ត្រឹម​ថ្ងៃ​ទី​14​ កញ្ញា ចុះ​ឈ្មោះ​បោះ​ឆ្នោត​បានជាង…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ គិត​ត្រឹម​ម៉ោង​៦​នាទី​ល្ងាច មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ចំនួន​២.០២៥.៩៨០​នាក់​(​ស្រី​១.១០០.៨០៤ នាក់​) ស្មើនឹង​២១,២៤% នៅ​តាម​ឃុំ​-​សង្កាត់​ចំនួន​១.៦៣៣ ទូ​ទាំង​ប្រទេស ។

គ​.​ជ​.​ប បញ្ជាក់​ថា ពី​ថ្ងៃ​ទី​១​ដល់ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ មាន​អ្នក​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​ក្នុង​សាលាឃុំ​-​សង្កាត់​ទាំង​១.៦៣៣​ចំនួន​១.៩២៩.៣៦២​នាក់ ។ បើ​គិត​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា មាន​អ្នក​ចុះ​ឈ្មោះ​ចំនួន​ជាង​១២​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​រាល់ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ពី​លទ្ធផល​បណ្តោះអាសន្ន​របស់ គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ។

គ​.​ជ​.​ប បាន​ដំណើរការ​ចុះ​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​មាន​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​តាម​សាលាឃុំ​-​សង្កាត់​ចំនួន​១.៦៣៣​ទូ​ទាំង​ប្រទេស​កម្ពុជា​។ តាម​កម្មវិធី​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ថ្មី​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​គេ​សង្ឃឹមថា នឹង​មិន​មានឈ្មោះ​ស្ទួន ឬ​ឈ្មោះ​ខ្មោច​ដូច​មុន​ទេ ។

បញ្ជី​ឈ្មោះ​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​- សង្កាត់​អាណត្តិ​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨ ។ ពលរដ្ឋ​ដែល​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​ពេល​នេះ នឹង​មិន​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ឡើយ ។

តាម​លទ្ធផល​ចុះ​ឈ្មោះ​ដែល​ផ្សាយ​ដោយ​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៩.៦៦៤.២១៦​នាក់ ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។ ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​គិត​ត្រឹម​ថ្ងៃ​បោះ​ឆ្នោត មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ទទួលស្គាល់​ដោយ គ​.​ជ​.​ប អាច​ចុះ​ឈ្មោះ​បាន ។

ពលរដ្ឋ​ខ្មែរ​ដែល​មាន​អា​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អាច​ចុះ​ឈ្មោះ​នៅ​សាលាឃុំ​-​សង្កាត់ ដែល​ខ្លួន​រស់នៅ​ឬ​ស្នាក់​នៅ​បាន ។ មន្ត្រី គ​.​ជ​.​ប បាន​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​តែ​ម្តង ។ កាលណា​ចុះ​ឈ្មោះ​ពីរ​ដង​ម៉ាស៊ីន​កុំព្យូទ័រ​នឹង​មិន​ទទួលស្គាល់​ទេ ៕