រក​ឃើញ​​​អតិថិជន​​ដែល​ទិញ​ iPhone 7 ដំបូង​គេ​ក្នុង​លោក​

សិស្ស​​​អូស្ត្រាលី​ប្រាំ​រូប​បាន​ក្លាយ​ជា​អតិថិជន​ដំបូង​គេ​ក្នុង​លោក​ដែល​មាន​ iPhone 7 កាន់​នៅ​ក្នុង​ដៃ បន្ទាប់​ពី​ការ​ដាក់​លក់​ iPhone ជំនាន់​ថ្មី​បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​នៅ​ប្រទេស​អូស្ត្រាលី​នា​ថ្ងៃ​នេះ។

 

រក​ឃើញ​​​អតិថិជន​​ដែល​ទិញ​ iPhone 7 ដំបូង​គេ​ក្នុង​លោក​

 

សិស្ស​ទាំង​ប្រាំ​នាក់​​មាន​ឈ្មោះ​ Bishoy Behman, Mazen Kourouche, Marcus Barsoum, Matthew Alvarez, និង​ Paul Behman ដែល​ពួក​គេ​បាន​ដាក់​វេន​គ្នា​តម្រង់​ជួរ​ចាំ​ទិញ​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​មក​ម្ល៉េះ។ តាម​ពិត​ទៅ​គោល​បំណង​របស់​ពួក​គេ​​គឺ​ចង់​ទិញ​ iPhone 7 Plus ពណ៌​ខ្មៅ​រលោង​ឲ្យ​បាន​មុន​គេ​ ប៉ុន្តែ​ដោយ​សារ​អស់​ពី​ស្តុក​ ទើប​បង្ខំ​ចិត្ត​ទិញ​យក​ iPhone 7 វិញ។

 

ទោះ​ខក​បំណង​បន្តិច​ក្ដី​ប៉ុន្តែ​អ្នក​ទាំង​ប្រាំ​បាន​ដើរ​ចេញ​ពី​ហាង​ដោយ​ម្នាក់ៗ​បាន​នាំ​យក iPhone 7 ពីរ​គ្រឿង​ទៅ​ជា​មួយ ព្រម​ទាំង​ទទួល​បាន​​ Apple Gift Card ១០០ ដុល្លារ​​ពី​ហាង​ Apple ផ្ទាល់​ផង​ដែរ។

 

រំលឹក​ថា​​ការ​ដាក់​លក់​ iPhone ជំនាន់​ថ្មី​ដំបូង​គេ​បាន​ចាប់​ផ្ដើម​នៅ​ហាង​ Apple នៃ​វិថី​ George St នា​​​ទីក្រុង​​ស៊ីដនី​ ប្រទេស​អូស្ត្រាលី ហើយ​នឹង​បន្ត​ដាក់​លក់​នៅ​តំបន់​ធំៗ​ជា​ច្រើន​ទៀត​​នា​ម៉ោង​បន្ត​បន្ទាប់៕​​​​

 

​ចុច​អាន៖ អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ iPhone 7 Plus ខក​ចិត្ត​ព្រោះ​ផលិតផល​អស់​ពី​ស្តុក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors