ផ្ទះមួយ​ត្រូវតែរើចេញ បើមិនចឹងទេ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​នោះ ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​២​កន្លែង​ត្រូវ ​បាក់​ស្រុត​ស្ទើរតែ​ដល់​ផ្ទះ ក្នុង​នោះ​មាននៅ​ភូមិ​ក្រូចឆ្មារ​ក្រោម និង​ភូមិ​ខ្សាច់​ប្រឆេះ​លើ ឃុំ​ក្រូចឆ្មារស្រុក​ក្រូចឆ្មារ ដែលហេតុ​ការ​ណ៍នេះ​​ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥  កញ្ញា ២០១៦ ។

​​ផ្ទះ​១​ខ្នង​​ត្រូវ​បាន​រុះរើ និង​១​ខ្នង​ទៀត​ ត្រូវ​បាន​រុញ​រំកិល​ទៅ​រក​កន្លែង​សុវត្ថិភាព ។ ប្រភព​ពី​នគរបាល​ស្រុក​ក្រូចឆ្មារប្រាប់​ឱ្យដឹង​ថា ចំណុច​​ច្រាំង​ទន្លេ​ដែល​បាក់ ​គឺ​ស្ថិត​នៅ​ត្រង់ភូមិ​ក្រូចឆ្មារក្រោម ឃុំ​ក្រូចឆ្មារ ច្រាំង​បាក់​ប្រវែង ៣០​ម៉ែត្រ ជំរៅ​ប្រហែល​១៥​ម៉​ត្រ  ដោយ​​ផ្ទះ​របស់​ប្រជាពលរដ្ឋឈ្មោះហ៊ុន ហឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដែល​មាន​ទំហំ​៧​ម៉ែត្រ​គុណ​១៣​ម៉ែត្រ ត្រូវ​បាន​រំកិល​ចេញ
ពី​ទំរ​ទៅ​កន្លែង​សុវត្ថិភាព និង​ផ្ទះ​១​ខ្នង​ទៀត​មាន​ទំហំ​៧​គុណ​១២​ម៉ែត្ររបស់​ឈ្មោះ ប្រុ​ញ សុខ​ជាភេទ​ស្រី អាយុ​៧២​ឆ្នាំ​ក៏​នឹង​ត្រូវ​ត្រៀម​រំកិល​ដែរ    ព្រោះថា​ច្រាំង​ទន្លេ​កាន់តែ​ខិត​ជិត​មក​ដល់ ។

នគរបាល​ស្រុក​ក្រូចឆ្មារប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំនុច​ច្រាំង​ទន្លេ​ដែល​បាក់​នៅ​កន្លែង​ទី​២ ​ស្ថិត​នៅ​ភូមិខ្សាច់​ប្រឆេះ​លើ ឃុំ​ក្រូចឆ្មារ  ដែល​​មាន​ប្រវែង​៣៥​ម៉ែត្រ និង​ជំរៅ​ប្រហែល​៤​ម៉ែត្រ ដោយ​ផ្ទះ​១​ខ្នង​របស់ឈ្មោះ ស៊ន សុខ​ប្រាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដែល​មាន​ទំហំ​៧​គុណ​១០​ម៉ែត្រ  ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​ទៅ​អន្តរា​គម​ន៏​ជួយ​រុះរើ  កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​១៥​កញ្ញា  យោង​តាម​បញ្ជា​រ​របស់​លោក​ឧត្តម​សេនី​យ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត  ។ 

ក្នុង​រដូវរ​ស្សា​នេះ ​កម្លាំង​សមត្ថ​កិច្ច​ក៏​នឹង​ត្រៀម​នូវ​លក្ខណៈសម្បត្តិ​គ្រប់​បែប​យ៉ាង ដើម្បី​ចុះ​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះទឹកជំនន់​ពី​ទន្លេមេគង្គ  ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោង​៦​ល្ងាច​នេះ មិន​ទាន់​មាន​លំនៅ​ឋាន​របស់​ពលរដ្ឋ
ផ្សេង​ទៀត​ត្រូវ​បាន​ត្រៀម​រុះរើ​នោះ​ទេ  ។   តែ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នៅ​ឃុំ​ប៉ើ​ស​២  ច្រាំង​ទន្លេ​បានបាក់​យ៉ាង​គំហុក​ដោយ​ស្រូប​យក​ទាំង​ផ្ទះរបស់​ពលរដ្ឋ​១​ខ្នង​ទៅ​ជាមួយ​ផង តែ​មិន​មាន​ពលរដ្ឋ​ណាម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។