ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​ខូច​ពិបាក​ធ្វើ​ដំណើរ

ពលរដ្ឋ​ឃុំ​អូរសណ្ដាន់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​ខូច​លំបាក​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ និង​ទៅ​ផ្សារ។ ក្រុម​អ្នក​ភូមិ​បារម្ភ​ថា បើ​មាន​អ្នក​ភូមិ​ឈឺ​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​នោះ អាច​នឹង​ដាច់​ខ្យល់​ស្លាប់​មុន​នឹង​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។ ប៉ុន្តែ​អាជ្ញាធរ​អះអាង​ថា ផ្លូវ​ក្រួស​ក្រហម​ដែល​កំពុង​ខូចខាត​នេះ នឹង​ត្រូវ​ស្ថាបនា​ថ្មី​ដោយ​ក្រាល​កៅស៊ូ។

អ្នក​ភូមិ​ជា​ច្រើន​ភូមិ​ត្អូញត្អែរ​លំបាក​ធ្វើ​ដំណើរ​កាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រមាណ ៧​គីឡូម៉ែត្រ​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ ក្បែរ​សាលា​ឃុំ​អូរសណ្ដាន់ រហូត​ដល់​ភូមិ​អូរតាប្រុក នៃ​ឃុំ​អូរសណ្ដាន់។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ថ្នឹង លោក សោម ទី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា ពីរ​បី​ឆ្នាំ​ហើយ​ដែល​ផ្លូវ​នេះ​ខូច ប៉ុន្តែ​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ផ្លូវ​មាន​ជង្ហុក​ធំៗ និង​កន្លែង​ខ្លះ​មាន​ទឹក​ដក់​ធ្វើ​ដំណើរ​រអិល​ដួល​ទៀត​ផង។ អ្នក​ភូមិ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ​រាល់​ថ្ងៃ​មាន ៦​ភូមិ ហើយ​ពលរដ្ឋ​ខ្លះ​ត្រូវ​ឡើង​ចុះ​ទិញ​អីវ៉ាន់​ពី​ផ្សារ​មក​លក់​ដូរ​ញឹកញាប់​នៅ​ផ្ទះ មាន​ការ​លំបាក​ដឹក​អីវ៉ាន់​ឆ្លងកាត់​ផ្លូវ​នេះ​ណាស់៖ «សូម្បី​តែ​យើង​មាន​ជំងឺ ឬ​អ្នក​ស្រុក​មាន​ជំងឺ ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​យើង​យ៉ាប់​ទៅ។ បើ​សិន​ណា​អត់​ភ្លៀង​អា​ហ្នឹង​អាច​បន្តិច បើ​ថា ភ្លៀង​ដូច​មិញ​មិន​ដឹង​ធ្វើ​ដំណើរ​ទៅ​យ៉ាង​ណា​យ៉ាង​ណី ពិបាក​មែន​ទែន។ សំណូមពរ​ថា រាជរដ្ឋាភិបាល​ជួយ​កសាង​ផ្លូវ​ល្អ​មក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ (ស្រួល​ធ្វើ​ដំណើរ) សូម្បី​កសិករ​ដែល​ធ្វើ​ស្រែ​ចម្ការ ពេល​បាន​របស់របរ​ងាយ​ស្រួល​ដឹក​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ តែ​បើ​យើង​អត់​ផ្លូវ​ប្រជា​កសិករ​ទៅ​លក់ដូរ ឬ​យក​សម្ភារៈ​មក​លក់ដូរ​ក៏​ពិបាក​ធ្វើ​ដំណើរ»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី នុត ម៉ារិន ថា ស្ថានភាព​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​រាល់​ថ្ងៃ​នេះ​គាត់​អាច​ទ្រាំ​បាន ព្រោះ​កន្លង​ទៅ​ផ្លូវ​នោះ​មាន​សភាព​លំបាក​ជាង​នេះ​ទៅ​ទៀត។ លោកស្រី​ថា រាល់​ឆ្នាំ មេ​ឃុំ និង​ព្រះចៅ​អធិការ​វត្ត បាន​ដឹកនាំ​ពលរដ្ឋ និង​ព្រះសង្ឃ​ជួល​ជុល​ផ្លូវ​នេះ​ដែរ ដោយ​កាប់​ដី​ដាក់​លើ​រទេះ​រួច​ដើរ​ចាក់​តាម​ជង្ហុក ឬ​រណ្ដៅ​ដក់​ទឹក ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ៖ «ពី​ដើម​មក​វា​លំបាក​ជាង​ហ្នឹង​ទៀត! មក​រាល់​ថ្ងៃ​ហ្នឹង​ដូច​ថា លំបាក​ម៉េច​ក៏​គ្រាន់​ជាង​មុន។ ពី​មុន​ផ្លូវ​ស​រអិល​មុខ​រអិល​ក្រោយ រាល់​ថ្ងៃ​បាន​ផ្លូវ​ក្រួស​ក្រហម​ហើយ​គ្រាន់​តែ​ថា វា​មាន​ជង្ហុក​បន្តិច​ដោយ​ឡាន​បើក​ជានិច្ចកាល​អ៊ីចឹង​ទៅ​ណា។ ទើប​ឃើញ​ឆ្នាំ​នេះ​ទេ​លំបាក​ខ្លាំង រាល់​ឆ្នាំ​មក​លោក​មេ​ឃុំ​តែងតែ​នាំ​ប្រជា​ពលរដ្ឋ​ជួសជុល​មក»

