ប្រជាពល​​​រដ្ឋ​​​ និង​​​អាជីវកម្ម​​​មួយ​​​ចំនួន​​​នៅ​​​រាជធានីភ្នំពេញ​​​ជំពាក់​​​ថ្លៃ​​​សេវាប្រមូល​​​សំរាម​​​១០លាន​​​ដុល្លារ​​​

ក្រុមហ៊ុនគ្រប់គ្រងសំរាមតែមួយគត់ក្នុងរាជធានីបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនិងអាជីវកម្មមួយចំនួនជំពាក់ថ្លៃប្រមូលសំរាមជាង១០លានដុល្លារគិតតាំងពីឆ្នាំ២០០៣មក។ យោងតាមលោក អិុត ចន្តា ប្រធានប្រតិបត្តិការ និងទំនាក់ទំនងអតិថិជនរបស់ក្រុមហ៊ុនសីុនទ្រី ជាក្រុមហ៊ុនកាណាដាដែលទទួលសិទ្ធិផ្តាច់មុខក្នុងការប្រមូលសំរាមក្នុងរាជធានីបានឲ្យដឹងថា អតិថិជនជាច្រើនបង់តែថ្លៃភ្លើងលើវិក្កយបត្រប្រចាំខែរបស់ខ្លួនតែប៉ុណ្ណោះដែលមានទាំងការគិតថ្លៃភ្លើងនិងថ្លៃសំរាម។ លោកបាននិយាយបន្ទាប់ពីជំនួបរវាងក្រុមហ៊ុនសីុនទ្រី និងសាលារាជធានីកាលពី ម្សិលមិញថា ដោយសារអគ្គិសនីកម្ពុជាជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរបស់រដ្ឋទទួលយកការបង់ថ្លៃអគ្គិសនីនោះ អតិថិជនមួយចំនួនមិនបានបង់ថ្លៃសំរាមរបស់ខ្លួនរយៈពេល១៥៦ខែជាប់ៗគ្នា ឬ១៣ឆ្នាំ។ លោកបានថ្លែងថា មិនដូចការប្រើប្រាស់ផ្សេងៗទៀតឡើយ ក្រុមហ៊ុនសីុនទ្រីមិនអាចបដិសេធមិនប្រមូលសំរាមពីអតិថិជនដែលមិនបានបង់ប្រាក់ឡើយ។ លោកបានបន្ថែមថា “ប្រសិនបើយើងមិនប្រមូលសំរាមពីកន្លែងរបស់ពួកគាត់ទេនោះ ពួកគាត់យកសំរាមទៅបោះចោលនៅកន្លែងផ្សេង ធ្វើឲ្យកាន់តែលំបាកដល់ពួកយើងថែមទៀត”។ លោក អិុត ចន្តា បានថ្លែងថា អតិថិជនដែលបង់ប្រាក់យឺតយ៉ាវ ត្រូវបានផ្ញើលិខិត ឬបុគ្គលិកទៅជួបផ្ទាល់ តែលោកបានបដិសេធមិននិយាយថា តើក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់ដល់អ្នកដែលនៅតែមិនព្រមបង់ប្រាក់ឬយ៉ាងណានោះឡើយ។ ក្រុមហ៊ុនសីុនទ្រីជាគោលដៅនៃការត្អួញត្អែរជាញឹកញាប់អំពីគំនរសំរាមគរដូចភ្នំក្នុងរាជធានី ហើយកាលពីឆ្នាំមុន មន្ត្រីសាលារាជធានីបានរិះគន់ក្រុមហ៊ុននេះពីការមិនប្រមូលសំរាមតាមដងផ្លូវ ថែមទាំងស្នើឲ្យពិនិត្យមើលកិច្ចសន្យាក្រុមហ៊ុននេះទៀតផង។ លោក អិុត ចន្តា ថ្លែងថា អតិថិជនជាច្រើន ក៏បានត្អួញត្អែរអំពីតម្លៃសេវាដែលពួកគាត់ត្រូវបង់ផងដែរ។ ប្រជាពលរដ្ឋបង់ប្រហែល១ដុល្លារក្នុងមួយខែ ចំណែកអាជីវកម្មនានាបង់ប្រហែល២៥ដុល្លារ។ លោកបានថ្លែងថា”ក្រុមហ៊ុនមួយចំនួនគិតថា តម្លៃនេះខ្ពស់ណាស់ ហើយមិនសមាមាត្រទៅនឹងចំនួនសំរាមដែលពួកគេបោះចោលឡើយ”។ លោក Geoffroy Belourme ជនជាតិបារាំងជាម្ចាស់បារ Blue Dragon ដែលមើលឃើញពីព្រះបរមរាជវាំងបាននិយាយថា លោកបានបង់ប្រាក់៣០ដុល្លារក្នុងមួយខែ ហើយមិនចង់បង់លើសពីនេះទេ ពីព្រោះសំរាមរបស់លោកភាគច្រើនលោកយកមកប្រើប្រាស់ឡើងវិញ។ លោកបានថ្លែងថា “យើងមិនបង់លើសពីនេះទេ ពីព្រោះពួកគេមិនបានសម្អាត ចិញ្ចើមផ្លូវឡើយ។ នៅប្រទេសបារាំង ក្រុមហ៊ុនប្រមូលសំរាម ប្រមូលសំរាមរួចសម្អាតចិញ្ចើមផ្លូវទៀត”។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងពីជំនួបកាលពី ម្សិលមិញថា ជាផ្នែកមួយនៃដំណើរដែលកំពុងតែបន្តដើម្បីការបន្តកិច្ចសន្យារវាងក្រុមហ៊ុនសិុនទ្រី និងខណ្ឌទាំង១២ក្នុងរាជធានី។ លោកបានថ្លែងថា ក្រុមហ៊ុនសិុនទ្រីបានលើកឡើងពីការបង់ប្រាក់យឺតយ៉ាវនេះ ប៉ុន្តែ មិនមានការពិភាក្សាហ្មត់ចត់អំឡុងជំនួបនោះឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ Michael Dickison) © 2016, ខេមបូឌា […]

The post ប្រជាពល​​​រដ្ឋ​​​ និង​​​អាជីវកម្ម​​​មួយ​​​ចំនួន​​​នៅ​​​រាជធានីភ្នំពេញ​​​ជំពាក់​​​ថ្លៃ​​​សេវាប្រមូល​​​សំរាម​​​១០លាន​​​ដុល្លារ​​​ appeared first on The Cambodia Daily.