កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

 

តើ​អ្នក​កំពុងតែ​រកមើល​កន្លែង​សម្រាប់​សម្រាក​ហូប​អាហារ​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​ឧបករណ៍​កម្សាន្ត​នា​ចុង​សប្ដាហ៍​ឬ?  បើ​មែន Sabay សូម​បង្ហាញ​ប្រិយមិត្ត​នៅ​រមណីយដ្ឋាន​មួយ​ឈ្មោះថា កោះ​ទឹក​វិល។

 
កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

 

ទិដ្ឋភាព​នៅ​ទីនេះ​ពិតជា​ប្លែក រួមផ្សំ​នឹង​ខ្យល់​បក់​មិន​ដាច់​សូរ ទាក់ទាញ​អារម្មណ៍​ឲ្យ​យើង​ចង់​អង្គុយ​មើល​ទេសភាព​ធម្មជាតិ​ដ៏​ត្រកាល​នេះ។ បើសិនជា​អ្នក​ឈរ​នៅ​កោះ​ទឹក​វិល ហើយ​សម្លឹង​ទៅ​ទិស​ខាងជើង អ្នក​នឹង​ឃើញ​ផ្ទៃ​ទឹក​ព្រែក​ពណ៌​ស ដែល​ជា​ចំណាំង​ផ្លាត​ពី​មេឃ ។ មាត់ច្រាំង​នៃ​ព្រែក​មាន​រុក្ខជាតិ​កោង​កាង និង​ដើមឈើ​នានា​ហាក់​កំពុង​ឈរ​អប​មាត់​ព្រែក​ស្វាគមន៍ អ្នក​ជិះ​ទូក ឬ​ក្បូន​ទាំងឡាយ។ សម្លឹង​ឲ្យ​ឆ្ងាយ​ជាង​នេះ​បន្តិចទៀត អ្នក​នឹង​ប្រទះ​នូវ​ជួរ​ភ្នំ​ដែល​សណ្ដូក​ខ្លួន​សន្ធឹង​ពណ៌​បៃតងខ្ចី  ប្រៀប​បាន​នឹង​កំផែង​ធម្មជាតិ​ដ៏​រឹងមាំ។ ជុំវិញ​រមណីយដ្ឋាន​នេះ​ពោរពេញ​ដោយ​ដើម​ចាក រាប់ពាន់​ដើម។

 

កោះ​ទឹក​វិល ជា​ឈ្មោះ​កន្លែង​កម្សាន្ត​មួយ​ស្ថិត​ជាប់​ព្រែក ដែលមាន​រោង​សម្រាប់​ភ្ញៀវ​អង្គុយលេង​ និង​ស្រស់ស្រូប​អាហារ ដែល​សង់​អប​មាត់ទឹក។ ក្រៅពី​នេះ​គេ​អាច​មើល​ឃើញ​នូវ​ផែ​តូច​មួយ​នៅក្បែរ​នេះដែរ សម្រាប់​ឲ្យ​ភ្ញៀវ​ចេញដំណើរ និង​ចូល​ចត​វិញ​នូវ​ទូក ក្បូន​ឫស្សី​ដែល​ផ្ដល់​ដោយ​កន្លែង​កម្សាន្ត​មួយ​នេះ តែ​អ្នក​កម្សាន្ត​ទាំងឡាយ​មិនបាន​ទៅ​ចត​ទី​នោះទេ។ ផ្ទុយ​មកវិញ គេ​ចេញ និង​ចត ក្បែរ​រោង​តែម្តង។

 
កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

 

បើតាម​ លោក កៅ ជា​ម្ចាស់​រមណីយដ្ឋាន​នេះ បាន​ប្រាប់ Sabay ឲ្យ​ដឹងថា ទីនេះ​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ ២ ០០០ មក​ម្ល៉េះ និង​មាន​បម្រើ​សេវាកម្ម​អាហារសម្រន់ (បុក​ល្ហុង មី​បុក គុយទាវ​បុក…) ម្ហូប​ធម្មតា គ្រឿង​សមុទ្រ រួម​ទាំង​ភេសជ្ជ​ផងដែរ​ដោយ​តម្លៃ​អាហារ​សមរម្យ ដោយ​ចាប់​បើក​ពី​ម៉ោង ៩ព្រឹក​ទៅ។

 

រមណីយដ្ឋាន​កោះ​ទឹក​វិល​ក៏​អនុញ្ញាត​ឲ្យ​ភ្ញៀវ​នាំ​យក​អាហារ​ពី​ខាងក្រៅ​បាន​ផងដែរ។ ក្រៅពី​នេះ​មាន​ទូក និង​ក្បូន​សម្រាប់​ភ្ញៀវ​ជួល (៣ដុល្លារ​ក្នុង១ម៉ោង)។ បើ​ទោះ​ជា​ទីនេះ​មិនសូវ​សម្បូរ​ឧបករណ៍​កម្សាន្ត​ក៏ដោយ តែ​លោក ​កៅ ​ប្រាប់ថា “ភ្ញៀវ​ចូល​មក​ទីនេះ​មិន​ដាច់​ទេ រាប់​រយ​នាក់​ក្នុង​១​ថ្ងៃៗ មិន​ថា​ជា​ថ្ងៃ​ធម្មតា ឬ​ថ្ងៃបុណ្យ​នោះទេ តែ​បើ​ថ្ងៃបុណ្យ​កាន់តែ​ច្រើន។ ម្ចាស់​រមណីយដ្ឋាន​ខាង​លើ​នេះ​បន្ត​ថា ឆាប់ៗ​នេះ លោក​នឹង​បន្ថែម​ទា​ទឹក និង​ទូក​ជាច្រើន​គ្រឿង​ទៀត។

 

កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

 
កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

 

គួរ​រម្លឹក​ថា រមណីយដ្ឋាន​កោះ​ទឹក​វិល មាន​ទីតាំង​ក្នុង​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ប្រិយមិត្ត​អាច​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ (ភ្នំពេញ-កំពត) ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៤-១៤៥ បត់​ស្កាំ​ដៃ​ (មកពី​ភ្នំពេញ) តាម​ក្លោង ទ្វារ​វត្ត​ទឹក​វិល ចម្ងាយ​ប្រហែល ៣គីឡូម៉ែត្រ (តាម​ក្លោង​ទ្វារ​វត្ត​ទឹក​វិល​ប្រហែល ១គីឡូម៉ែត្រ ដល់​ផ្លូវបំបែក​ជា​បី ឃើញ​ខ្លោងទ្វារ​វត្ត​មួយទៀត ចូល​តាម​នឹង​ទៅ​ត្រង់ ជិត​ដល់​វត្ត​បត់​តាម​ផ្លូវលំ​ទី២ខាងឆ្វេង​ដៃ)។

 

សូមបញ្ជាក់ថា ផ្លូវ​ចូល​ដំបូង​ប្រហែល១គីឡូម៉ែត្រ​ពិបាកធ្វើ​ដំណើរ​បន្តិច ដោយសារ​មាន​គ្រលុក​ច្រើន តែ​ពេល​ដល់​ខ្លោងទ្វារ​ទី២ ផ្លូវ​ល្អ មិន​លំបាក​ទេ។

 

សូមទស្សនា វីដេអូ​​ នៃទិដ្ឋភាព​នៅ​ កោះ​ទឹក​វិល

 

 
កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

 

កោះ​ទឹក​វិល​ ទីន្លែង​សម្រាក​ជួបជុំ​គ្រួសារ​ នា​ចុង​សប្ដាហ៍

 

អត្ថបទ៖ គីម សាយ