ធនាគារ​ស្រូវ​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​ខេត្ត​បី​មិន​ក្រោម​តម្លៃ​៨៤០​រៀល​មួយ​គីឡូក្រាម

ធនាគារ​ស្រូវ​កម្ពុជា ប្រកាស​ប្រមូល​ទិញ​ស្រូវ​ក្រអូប​ពី​កសិករ​នៅ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​បន្ទាយមានជ័យ ក្នុង​តម្លៃ​មួយ​គីឡូក្រាម​មិន​ក្រោម ៨៤០​រៀល ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។

សេចក្ដី​ជូន​ដំណឹង​របស់​ធនាគារ​ស្រូវ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៦ អោយ​ដឹង​ថា ធនាគារ​បាន​សហការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​របស់​រដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​សែន​ក្រអូប នា​ពេល​បច្ចុប្បន្ន។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គនាយក​ធនាគារ​ស្រូវ​លោក​ឧកញ៉ា ភូ ពុយ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​សេចក្ដី​ជូន​ដំណឹង​នេះ​បាន​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។ ប៉ុន្តែ​ចំពោះ​កសិករ​វិញ​ត្រេកអរ​ចំពោះ​ដំណឹង​នេះ។

កសិករ​ម្នាក់​នៅ​ឃុំ​ត្រពាំងជង ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ លោក ស៊ិន កុសល ឲ្យ​ដឹង​ថា រូប​លោក និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ត្រេកអរ​ចំពោះ​ការ​ប្រកាស​ប្រមូល​ទិញ​ស្រូវ​ក្រអូប​នេះ បើ​ទោះ​បី​ជា​មិន​បាន​ឡើង​ថ្លៃ​ដល់​ជាង​មួយ​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ដូច​ដែល​កសិករ​ចង់​បាន។ លោក​ថា កន្លង​ទៅ​ស្រូវ​ធ្លាក់​ចុះ​រហូត​ដល់ ៧៧០​រៀល​ក្នុង ១​គីឡូក្រាម ប៉ុន្ដែ​ឈ្មួញ​បាន​ឲ្យ​តម្លៃ​ឡើង​បន្ដិច​វិញ​ហើយ៖ «»។

ធនាគារ​ក៏​នឹង​ទិញ​ស្រូវ​សែន​ក្រអូប​សើម ឬ​ច្រូត​ហើយ​ភ្លាមៗ ក្នុង​តម្លៃ ៩០០​រៀល​ដែរ បើ​កសិករ​ដឹក​ជញ្ជូន​ដល់​ធនាគារ​ផ្ទាល់​ដែល​មាន​ទីតាំង​ឋិត​នៅ​ភូមិ​ព្រៃ​កូនសេក សង្កាត់​អូរចារ ក្រុង​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។