ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ USAID ចូលរួម​ការពារ​ដើម​ច្បោះ​នៅ​កម្ពុជា

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​ជំរុញ​ឲ្យ​ទីភ្នាក់ងារ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហរដ្ឋអាមេរិក (USAID) ចូល​រួម​ក្នុង​កិច្ច​ការពារ​ដើម​ច្បោះ​នៅ​កម្ពុជា ខណៈ​ដើម​ឈើ​ប្រភេទ​ជ័រទឹក​នេះ កំពុង​រង​ការ​កាប់​បំផ្លាញ​នៅ​តាម​ព្រៃ​សហគមន៍​នានា ក្នុង​តំបន់​ព្រៃឡង់ និង​ផ្គត់ផ្គង់​ឈើ​ទៅ​រោងចក្រ​អារ​ឈើ​ក្នុង​តំបន់​នោះ។

ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​អភិវឌ្ឍន៍​ដើម្បី​សន្តិភាព និង​និរន្តរភាព និង​អង្គការ​មួយ​ចំនួន​ទៀត បាន​រក​ឃើញ​ថា មេការ​ក្រុមហ៊ុន​រោងចក្រ​អារ​ឈើ​បាន​ពង្រាយ​កម្លាំង​កម្មករ​ស៊ី​ឈ្នួល​ចូល​ទៅ​កាប់​ដើម​ច្បោះ ព្រម​ទាំង​បង្ខំ​ឲ្យ​អ្នក​ភូមិ​លក់​ដើម​ច្បោះ​របស់​គេ​ក្នុង​តំលៃ​ពី ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល។

ទោះ​បី​ម្ចាស់​ដើម​ច្បោះ​ព្រម ឬ​មិន​ព្រម​ក៏ដោយ ក៏​ពួក​គេ​កាប់បំផ្លាញ​ដែរ។ ក្រុម​អង្គការ​អភិរក្ស​ព្រៃឈើ​ទាំង​នេះ​អះអាង​ថា មុខ​របរ​យក​ជ័រទឹក​ពី​ដើម​ច្បោះ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​បាន​បាត់បង់​ស្ទើរ​ទាំង​ស្រុក ខណៈ​ដើម​ច្បោះ​របស់​ពួកគេ​ត្រូវ​បាន​ក្រុមហ៊ុន​មាន​អំណាច​កាប់​អស់​ជាង ៨០​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។