បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សមត្ថកិច្ច​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និង​ខេត្តសៀមរាប​ជាដើម បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បានជា​ច្រើន​ករណី ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​ច្រើន​នាក់​ផងដែរ​។ ទោះជា​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​បទល្មើស​ហាក់ដូចជា​ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ហើយ​រាលដាល​ដល់​តំបន់​ជនបទ​ទៀតផង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នោះ គឺ​មេខ្លោង​គ្រឿងញៀន​ជា​ជនបរទេស និង​ជនជាតិខ្មែរ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស និង​ពន្ធនាគារ​ខេត្ត​ក​កណ្ដាល ក៏ដូចជា​ខេត្តក្រចេះ​ជាដើម ពួកគេ​អាច​បញ្ជា​កូនចៅ​នៅ​ខាងក្រោយ​ឲ្យ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​យ៉ាង​រលូន​។ ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ​ស្ត្រី​វ័យ​៦១​ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល ពីបទ​ចរាចរណ៍​គ្រឿងញៀន ហើយ​ស្ត្រី​រូបនោះ​សារភាពថា​ខ្លួន​ធ្លា​ប់យក​គ្រឿងញៀន​ចូល​ពន្ធនាគារ​ខេត្តកណ្ដាល​បាន​៦​លើក​មកហើយ និង​ត្រូវ​ចាប់ខ្លួន​នៅលើ​ក​ទី​៧​នេះ​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន ព្រោះ​សូម្បីតែ​នៅក្នុង​ពន្ធនាគារ​ក៏មាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​កើតឡើង​ដែរ​។

សូមបញ្ជាក់ថា កន្លងមក​បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ដែល​រៀបចំ​ដោយ​មេខ្លោង​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស គឺជា​រឿង​មួយ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​សង្ស័យថា មាន​មន្ត្រី​ពន្ធនាគារ​ជាប់​ពាក់ព័ន្ធ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​ករណី​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ព្រោះ​បទល្មើស​គ្រឿងញៀន​កំពុង​រាលដាល​គ្រប់​ទីកន្លែង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​ដោយសារ​អ្នកប្រើប្រាស់​គ្រឿងញៀន ហ៊ាន​ប្រព្រឹត្ត​បទល្មើស​សព្វបែបយ៉ាង​ដូច​ជា អំពើ​ឃាតកម្ម និង​អំពើចោរកម្ម លួច​ឆក់​ប្លន់​ជាដើម​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ធ្វើយ៉ាងណា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​គ្រឿងញៀន​បំផ្លាញ​សង្គម​ខ្មែរ​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

drug620 100 untitled-1