ប្រជា​សហគមន៍​នៅតែ​ព្រួយបារម្ភ​ចំពោះ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ នៅតែ​កើតឡើង​យ៉ាង​រាលដាល​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ និង​តំបន់​ជាប់​ព្រំប្រទល់​រវាង​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ពុំមាន​លទ្ធភាព​ក្នុងការ​បង្ក្រាប​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្រោយពេល​ព្រៃ​ឡង់​ត្រូវ​បានដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល​។ សកម្មភាព​កាប់​ឈើ​នៅតែមាន​ទ្រង់ទ្រាយ​ធំ​ខុសពី​អ្វីដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្យាយាម​បិទបាំង​ការពិត​នាពេល​កន្លងមក​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដងកាំបិត និង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា ព្រៃ​ឡង់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ ពុំមាន​លទ្ធភាព​បង្ក្រាប​បទល្មើស​ដែល​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ​នោះឡើយ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​យួន​ឈ្មោះ ធី​ង៉ា បាន​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ក្រៅ​បរិវេណ​ដី​សម្បទាន​របស់ខ្លួន ហើយ​ដឹក​ចូលក្នុង​បរិវេណ​ដី​ក្រុមហ៊ុន បន្ទាប់មក​ក៏​ដឹក​ចេញ​តាម​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​តូចៗ និង​គោយន្ត​ច្នៃ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រជា​សហគមន៍​ឃុំ​ដងកាំបិត និង​ឃុំ​មាន​រិ​ទ្ធ បាន​ឲ្យ​ដឹងថា គ្រាន់តែ​ពីថ្ងៃ​ទី​០៨​ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ពួកគាត់​សង្កេតឃើញ​មាន​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​តូចៗ និង​គោយន្ត​ច្នៃ​ដឹកឈើ​ចេញពី​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ធី​ង៉ា មិនតិចជាង​១០០០​ម៉ែត្រគូប​នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បទល្មើស​កា​ប់​ឈើ​ក្នុងព្រៃ​ឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ឈ្មួញ​និង​ក្រុមហ៊ុន​បាន​ជួល​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់ ដោយ​ទទួលបាន​កម្រៃ​ក្នុង​១​ម៉ែត្រគូប​ពី​១០​ទៅ​២០​ម៉ឺន​រៀល​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​យួន​បាន​ដើរ​ប្រមូល​ទិញ​ដើម​ច្បោះ​ជ័រ​ធំៗ​ឬ​ដើម​ឈើទាល​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​បើ​ប្រជាពលរដ្ឋ​មិន​ព្រម​លក់​ទេនោះ គឺ​គេ​ប្រើ​អំណាច​បំពាន​កាប់​យកតែ​ម្តង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ធី​ង៉ា ពុំមាន​ឈើ​នៅ​សេះសល់​ទៀត​ទេ គឺ​គេ​កាប់​ឈើ​នៅ​ខាងក្រៅ​បរិវេណ​ដី​សម្បទាន​យ៉ាង​គឃ្លើន​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​ចំពោះ​បទល្មើស​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែល​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល ព្រោះ​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ គ្មាន​សមត្ថភាព​បង្ក្រាប​បទល្មើស​ឡើយ​៕

7c94f648-5b18-4b40-9cad-e8a82ad3bfa8_w987_r1_s f3cd08ab-97ff-48e0-a2ed-8f07b0fa338a 534d8a2b-fa45-4e2b-ac9d-447969e41c29