ឆ្លើយ​តប​បញ្ហា​នេះ​ជំទប់​ទី​១ ឃុំ​អូរសណ្ដាន់ លោក គឹម ប៊ុនសម្បត្ដិ បញ្ជាក់​ថា ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង ៨​គីឡូម៉ែត្រ​នេះ បាន​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩៥ ហើយ​បាន​ជួសជុល​ពីរ​ដង គឺ​ម្ដង​នៅ​ឆ្នាំ​២០០២ និង​ម្ដង​ទៀត​នៅ​ឆ្នាំ​២០០៧។ លោក​ថា ការ​ជួសជុល​បន្ទាប់បន្សំ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ដើម្បី​រង់ចាំ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​តភ្ជាប់​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ទៀត​ឋិតនៅ​ខាង​លិច​ភូមិ​អូរតាប្រុក នៃ​ឃុំ​អូរ​សណ្ដាន់ នៅ​ចុង​ឆ្នាំ​២០១៦ ឆាប់ៗ​នេះ៖ «នៅ​រង់ចាំ​ខាង​ក្រសួង​គេ​ធ្វើ​ហ្នឹង​ហើយ! ដល់​ក្រសួង​ធ្វើ​ទៅ យើង​ទុក​លុយ​ហ្នឹង​ទៅ​ធ្វើ​ផ្លូវ​តាម​ឃុំ​របស់​យើង​វិញ បាន​ន័យ​ថា របស់​ក្រសួង​ទុក​ឲ្យ​ក្រសួង ហើយ​អា​លុយ​មូលនិធិ​របស់​ឃុំ​ធ្វើ​ផ្លូវ​ផ្សេងៗ​ពី​ហ្នឹង»

ផ្លូវ​មួយ​ខ្សែ​នេះ ​ជា​សរសៃ​ឈាម​យ៉ាង​សំខាន់​របស់​ពលរដ្ឋ​រស់នៅ​ប៉ែក​ខាង​ក្រោម​ផ្លូវ​ជាតិ​លេខ​៥ នៃ​ឃុំ​អូរសណ្ដាន់ ដើម្បី​ដឹក​ជញ្ជូន​កសិផល​លក់ដូរ​នៅ​ផ្សារ​ក្រគរ ឬ​ផ្សារ​ពោធិ៍សាត់ និង​ចេញ​ចូល​ព្យាបាល​ជំងឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។