មក​តវ៉ា​មុខ​សាលាខេត្ត​រឿង​ទិញ​ខ្សាច់​ថោក​គេ​ចាប់​រថយន្ត

មក​តវ៉ា​មុខ​សាលាខេត្ត​រឿង​ទិញ​ខ្សាច់​ថោក​គេ​ចាប់​រថយន្ត



ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ប្រមាណ​ជាង​២០​នាក់ បាន​បើករថយន្ត​ជាង​២០​គ្រឿង មក​ឈប់​ព្រោងព្រាត​មុខ​សាលាខេត្ត ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​ក្រុមហ៊ុន​អាជីវកម្ម​បូម​ខ្សាច់​មួយ​ឈ្មោះ​នួន សា​រុំ ដោយ​ចោទ​ថា បាន​ធ្វើបាប​ពួក​គេ​ជា​អ្នក​ដឹក​ខ្សាច់ ដោយសារ​តែ​ការ​ចាប់​ឃាត់​រថយន្ត​ដឹក​ខ្សាច់​របស់​ពួក​គេ ដែល​មិន​ព្រម​ទិញ​ខ្សាច់​ពី​ក្រុមហ៊ុន​របស់​ខ្លួន ហើយ​ទៅ​លួច​ដឹក​ខ្សាច់​ពី​កន្លែង​ផ្សេង​យក​មក​លក់​ក្នុង​ក្រុង​កំពង់ឆ្នាំង ។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ។ ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​អា​ជីរ​កម្ម​ទាំងនោះ​បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​១៤ កញ្ញា​ក្រុមហ៊ុន នួន សា​រុំ បាន​ចាប់​ឃាត់ រថយន្ត​មួយ​គ្រឿង​របស់​ឈ្មោះ ហឿ​ន ចាន់​លី និង​បាន​ឃាត់​ម៉ាស៊ីន មួយ​គ្រឿង​របស់​ឈ្មោះ យី​ម វី​ណា ផង​ដែរ ខណៈ​ដែល​ពួក​គេ​កំពុង​បូម និង​ដឹក​ខ្សាច់​នៅ​ភូមិ​ក្រាំង​ស្គា ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស និង​បាន​យក​មធ្យោបាយ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​កងរាជអាវុធហត្ថ​ខេត្ត ។

ក្រុម​អ្នក​ដឹក​ខ្សាច់​ទាំងនោះ បាន​លើក​ឡើង​ថា ពួក​គាត់​បាន​ទៅ​ទិញ​ខ្សាច់​ពី​កន្លែង​ឆ្ងាយ​ជាង​៣០​គីឡូម៉ែត្រ ក្នុង​១​រថយន្ត​ថ្លៃ​៤​ម៉ឺន​រៀល និង​បាន​យក​មក​លក់​នៅ​ក្រុង​កំពង់ឆ្នាំង ក្នុង​១​រថយន្ត​លក់​បាន​១០​ម៉ឺន​រៀល ផាត់​ថ្លៃ​ប្រេង​ទៅ​គ្មាន​សល់​ប៉ុន្មាន​ទេ ពេល​ខ្លះ​ជាប់ផុង ចាក់ចោល​ខ្សាច់​ក៏​មាន​ដែរ ។ ប៉ុន្តែ​បើ​ទៅ​ទិញ​ខ្សាច់​ពី​ក្រុមហ៊ុន នួន សា​រុំ វិញ គឺ​១​រថយន្ត ១០​ម៉ឺន​រៀល គាត់​លក់​ម៉េច​បាន​ចំណេញ ម្ល៉ោះហើយ​ចេះ​តែ​នាំ​គ្នា​ទៅ​ដឹក​ពី​ឆ្ងាយ​ដើម្បី​សល់​ប្រាក់​ខ្លះ​ចិញ្ចឹម​ប្រពន្ធ​កូន ។

ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​បាន​បញ្ជាក់​ថា ពេល​គាត់​ខំ​ទៅ​ទិញ​ពី​ឆ្ងាយ​បាន​ថោក យក​មក​លក់​ឱ្យ​ប្រជាពលរដ្ឋ​ក៏​បាន​ថោក​ដែរ ដូច្នោះ​ពួក​គាត់​មកនេះ គឺ​មក​សុំ​ឱ្យ​លោក​អភិបាលខេត្ត មេត្តា​ជួយ​ពួក​គាត់​ផង និង​សូម​ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​រថយន្ត​១​គ្រឿង និង​ម៉ាស៊ីន​២​គ្រឿង ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចាប់​នោះ​ផង​ដែរ ។                                                                                                                                 

ដោយឡែក លោក នួន សា​រុំ ម្ចាស់​អាជីវកម្ម​ខ្សាច់​វិញ​បាន​បដិសេធ​ថា មិនមែន​គាត់​អ្នក​ចាប់​ទេ គឺ​ខាង​មន្ទីរ​ជំនាញ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ជា​អ្នក​ចាប់ ។ ចំណែក​ក្រុមហ៊ុន​លោក​គ្រាន់តែ​ជា​អ្នកមាន​អាជ្ញាប័ណ្ណ​អាជីវកម្ម និង​គ្រាន់តែ​បាន​ជួយ​មធ្យោបាយ​ដឹក​ជញ្ជូន​មក​ដាក់​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ប៉ុណ្ណោះ សូមកុំ​យល់​ច្រឡំ​ថា​គាត់​ជា​អ្នកចាប់ ។                                                                          

ជុំវិញ​បញ្ហា​នេះ​លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​ប្រាប់​ថា មិនមែន ម្ចាស់​អាជីវកម្ម​លោក នួន សា​រុំ ទៅ​ចាប់​ទេ ដោយសារ​ក្រសួង​ចេញ​គោលការណ៍​ឱ្យ​មន្ទីរ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​អត់​ច្បាប់ ដោយ​អនុវត្ត​ទូ​ទាំង​ប្រទេស សហការ​ជាមួយ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ។ ចំណែក​មន្ទីរ​បាន​សហការ​ជាមួយ កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ត្រួតពិនិត្យ​កន្លែង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​អត់​ច្បាប់ ។ លើក​ទី​១ និង​លើក​ទី​២ មន្ទីរ​បាន​អប់រំ​ណែនាំ​ដល់​ពួក​គាត់​ហើយ​នៅ​តែ​មិន​ស្តាប់ លើក​ទី​៣​ទើប​សហការ​ជាមួយ​អ្នកមាន​អាជ្ញាប័ណ្ណ ដើម្បី​ចូលរួម​ចាប់​ឃាត់​មក​ធ្វើ​កំណត់ហេតុ អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា រួច​នឹង​ប្រគល់​មធ្យោបាយ​ឱ្យ​ពួក​គាត់​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ។ ក្នុង​នោះ​ផង​ដែរ ក្រុម​អ្នក​តវ៉ា​ទាំងអស់ នឹង​ត្រូវ​ប្រជុំ​អប់រំ​ណែនាំ​ពួក​គាត់ នៅ​រសៀល​នេះ​ដែរ ដោយ​បញ្ជាក់​ប្រាប់​គាត់​ថា បើ​មាន​លើក​ទៅ​៤ និង​ចាត់ការ​តាម​ផ្លូវច្បាប់​បញ្ជូន​ទៅ​តុលាការហើយ ៕