​គ្រូ​ជំនួយ​ថា​ U19 កម្ពុជា​ពេញ​ដោយ​កម្លាំង​ចិត្ត​១០០​%​ប៉ះ​ថៃ​ល្ងាច​​នេះ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ (U19)​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​នេះ​​ក្នុង​​​ការ​ប្រកួត​លើក​ទី​៣​ដូច​គ្នា​នៅ​ក្នុង​ពូល​ B​ នៃ​ពាន​រង្វាន់​ AFF U19 Youth Championship 2016 នៅ​ប្រទេស​វៀតណាម​ដែល​ផ្សាយ​ផ្ទាល់​ដោយ BTV។

 

លោក​ ស៊ុំ វណ្ណា​ គ្រូ​ជំនួយ​ជម្រើស​ជាតិ​ U19 កម្ពុជា​ បាន​ប្រាប់​ពី​វៀតណាម​ថា​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ឡាវ​ដោយ​លទ្ធផល​ ៣-០ កាល​ពី​ពីរ​ថ្ងៃ​មុន​មក​ ក្រុម​ U19 កម្ពុជា​កំពុង​មាន​កម្លាំង​ចិត្ត​​​ពេញ​១០០​%​សម្រាប់​ការ​ប្រកួត​លើក​ទី​៣​ដែល​ជួប​នឹង​ក្រុម​ខ្លាំង​ U19 ថៃ។

 

​គ្រូ​ជំនួយ​ថា​ U19 កម្ពុជា​ពេញ​ដោយ​កម្លាំង​ចិត្ត​១០០​%​ប៉ះ​ថៃ​ល្ងាច​​នេះ​ ក្រុម​ U19 កម្ពុជា

 

លោក​បន្ត​ទៀត​ថា​ ក្រៅ​ពី​មាន​កម្លាំង​ចិត្ត​​តាម​រយៈ​ជ័យជម្នះ​​កន្លង​​មក​ ក្រុម​កម្ពុជា​ក៏​រឹត​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត​ដោយ​​អ្នក​គាំទ្រ​កម្ពុជា​នៅ​ប្រទេស​វៀតណាម​នឹង​ទៅ​គាំទ្រ​​ក្រុម​កម្ពុជា​ដល់​ទី​លាន​​កាន់​តែ​ច្រើន​​ជាង​​លើក​មុន។ នេះ​ជា​កម្លាំង​ចិត្ត​ដ៏​ល្អ​សម្រាប់​ក្រុម​ទាំង​មូល។ គ្រូ​​ជំនួយ​​រូប​នេះ​បាន​ប្តេជ្ញា​ចិត្ត​ថា​ ក្រុម​ទាំង​មូល​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​​ក្នុង​ការ​ប្រកួត​ល្ងាច​នេះ​ដើម្បី​​ជាតិ​ និង​ប្រជា​ជន​កម្ពុជា​ទាំង​មូល។

 

ពាក់​ព័ន្ធ​នឹង​កីឡាករ​វិញ​ លោក​ ស៊ុំ វណ្ណា​ ប្រាប់​ថា​ គ្មាន​កីឡាករ​ណា​ម្នាក់​របួស​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​ ប៉ុន្តែ​​​​កីឡាករ​​ខ្លះ​នៅ​មាន​ឈឺ​សាច់​ដុំ​​តិច​តូច​ ដោយ​សារ​ពួក​គេ​ធ្វើ​ការ​ខ្លាំង​ពេល​ប្រកួត​ជា​មួយ​ឡាវ។ សម្រាប់​សមាសភាព​នៅ​លើ​ទី​លាន​វិញ ល្ងាច​នេះ​ក៏​មិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ឡើយ។

 

ពីរ​ប្រកួត​កន្លង​មក​ កម្ពុជា​រក​បាន​៣​ពិន្ទុ​តាម​រយៈ​ការ​ចាញ់​អូស្ត្រាលី​ ០-២ និង​ឈ្នះ​ឡាវ​ ៣-០ ខណៈ​​ថៃ​​មាន​៦​ពិន្ទុ​ពី​ការ​ប្រកួត​ឈ្នះ​ទាំង​ពីរ​ប្រកួត​ក្នុង​នោះ​ឈ្នះ​ឡាវ​ ២-១ និង​ឈ្នះ​ឥណ្ឌូណេស៊ី​៣-២។ ទាំង​កម្ពុជា​ និង​ថៃ​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​