ចូល​ទីចាត់ការ​​ម្ដង​ ​នាយក​ចាំ​មុខ​ច្បាស់ដូចថ្ងៃ

មនុស្ស​ដែល​ខ្ញុំ​ចង​ចាំ​មក​ទល់​ពេល​នេះ គឺ​លោក​នាយក​សាលា​របស់​ខ្ញុំ​នៅ​ឯ​ខេត្ត​ព្រៃវែង។ រំឭក​ទៅ​កាល​ពី​​ជាង​១០​ឆ្នាំ​មុន​ ខ្ញុំ​រៀន​ថ្នាក់​ទី​៧​ នៅ​វិទ្យាល័យ​មួយ​នៅ​ខេត្ត​ព្រៃ​វែង​ ដែល​មាន​តាំង​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២។

 

ទើប​តែ​បាន​ឡើង​ថ្នាក់​ថ្មី​ ចរិត​មិន​​ទាន់​ស្គាល់​បែបបទ​នៅ​ឡើយ​ទេ ព្រោះ​នៅ​សល់​ចំហាយ​ចរិត​ជា​ក្មេង​បឋមសិក្សា​ច្រើន។
នៅ​ថ្ងៃ​ដាក់​ពាក្យ​ចូល​រៀន​ ខ្ញុំ​ពីរ​នាក់​ពួកម៉ាក​ម្នាក់​ដែល​​មក​ពី​សាលា​បឋម​ជាមួយ​គ្នា​ ឃើញ​មនុស្ស​មិន​សូវ​ច្រើន​ ក៏​លៃលក​ឡើង​ជិះ​ទ្វា​ដែក​ក្លោង​ទ្វារ​សាលា​ យោគ​ទៅ​យោគ​មក​ដូច​ទោង​។ សប្បាយ​ដល់​ក​ហើយ​កាល​នោះ!
ជិះ​បាន​មួយ​ភ្លែត​ ស្រាប់​តែ​លោក​នាយក​ធំ​ប្រចាំ​សាលា​​ស្រែក​វ៉ាស​ ហើយ​អូស​ពីរ​នាក់​ខ្ញុំ​​ចូល​ទី​ចាត់ការ​ភ្លាម! អ្នក​រៀន​នៅ​ហ្នឹង​ អ្នក​ណា​ក៏​ល្បី​ដែរ​ នាយក​ធំ​កំពូល​កាច​ សល់​ពី​សម័យ​សង្គម​! មិន​មែន​កាច​ធម្មតា​តែ​កាច​​​អស់​ទាស់​ហ្មង! សិស្ស​ដឹង​តែ​ត្រង់​ជើង​ភ្លឹង​​! ដែល​សំខាន់​ ទោះ​គាត់​ចង់​កាច​ប៉ុនណា​ តែ​អា​ពីរ​នាក់​នេះ​ទើប​ឡើង​មក ​មាន​​ទៅ​ដឹង​ខ្យល់​អី!

 

ចូល​ទីចាត់ការ​​ម្ដង​ ​នាយក​ចាំ​មុខ​ច្បាស់ដូចថ្ងៃ

(រូបតំណាង)

 

ទៅ​ដល់​ប៊ុយរូ​​ភ្លាម​ គាត់​យក​បន្ទះ​ឫស្សី​ប៉ុន​ពីរ​ធ្នាប់​ដៃ​​ ដាក់​ផ្លាច់​ចំ​កំប៉េះ​គូទ! តែ​មួយ​រំពាត់​​ទេ តែ​ចង់​លេច​នោម​ដែរ។
ពេល​ទៅ​ដល់​ផ្ទះ​ម៉ែ​សួរ​កើត​អី​បាន​ដូច​ដើរ​ខ្ញើកៗ​ចឹង?
ខ្ញុំ​ថា​ គ្រូ​វ៉ៃ!
គាត់​សួរ​ទៀត ម៉េច​បាន​គ្រូ​វ៉ៃ?
ខ្ញុំ​ថា​ខ្ញុំ​ជិះ​ទ្វារ​!
គាត់​ថា​ «អើ! សម​មុខ​ហើយ!»
ម៉ែ​មិន​កាន់​ជើង​ទេ មាន​តែ​បន្ទោស​ថែម។
តាំង​ពី​ពេល​ហ្នឹង​មក ខ្ញុំ​ចាំ​ផ្ដាំ​ចៅ​ លែង​ហ៊ាន​សូម្បី​តែ​ប៉ះ​ទ្វារ​នោះ​ទៀត!

 

មួយ​ឆ្នាំ​ក្រោយ​មក​លោក​នាយក​ធំ​ ដូច​ជា​ចាស់​ព្រឹទ្ធ​ចាស់​ព្រេង​ កាត់​បន្ថយ​ភាព​កាច​ច្រើន!
រយៈ​ពេល​៦​ឆ្នាំ​ដែល​ខ្ញុំ​បាន​រៀន​នៅ​វិទ្យាល័យ​នោះ លោក​នាយក​ធំ​ឱ្យ​តែ​ឃើញ​មុខ​ហៅ​ខ្ញុំ​តែ​ «អា​ជិះ​ទ្វារ» ទេ។

 

ដោយ​ឡែក​លោក​នាយក​ធំ​ បាន​អនិច្ចកម្ម​​បួន​ ប្រាំ​ឆ្នាំ​ហើយ ខ្ញុំ​សោក​ស្ដាយ​ដែល​គ្មាន​​ឱកាស​ឱ្យ​គាត់​បាន​ជួប​អា​ជិះ​ទ្វារ​ទៀត!

 

នេះ​គឺ​ជា​ការ​ចង​ចាំ​មួយ​ ដែល​បាន​កើត​ឡើង​កាល​ទើប​ឡើង​ថ្នាក់​ទី​៧​ដំបូង ​ខ្ញុំ​គិត​ថា​ខ្ញុំ​​​គ្មាន​ថ្ងៃ​នឹង​ភ្លេច​ទេ​ ទោះ​ចាស់​ប៉ុនណា​ក៏​ដោយ ហើយ​ក៏​ចង់​ផ្ដែផ្ដាំ​ដល់​ប្អូនៗ​ដែល​កំពុង​សិក្សា​ទាំង​អស់​ឱ្យ​ដឹង​ថា គ្រូ​វ៉ៃ​ គ្រូ​ជេរ​ គឺ​ដើម្បី​ឱ្យ​តែ​យើង​ល្អ​ប៉ុណ្ណោះ។ ​

 

ទោះ​មាន​រឿង​អ្វី​ ក៏​យើង​នៅ​តែ​ជា​បង​ប្អូន​នឹង​គ្នា​​

អត្ថបទ៖ អា​ជិះ​ទ្វារ​ ​​​​

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា