ក្មេង​ស្រីអាយុ​៩​ខែ ត្រូវ​អ្នក​មើល​ថែ​ចាប់​ចង​ដៃ និង​ញាត់​មាត់ យ៉ាង​ព្រៃ​ផ្សៃ

កាល​ពី​ពេល​ថ្មីៗ​នេះ រូបថត​ក្មេង​ស្រី អាយុ​៩​ខែ​ម្នាក់​ស្រែក​យំ ក្រោយ​ត្រូវ​អ្នក​មើល​ថែ​ចាប់​ចង​ដៃ និង​ញាត់​មាត់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

 

ក្មេង​ស្រីអាយុ​៩​ខែ ត្រូវ​អ្នក​មើល​ថែ​ចាប់​ចង​ដៃ និង​ញាត់​មាត់ យ៉ាង​ព្រៃ​ផ្សៃ

 

ក្មេង​ស្រី​ដែល​រស់​នៅ​ក្នុង​ទីក្រុង Torreon រដ្ឋ Coahuila ប្រទេស​ម៉ិកស៊ីកូ ដ៏​គួរ​ឲ្យ​អាណិត​រូប​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ថែ​ទាំ បន្ទាប់​ពី​ម្តាយ និង​អ្នក​មើល​ថែ​នាង អះ​អាង​ថា រូប​ថត​ដែល​បាន​បង្ហោះ គឺ​គ្រាន់​តែ​ជា​ការ​លេង​សើច រវាង​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ។ រូប​ថត​នោះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ បន្ទាប់​ពី​មាន​ការ​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

 

Alexa Contreras Mendez ម្ចាស់​គណនី ដែល​បាន​បង្ហោះ​រូប​ថត​ខាង​លើ​បន្ត បាន​ដាក់​បណ្ដឹង​ផ្លូវ​ការ​មួយ ទាម​ទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​សកម្មភាព ចំពោះ​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​នេះ។ ក្រោយ​មក ក្រុម​ព្រះរាជអាជ្ញា​បាន​ធ្វើ​ការ​តាម​ដាន និង​រក​ឃើញ​ស្ត្រី​ជា​អ្នក​ថត​រូប​នោះ ដោយ​នាង​គឺ​ជា​មិត្ត​ភក្តិ របស់​ម្ដាយ​ក្មេង​ស្រី ដែល​បាន​ជួយ​មើល​ថែ​នាង ពេល​ដែល​ស្ត្រី​ជា​ម្ដាយ​ជាប់​រវល់​ធ្វើ​ការ។

 

ស្រ្តី​ជា​ម្តាយ និង​មិត្តភ័ក្ដិ បាន​ប្រាប់​អាជ្ញាធរ​ម៉ិកស៊ីកូ​ថា វា​គ្រាន់​តែ​ជា​ការ​លេង​សើច​ប៉ុណ្ណោះ ប៉ុន្តែ​អាជ្ញាធរ​បាន​និយាយ​ថា វា​គឺ​ជា​ករណី​នៃ​ការ​ធ្វេសប្រហែស ហើយ​ខាង​អាជ្ញាធរ​សម្រេច​ចិត្ត នាំ​ក្មេង​ស្រី​រូប​នោះ​ទៅ​កាន់​មណ្ឌល​ថែ​ទាំ​វិញ។ អាជ្ញាធរ​បាន​ព្រមាន​ថា ការ​លេង​សើច ដែល​ទាក់​ទង​ទៅ​នឹង កុមារ ឬ មនុស្ស​វ័យ​ជំទង់ ឪពុក​ម្តាយ​ត្រូវ​ទទួល​ខុស​ត្រូវ និង​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៀត​ផង៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail