លក់ដាច់ពេក ភ្លេចការប្រុងប្រយ័ត្ន…

ខេត្តក្រចេះ ៖ ផ្ទះ​លក់​បាយ​ម្ហូប​កុម្ម​ង់​មួយ​កន្លែងនៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល បាន​រង​ការ​ឆាបឆេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ដោយ​ផ្តើម​មក​ពី​ផ្ទុះ​កំប៉ុង​ហ្កា​ស នៅ​ពេល​ម្ចាស់ផ្ទះ​ចម្អិនម្ហូប​លក់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។

ផ្ទះ​ឈើ​ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​១២​ម៉ែត្រ ដែល​ជា​ផ្ទះ​លក់​បាយ​ម្ហូប​កុម្ម​ង់​មួយ​ខ្នង ​ក្នុង​ចំណោម​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ម្តុំ​នោះ បាន​រង​ការ​ឆេះ​ហ្មត់​ក្លាយជា​ចំណី​ភ្លើង​បែប​នេះ​ យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

ចំពោះ​មហន្ត រាយ​នៃ​អគ្គិភ័យ​នេះ ត្រូវ​បាន​ម្ចាស់​លំនៅ​ឋាន​ឈ្មោះអិត កឺ អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ែ​ន អឿ​ន អាយុ​៦០​ឆ្នាំ ប្រាប់​នគរបាល​ថា បណ្តាល​មក​ពី​ការ​ផ្ទុះ​កំប៉ុង​ហ្ក​ស ខណៈ​ចំអិនម្ហូប​ទុក​ចោល​ដោយ​ជាប់រវល់​ទទួលភ្ញៀវ និង​បាន​ផ្ទុះ​ឆាបឆេះ​ជាមួយនឹង​ប៊ីដុង​សាំង​ជា​ច្រើន​ប៊ីដុង ដែល​ស្តុក​ទុក​សម្រាប់​លក់​នៅ​ក្បែរ​នោះ ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម ថ្លែង​ថា គ្រោះ​អគ្គិភ័យ​នេះ​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ទេ ក្រៅពី​ផ្ទះ​មួយ​ខ្នង សម្ភារ​សម្រាប់​ប្រើប្រាស់​ទាំងអស់ ម៉ូតូនិង​លុយ​មួយ​ចំនួន​ត្រូវ​ឆាបឆេះ​ខូចខាត​ទាំងស្រុង ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​ស្នួល និង​អធិការដ្ឋាន​ស្រុក​ចិត្រ​បុរី​ប្រើប្រាស់​រថយន្ត​៣​គ្រឿង​ធំ​ៗ និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត ដើម្បី​បាញ់​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆាបឆេះ​រាលដាល ៕