ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ទទួល​ពានរង្វាន់​អន្តរជាតិ

លោក អោ​ក បូ​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​ប្រៃសណីយ៍​កម្ពុជា ត្រូវ​បាន​ជ្រើសតាំង​ជា​ម្ចាស់​ពានរង្វាន់​អន្តរជាតិ International Award for Excellence & Leadership 2016 លើ​ការ​ដឹកនាំ និង​កែទម្រង់​សហគ្រាស​សាធារណៈ (​ប្រៃសណីយ៍​កម្ពុជា​) ដោយ​ក្លិប​អ្នកដឹកនាំ​ធុរកិច្ច​ពិភពលោក នៅ​សណ្ឋាគារ Melia Castilla ក្នុង​ទីក្រុង Madrid នៃ​ប្រទេស​អេ​ស្ប៉ា​ញ នា​ថ្ងៃ​ទី​១១ កក្កដា ២០១៦ ។

កម្មវិធី​ប្រគល់​ពានរង្វាន់​ខាងលើ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើត​ឱកាស​ទំនាក់​ទំនងជា​លក្ខណៈ​អន្តរជាតិ សម្រាប់​អ្នកគ្រប់គ្រង​ប្រតិបត្តិ​ករ វិនិយោគិន ប្រធាន​ស្ថាប័ន អ្នកមាន​គំនិត​ច្នៃប្រឌិត បាន​ជួប​ពិភាក្សា​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ចែករំលែក​ទស្សនវិស័យ​ផ្នែក​ទីផ្សារ ការ​គ្រប់គ្រង​មាន​លក្ខណៈ​ស្តង់ដារ ដំណើរការ​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ និង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ​ជំនួញ ព្រមទាំង​ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​សម្រាប់​ចាប់​យកដៃ​គូ​ជំនួញ​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​នីមួយ​ៗ ។
 ការ​ដឹកនាំ​កែទម្រង់​សហគ្រាស​សាធារណៈ​ប្រៃសណីយ៍​កម្ពុជា​នេះ ក៏​ធ្លាប់​បាន​ទទួលស្គាល់​ការ​ដឹកនាំ​អាជីវកម្ម​លំដាប់​អន្តរជាតិ​ផង​ដែរ ដូច​ជា​៖ ឆ្នាំ​២០១៦ – International Award for Excellence & Leadership និង​ឆ្នាំ​២០១៤ – UPU Best Management​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មានការ​សហការ​ពី​បណ្ដា​ប្រទេស​ចំនួន​៩៥​នៅ​លើ​ពិភពលោក ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​រៀន​បន្ថែម​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក អោ​ក បូ​រ៉ា ត្រូវ​បាន​ក្លិប​អ្នកដឹកនាំ​ធុរកិច្ច​ពិភពលោក ជ្រើសរើស​ជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ចំណោម​អ្នកដឹកនាំ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចំនួន​២៥​មក​ពី​គ្រប់​វិស័យ​ផលិតកម្ម និង​សេវាកម្ម​ប្រចាំឆ្នាំ​២០១៦ ។

ទាំងនេះ​គឺ​ដោយសារ​ភាព​ជោគជ័យ​ក្នុង​ការ​ដឹកនាំ និង​កែទម្រង់​ពី​អង្គភាព​រដ្ឋ​ឲ្យ​ក្លាយទៅជា​សហគ្រាស​សាធារណៈ​មានឈ្មោះ​ថា  ប្រៃសណីយ៍​កម្ពុជា ដែល​មាន​ស្វ័​យ​ត​លើ​ការងារ​រដ្ឋបាល បច្ចេកទេស និង​ហិរញ្ញវត្ថុ ។ ក្រោម​ភាព​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​លោក​អគ្គនាយក​តាំងពី​ឆ្នាំ​២០១១ រហូត​ដល់​ពេល​នេះ បាន​ប្រែ​មុខមាត់​ថ្មី​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​អតិថិជន និង​ដៃគូ​អាជីវកម្ម​ជាតិ និង​អន្តរជាតិ បាន​ពង្រីក​វិសាលភាព​អាជីវកម្ម​កាន់តែ​ធំ​ជាង​មុន ទំនើប​កម្ម​បច្ចេកវិទ្យា ICT ទាន់សម័យ បណ្ដុះបណ្ដាល​និយោជិត​ជំនាញ​គ្រប់​លំដាប់ថ្នាក់ បង្កើន​ប្រាក់​ចំណូល​ដល់​អង្គភាព​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​បាន​ជួយ​លើកកម្ពស់​ជីវភាព​និយោជិត​មាន​កម្រិត​ប្រកួតប្រជែង​ទីផ្សារ​បាន និង​ឆ្លើយ​តប​តាម​ផែនការ​រាជរដ្ឋាភិបាល ៕