សូម្បីតែ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ

​ថ្មីៗ​នេះ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងខណៈដែល​ស្ថានភាព​នយោបាយ​កម្ពុ​ជាមាន​ភាព​តានតឹង ហើយ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង ជាងនេះទៅទៀត​អំពើ​រំលោភសិទ្ធិ​មនុស្ស​មា​នស​ភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោកស្រី អេ​រី កា​នី​កូ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ថា លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​វិវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក បាន គី​មូ​ន បាន​អំពាវនាវ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​នៅ​កម្ពុជា រួមទាំង​សិទ្ធិ​ជួបជុំ សិទ្ធិ​តវ៉ា​បញ្ចេញមតិ​ដោយ​អហិង្សា​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ លោក ភី​ល រ៉ូបឺត​សុន នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី បាន​រិះគន់​ខ្លាំងៗ​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ ហើយ​គំរាម​កម្ទេច​គម្រោង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ភី​ល រ៉ូបឺត​សុន បាន​ថ្លែងថា នេះ​ជា​គោលនយោបាយ​របស់​គណ​បក្ស​គ្រប់គ្រង​ប្រទេស ដើម្បី​កម្ចាត់​គណបក្សប្រឆាំង​និង​សកម្មជន​នានា​ដែល​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​ព្យាយាម​ចល័ត​កម្លាំងប្រដាប់អាវុធ​។ លោក​បាន​កត់សម្គាល់ថា​«​ខ្ញុំ​គិតថា​វា​ដល់​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួលស្គាល់ថា​ជា​ល្បែង​ក្នុងការ​ព្យាយាម​កម្ចាត់​គ​ណ​បក្សប្រឆាំង​តាមរយៈ​ការប្រើប្រាស់​វិធី​គំរាមកំហែង ការគ្រប់គ្រង​កម្លាំង​សន្តិសុខ ការគ្រប់គ្រង​តុលាការ គឺ​ត្រូវ​សហគមន៍​អន្តរជាតិ​មើលឃើញ​អស់ហើយ គឺថា​នោះ​ជាការ​ធ្លាក់​ចូលទៅក្នុង​អំណាច​ផ្ដាច់ការ​នៃ​ប្រទេស​កម្ពុជា​»​។

លោក ភី​ល រ៉ូបឺត​សុន នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី បាន​រិះគន់​ចំៗ​ថា តុលាការ​បាន​បង្កើត​ការចោទប្រកាន់​តាមបែប​ប្រឌិត​លើ​លោក កឹម សុខា និង​ក្រុមប្រឆាំង​ដែល​បញ្ហា​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ទម្លាក់ចោល​ហើយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ ទន្ទឹមនឹងនេះ​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា ដំណើរការ​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​កំពុង​ធ្លាក់ចុះ ហើយ​ស្ថានភាព​នយោបាយ​នៅតែ​បន្ត​តានតឹង​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​កត់សម្គាល់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​រក្សា​អំណាច ក្នុងខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​បាត់បង់​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។

គួរ​រំលឹក​ដែរ​ថា ថ្មីៗ​នេះ​មាន​សេចក្ដីប្រកាស​រួម​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​តំណាង​៣៦​ប្រទេស​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​នេះ​បានលើកឡើង​ពី​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា ជាពិសេស​ការគំរាមកំហែង​ទៅលើ​គណបក្សជំទាស់ និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះដែរ សហគមន៍​អន្តរជាតិ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ឡើងវិញ​នូវ​ការសន្ទនា​នយោបាយ និង​ធានា​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ ជាពិសេស​សិទ្ធិសេរីភាព​ពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ​ដែលជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​៕

2011-06-21t192559z_1890934157_gm1e76m09ox01_rtrmadp_3_un-election

លោក បាន គិមូន  phil_robertson_02_620_391_100

លោក ភីល រ៉ូបឺតសុន chanroth-402 13312639_812455998856465_4747350106405745376_n