ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រកាសថានឹងដំឡើងថ្លៃប្រេងវិញបើរុស្ស៊ីឈប់ផ្តល់ជំនួយដល់ស៊ីរី

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រកាសថានឹងដំឡើងថ្លៃប្រេងវិញបើរុស្ស៊ីឈប់ផ្តល់ជំនួយដល់ស៊ីរី
សារព័ត៌មាន New York Times បាន ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រយៈ ពេលកន្លងមកប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានស្នើជាច្រើនលើករួចមកហើយឲ្យរុស្ស៊ីបញ្ចប់ការផ្តល់ជំនួយដល់មេដឹកនាំស៊ីរី លោក អាល់អាសាដ ជាថ្នូរនឹងការដោះដូរកាត់បន្ថយការផលិតប្រេងដើម្បីជួយឲ្យ តម្លៃប្រេងពិភពលោកឡើងថ្លៃដូចដើមវិញ ជួយកាត់បន្ថយការខាតបង់របស់រុស្ស៊ី ។

អារ៉ាប៊ីសាអ៊ូឌីតនិងអាមេរិកបានខិតខំឲ្យប្រធានាធិបតីស៊ីរីចុះចេញពីតំណែង ដើម្បីបញ្ចប់អំពើហិង្សាសង្គ្រាមស៊ីវិលដែល អូសបន្លាយ។ ប៉ុន្តែដោយមានការជួយជ្រោម ជ្រែងពីប្រទេសរុស្ស៊ី ទើបប្រធានាធិបតី អាល់អាសាដ រក្សាតំណែងបានរហូតមក ទល់ពេលនេះ។ ការដាក់គំនាបរបស់អាមេរិកនិងសម្ពន្ធមិត្តអារ៉ាប់អាចធ្វើឲ្យរុស្ស៊ីកែប្រែគោលជំហរបញ្ចប់ការគាំទ្រដល់ស៊ីរីក៏ដូចជាក្រុមផ្តាច់ទឹកដីនិយមនៅអ៊ុយក្រែន។

សកម្មភាពខាងលើរបស់អាមេរិកនិងសម្ពន្ធមិត្តបានបង្ហាញយ៉ាងច្បាស់ថា ប្រសិន បើរុស្ស៊ីនៅតែមានសកម្មភាពខាងលើនឹង ត្រូវប្រឈមការខាតបង់ជាបន្តទៀត។ នៅពេលនេះរុស្ស៊ីកំពុងប្រឈមនូវវិបត្តិយ៉ាងខ្លាំង បើមិនផ្លាស់ប្តូរឥរិយាបទថទេនោះនឹង លង់ក្នុងវិបត្តិកាន់តែជ្រៅមិនអាចងើបរួច។

កន្លងមកថ្មីៗធនាគារកណ្តាលរបស់ រុស្ស៊ីបានបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងខាតបង់ ទឹកប្រាក់ប្រមាណ១៦០ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅលើការនាំចេញប្រេងនៅក្នុងមួយឆ្នាំៗ ប្រសិនបើតម្លៃរបស់វា នៅតែស្ថិតក្នុងកម្រិតទាបបំផុតគឺ៤៥ដុល្លារ ក្នុងមួយបារ៉ែលនោះ ។

លោកស្រី អ៊ែលវ៉ឺរ៉ា ណាប៊ូលីណា ប្រធាន ធនាគារកណ្តាលរុស្ស៊ីថា “ការធ្លាក់ចុះនៃ តម្លៃប្រេងពី១០០ដុល្លារទៅ៤៥ដុល្លារឬទាបជាងនេះទៀតក្នុង១បារ៉ែលនោះ បើ តាមការគណនារបស់យើងវានឹងនាំឲ្យប្រាក់ ចំណូលបានមកពីការនាំចេញប្រេងនេះខាត បង់យ៉ាងអាក្រក់រហូតដល់១៦០ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយឆ្នាំ”។

លោកស្រីបន្តទៀតថា វាពិតជាការខាត បង់ដ៏ធំធេងណាស់ ហើយគ្រប់គ្នាដឹងហើយ ថា ការនាំចេញសរុបរបស់រុស្ស៊ីកន្លងមក បានគិតជាទឹកប្រាក់ប្រមាណ៥០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយការធ្លាក់ ចុះនៃតម្លៃប្រេងដ៏គំហុកនេះវានឹងផ្តល់ផលប៉ះពាល់យ៉ាងសម្បើមដល់ស្ថិរភាពនៃការចំណាយព្រមទាំងសេដ្ឋកិច្ចរុស្ស៊ីទាំងមូល។

ក្រុមអ្នកវិភាគយល់ឃើញថា ទាំងនោះជាស្នាដៃរបស់លោកពូទីនតែមួយគត់ដែល បានធ្វើឲ្យសេដ្ឋកិច្ចជាតិប្រឈមវិបត្តិយ៉ាងខ្លាំង។ ប្រសិនបើលោកពូទីនមិនកែប្រែនយោបាយឲ្យបានសមស្របទេនោះនឹង ត្រូវប្រវត្តិសាស្ត្ររុស្ស៊ីចារទុកថា ជាមេដឹក នាំដែលមានឥអទ្ធិពលបំផុតលើពិភពលោក ក៏ជាបុគ្គលធ្វើឲ្យរុស្ស៊ីជួបនឹងវិបត្តិសេដ្ឋកិច្ច។

នៅក្នុងកិច្ចប្រជុំ G-20 នាពេលកន្លង មករុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីតបានឯកភាពគ្នាកាត់បន្ថយការផលិតប្រេងដើម្បីធ្វើឲ្យ តម្លៃប្រេងឡើងថ្លៃវិញ។ ប៉ុន្តែតម្លៃប្រេងឡើងថ្លៃវិញនោះមិនមែនជាពេលនេះឡើយគឺត្រូវចំណាយពេលជាយូរទៀត។ ទាំងនោះហើយធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែដុនដាបថែមទៀត។

មួយវិញទៀតការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារមិនខ្វះឡើយជាហេតុធ្វើឲ្យតម្លៃឡើង ថ្លៃមិនរួចក្នុងនោះមានប្រទេសអីុរ៉ង់កំពុងតែសម្រុកនាំប្រេងចេញក្រោយពេលខកខានយ៉ាងយូរដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រកាសថានឹងដំឡើងថ្លៃប្រេងវិញបើរុស្ស៊ីឈប់ផ្តល់ជំនួយដល់ស៊ីរី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: