយ​សប្បាយ​ហ៊ឺហារ​ ម្លោះពេល​នេះ​ប្រទេស​កម្ពុជា​ទាំងមូល​ប្រហែល​ជាគ្មាន​ឈ្មោះថា​ជាកម្ពុជា​, ប្រហែល​ជាយើង​គ្មាន​ព្រៃឈើ,​ ធនធាន​ធម្មជាតិ​សម្បូណ៌​ហូរហែរ,​ កេរតំណែល​មរតក​វប្បធម៌-​អរិយធម៌​ដ៏អស្ចារ្យ​ជាច្រើន​, និង​នៅសល់​ទឹកដីក្នុង​ទំហំ​ធំប៉ុណ្ណេះ​, និង​ប្រហែល​ជាគ្មាន​ប្រាសាទអង្គរ​វត្តបន្សល់​ទុកឱ្យ​កូនខ្មែរ​នាសម័យ​បច្ចុប្បន្ន​លក់យក​លុយចែក​គ្នាចាយ​ដូចសព្វ​ថ្ងៃនេះ​ឡើយ ​។​ ដូច្នេះ​ដោយសារ​តែ ​ធម្មមេត្តា​ របស់​មនុស្ស​ពីខាង​ដើម​ដែល​លោក​បាន​គិតគូរ​អំពី​អនាគត​របស់​មនុស្សខ្មែរ​នាជំនាន់​ក្រោយ​ៗ​នេះហើយ​ ទើប​យើង​អាច​មាន​ធនធាន​ដើម្បី​ប្រាស្រ័យ​ជីវិត​បាន​គ្រាន់​បើខ្លះៗ​ដែរដូច​បច្ចុប្បន្ននេះ​ ។​​ 
ប៉ុន្តែ​ជាអកុសល​ចាប់​តាំង​ពីចូល​ដល់​សតវត្សរ៍​ទី១៣​មកដល់ថ្ងៃនេះ​ មនុស្ស​ខ្មែរ​មួយ​ចំនួន​ធំទាំង​ជំនាន់ៗ​ លែង​ស្គាល់​ខ្លួន​ឯង​ជានរណា ​លែង​ស្គាល់​ពូជ​ធារពី​ខាង​ដើម​របស់ខ្លួន​ លែង​ស្គាល់​អ្វី​ទៅល្អ​ អ្វី​ទៅគុណ ​អ្វីទៅ​អំពើ​បុណ្យកុសល​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​គឺនិយម​តែស្លុងស្លុយ ​និយម​តែង​ប់ងុល​នឹង​ល្បែង​បំភាន់​ភ្នែក​ទាំង​នយោបាយ ​ទាំងវប្បធម៌​ ទាំងសេដ្ឋកិច្ច​ និងទាំង​តណ្ហា​កិច្ច​របស់​ពពួក​ជនអាត្មា​និយម​គ្មាន​ឫស​គល់​វប្បធម៌​-អរិយធម៌​ច្បាស់លាស់​មកពី​បរទេស​ ទាំង​ប្រទេស​ក្បែរខាង​ និង​បរទេស​ដាច់​ឆ្ងាយ​ដែល​បាន​បង្កើត​ទេសភាព​បែបស្រវឹង ​បែបញៀន ​បែប​ស្រួល​ស្រណុក​តែសម្បក​ក្រៅ ​បែប​លង់​លើយ​សប្បាយ​លែង​ស្គាល់​គុណធម៌​ សច្ចធម៌​ និង​មេត្រីធម៌ ​(​មេត្តាធម៌​)​ រហូតដល់​ហ៊ាន​ទាំង​ល្ងិតល្ងង់​សម្រេច​ចិត្ត​កាប់គាស់​ អារ ​​លក់​ទ្រព្យសម្បត្តិ​របស់​ដែន​នគរឯង​ របស់​ជាតិ​ឯង​ទៅឱ្យ​បរទេស​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ដោយ​មិនដឹង​ថាប្រាក់​ចំណូល​ទាំងនោះ​បាន​ទៅដល់​ដៃអ្នកណាខ្លះ ​បានមក​ជាតិប៉ុន្មាន​ និងបាន​ជួយប្រជាជន ​និង​សង្គមជាតិ​ប៉ុន្មាន​ឱ្យច្បាស់ឡើយ​ ។ ​
ដូច​យ៉ាង​សម័យ​ពេល​បច្ចុប្បន្ននេះ​ សង្គម​ខ្មែរ​រ​បស់​យើង​ហាក់បី​ដូចជា​ធ្លាក់​ចុះ​នូវ​ធម្មមេត្តា​ក្បែរ​កម្រិត​អតិបរមា​ ព្រោះ​សម្អាង​ទៅលើ​ហេតុ​៥យ៉ាងធំ​ៗ​៖​-​ហែក​ហួង​គ្នាឯង ​ដោយ​ប្រកាន់​ម្ខាង​មក​ពីខាងណេះ ​ម្ខាង​មក​ពីខាងណោះ​-​រើស​អើង​វណ្ណៈ​ រើស​អើង​ពូជសាសន៍​ ត្រកូល ​និងដែនកំណើត​​-​​ពេល​ឃើញ​​​គេធ្វើ​​ការងារ​​សង្គម​ច្រើន​​ ការងារ​​មនុស្សធម៌​​ច្រើន​​ មិននាំ​​គ្នាជួយ​​ជ្រោមជ្រែង​​ គាំទ្រ ​​និងឧបត្ថម្ភ​ ​ប៉ុន្តែ​​បានត្រឹម​​តែ​បើក​​ភ្នែក​​មើលពីចម្ងាយ​​ និងមាន​​ជនខ្លះ​​លួចនិយាយ​​ផ្លែផ្កា ​​ចម្អក​ឡក​លើយ​ពីចម្ងាយ​ថែមទៀត​ផង​ នេះ​គេហៅថា​ជំពូក​ជនបញ្ញើ​រក្អែក ​រស់បាន​ត្រឹមម៉ារស់​-​ចរឹត​មាន​មិន​ចំមាន​ ក្រមិនចំក្រ​ ធំមិនចំធំ​ តូចមិនចំតូច​ ប៉ុន្តែ​ក្រអឺត​ក្រទម ​ឥតស្គាល់​អ្វី​ទៅ​ឋានានុក្រម​ចាស់ទុំ​ បណ្ឌិត​អ្នក​ចេះដឹង​ និង​សីលវន្ត​ជាដើម​-​បើគ្មាន​ការរាប់​រក​គ្នា​វា​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់​ទៅហើយ​ ប៉ុន្តែ​រឹតតែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​ដែល​ងាយ​ធ្វើឱ្យ​សង្គម​ខ្មែរ​បែកបាក់​ប្រេះស្រាំ,​ មើលមុខ​គ្នាលែងចំ​ ឬចង​គំនុំ​ទុក​ដោយ​កំហឹង​នោះ ​គឺការ​មិន​អធ្យាស្រ័យ​គ្នា ​អត់​ឱន​ដល់គ្នា​នេះឯង​-​ការកឹប​កេង​ប្រវ័ញ្ច ​បន្លំ​ភ្នែកជញ្ជីង​ ពុករលួយ​សូកប៉ាន់​ និងស៊ី​ខ្សែ​លើខ្សែ​ក្រោមជាដើម ​​-ការប្រជែង​ ការដណ្ដើម​ ការឈ្នានីស​គ្នាជាដើម​ ។ ​នេះគឺជា​មហាគ្រោះ​ថ្នាក់​បំផុត​ស្រាប់​សង្គម​ជាតិខ្មែរ ​។​
នៅក្នុង​ព្រហ្មវិហារធម៌​ទាំងបួន​មាន​៖​ មេត្តា​៖ ការរាប់រកគ្នា​, ករុណា៖ ​ការ​សណ្ដោស​ប្រណីគ្នា,​ មុទិតា​៖ ការអភ័យ​ទោស​ដល់គ្នា​, និង​ឧបេក្ខា​៖​ គឺការ​តាំង​តម្កល់​ចិត្ត​ជាកណ្ដាល​, ធម៌ទាំង​បួន​យ៉ាងនេះ​អាច​ប្រព្រឹត្ត​ទៅបានល្អ​ លុះត្រា​ណាតែ​សំណុំ​ធម៌​ទាំងបួន​ស្ថិត​នៅជុំគ្នា​ បើបាត់​ធម៌ណា​មួយ ​នោះ​ព្រហ្មវិហារ​ធម៌​ក៏មិនមាន​ វាប្រៀប​បីដូច​ជា​៖​ ទិសធំ​ៗ​ទាំង៤​ បើបាត់​ទិសណា​មួយ ​មនុស្សក្នុង​ពិភព​លោក​ទាំងមូល​នឹង​ទៅជា​វង្វេង​វឹកវរ​ទាំងអស់​ ព្រោះ​បាត់នូវ​ច្បាប់​នៃការ​ពិតមួយ​ ។ ​
សង្គមខ្មែររ​​បស់យើង​បានដើរ​ចូលដល់​យុគសម័យ​គ្រោះថ្នាក់​ដ៏ធំមហិមា​ហើយ ​នេះក៏​ព្រោះតែ​មនុស្ស​ខ្មែរ​បានបាត់​នូវធម្ម​មេត្តា​ស្ទើរ​តែគ្រប់គ្នា​នៅពាស​ពេញ​ផ្ទៃ​នគរនេះឯង​ ។ ​បើខ្មែរ​នៅតែ​មិនព្រម​ភ្ញាក់​រលឹក​ ជួយ​ជ្រោម​ជ្រែង​គ្នា​បណ្ដុះ​ធម្មជាតិ​ក្នុងការ​ផ្សព្វផ្សាយ​ធម្មមេត្តា​ចំពោះ​គ្នាទៅវិញទៅ​មក​ទេ ​សង្គមខ្មែ​រទាំងមូល​នឹង​ដើរដល់​វិថី​នៃ​សេចក្ដី​វិនាស​ជាក់ជា​មិនខាន ​ហើយវប្បធម៌​មួយនេះ​អាច​ប្រព្រឹត្ត​ទៅបាន​យ៉ាងល្អ​ គឺត្រូវ​កើត​ចេញ​ពីប្រមុខរដ្ឋ​កម្ពុជា​មុនគេ​ជាមុន​សិន ​៕​

ខ្មែរ​នឹង​ស្លាប់​ បើ​ខ្មែរ​រលត់​បាត់នូវ​ “​មេត្តាធម៌​”​ដោយ៖ ឈូកស
Cool FM 100.7