មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ពី​ភាពមិនប្រក្រតី​ជុំវិញ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​

តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅថ្ងៃនេះ​បានលើកឡើង​ថា មាន​បញ្ហា នៅពេល​ចុះឈ្មោះ​បោះឆ្នោត នៅតាម​កន្លែង​មួយចំនួន ក្នុងនោះ​មាន​ស្ថាន​ភាពមិនប្រក្រតី ដូចជា​ការប្រើ​កម្លាំង​ទ័ព ចល័ត​នៅមុខ និង​ក្រោយ ស្នាក់ការ​គណបក្ស ការបញ្ជា​កម្លាំង​មន្ត្រី​មាន​សមត្ថកិច្ច​ចុះឈ្មោះ​នៅ​កន្លែង​តែមួយ និង​ករណី​ផ្សេងទៀត​។​

​លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​មាន​សារៈសំខាន់​ណាស់ ហើយ​ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​វា​នឹង​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​មិន​ខាន​។ ដូចនេះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន គប្បី​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ឲ្យ​សកម្ម ដើម្បី​តាមដាន​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធានាថា​ការចុះឈ្មោះ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ​។​
​ ​សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​៣​ខែ គឺ​ចាប់​ពីថ្ងៃ​០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មិនមាន​ការឈប់​សម្រាក​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ឡើយ​។ លើសពីនេះ​ទៀត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ផងដែរ​។​

មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​ពី​ពេល​ថ្មីៗ​នេះ​ថា ក្នុងអំឡុងពេល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​ជួបប្រទះ​បញ្ហា​មួយចំនួន​ផងដែរ ដូចជា ការខ្វះខាត​ធនធានមនុស្ស ការខូចខាត​សម្ភារៈ​បច្ចេកទេស​ដែល​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត និង​ការយាយី​ពី​ធម្មជាតិ​ជាដើម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​៨​លាន​នាក់ បានទទួល​អត្តសញ្ញាណ​បណ្ណ​គំរូ​ថ្មី ដែលជា​ឯកសារ​គោល​សម្រាប់​ការចុះ​ឆ្នោះ​បោះឆ្នោត ហើយ​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ហើយ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​ជាង​កន្លះ​ខែ​នេះ​គឺ​ស្មើនឹង​ប្រមាណ​ជាង​២១​ភាគរយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​សហគមន៍ជាតិ និង​អន្តរជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស នយោបាយ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា​សហគម​ន៍​អន្តរជាតិ គាំទ្រ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា និង​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ នៅ​ឆ្នាំ​២០១៨ ដែល​ត្រូវបាន​តាមដាន​ឃ្លាំមើល​ដោយ​អ្នកសង្កេតការណ៍​អន្តរជាតិ​៕

14292486_1179751732089573_308339773431496852_n