លោក សម រង្ស៊ី បញ្ជាក់ថា ខ្មែរ​មិនអាច​នៅ​ស្ងៀម​ទេ​នៅពេលដែល​មានការ​គាបសង្កត់​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ចុង​សប្តាហ៍​នេះ បាន​បញ្ជាក់ថា នៅពេលដែល​មានការ​គាបសង្កត់​កាន់តែខ្លាំង​ឡើងៗ អ្នក​ដែល​រងគ្រោះ​ពី​ការគាបសង្កត់​មិនត្រូវ​នៅ​ស្ងៀម​ឲ្យ​គេ​គាបសង្កត់​តាម​អំពើ​ចិត្ត​នោះទេ គឺ​ត្រូវតែមាន​ការរើបម្រះ​ដើម្បី​សិទ្ធិសេរីភាព​។ ដូចនេះ​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុងតែ​រង​ការគាបសង្កត់ និង​ធ្វើទុក្ខបុកម្នេញ ដូចនេះ​ខ្មែរ​គ្រប់រូប​ត្រូវតែ​រើបម្រះ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ពេញលេញ ពិសេស​សិទ្ធិ​នយោបាយ និង​ជំរុញ​ឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​មាន​ភាពរលូន​ល្អ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា បើទោះជា​សព្វថ្ងៃនេះ ប្រទេស​កម្ពុជា​មិនមាន​ការកាប់សម្លាប់​ជាក់ស្តែង​ដូច​ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​របប​ខ្មែរក្រហម​ក៏ដោយ ក៏​ខ្មែរ​គ្រប់រូប​មិនបាន​រស់នៅ​ដោយ​សុខ​ស្រួល និង​មាន​ភាពសម្បូររុងរឿង​នៅឡើយ​ទេ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា គេ​មិន​យក​បងប្អូន​ខ្មែរ​ទៅ​សម្លាប់​ឆៅៗ​នោះទេ​តែ​ដីធ្លី ការងារ ជីវភាព ប្រាក់ចំណូល សេវាសាធារណៈ​សង្គម និង សិទ្ធិសេរីភាពរ​បស់បង​ប្អូន ត្រូវបាន​គេ​លួច ឆក់ ប្លន់ និង​មិនបាន​ផ្តល់​ឲ្យ​បាន​ពេញលេញ​នោះទេ​ដែល​នេះ​បង្ហាញ​ច្បាស់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រង​ការគាបសង្កត់​តាមរបៀប​ត្រជាក់ និង​គ្មាន​ការរីកចម្រើន​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា នៅពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅក្នុង​ភាពដុនដាប​ហើយ​ប្រជាពលរដ្ឋ​នៅ​ប្រទេសជិតខាង និង​ក្នុង​តំបន់​កំពុងតែ​រស់នៅក្នុង​ភាពសម្បូររុងរឿង​នោះ អ្នកកាន់អំណាច​បច្ចុប្បន្ន​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត​៤០​មកហើយ​បែរជា​ព្យាយាម​បំភ្លៃ​ការពិត​ដោយ​យក​កម្ពុជា​បច្ចុប្បន្ន​ទៅ​ប្រៀបធៀប​ជាមួយ​របប​ខ្មែរក្រហម​ដែល​កន្លង​ហួស​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​ទៅហើយ តែ​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែមាន​ភាពក្រីក្រ​លំបាក​គ្រប់យ៉ាង និង​ចំណាកស្រុក​ធ្វើជា​ពលករ​រាប់សែន​នាក់​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាន់អំណាច​បច្ចុប្បន្ន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត និង​ដឹកនាំ​ប្រទេស​លើផ្លូវ​ខុស​បានឡើយ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​ការតស៊ូ​ដោយ​អហិង្សា​តាមរយៈ​ការធ្វើ​បាតុកម្ម​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​មធ្យោបាយ​ការទូត​ដែលមាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​៕

13938452_1167150170008381_6735607151759100522_n