ចិន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​ចិន​-​អា​មេ​រិ​កឡា​ទី​ន​លើក​ទី​10

ប្រទេស​ចិន ៖ កិច្ចប្រជុំ​កំពូល​ធុរកិច្ច ចិន​-​អា​មេ​រិ​កឡា​ទី​ន លើក​ទី​១០ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤-១៥ តុលា ខាង​មុខ ក្នុង​ទីក្រុង Tangshan ភាគ​ឦសាន​នៃ​ខេត្ត Hebei ។ នេះ​បើ​តាម​ក្រុម​មន្ត្រី​ចិន​បាន​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី San Jose ប្រទេស Costa Rica ។

នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស Costa Rica លោក Song Yanbin បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ក្រុម​មេដឹកនាំ​ជំនួញ​មក​ពី​ប្រទេស​ទាំង​ពីរ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។

លោក Song បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នេះ គឺជា​យន្តការ​នៃ​ស្ថាប័ន​ដំបូង​ដែល​បាន​រចនា​ឡើង​ដោយ​ប្រទេស​ចិន ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​កឡា​ទី​ន និង​តំបន់ Caribbean ។

លោក John Fonseca អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស Costa Rica ថ្លែង​ថា កិច្ចប្រជុំ​កំពូល​នា​ពេល​ខាង​មុខ​នេះ គឺ​មាន​បំណង​ឲ្យ​វិស័យ​អាជីវកម្ម​ទាំង​ពីរ​យល់​ពី​គ្នា​កាន់តែ​ល្អ​ប្រសើរ​ជា​មុន ។ លោក​ថ្លែង​ថា ៖ « ចាប់តាំងពី​យើង​បាន​បង្កើត​ទំនាក់ទំនង​ការទូត និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី បាន​ធ្វើ​ឱ្យ​លំហូរ​ពាណិជ្ជ​កម្ម​​របស់​យើង​កើនឡើង និង​មានការ​វិនិយោគ​ចម្រុះ » ។

តួលេខ​ផ្លូវការ​បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង Costa Rica មាន​ចំនួន​២,០២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៥ ។

អតីត​ឯកអគ្គរដ្ឋទូត Costa Rica ប្រចាំ​ប្រទេស​ចិន និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បរទេស លោក Marco Vinicio Ruiz ថ្លែង​ថា កិច្ចប្រជុំ​កំពូល​នេះ​បាន​ផ្តល់​ឱកាស​យ៉ាង​សំខាន់​ដល់​ម្ចាស់​ក្រុមហ៊ុន Costa Rica និង​អា​មេ​រិ​ក​កណ្តាល​អាច​បង្កើត​បណ្តាញ​ជាមួយ​សម​ភាគី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ជា​ពិសេស ក្នុង​ខេត្ត Hebei ។ លោក​ថ្លែង​ថា ៖ « ខេត្ត Hebei គឺជា​តំបន់​នាំមុខ​គេ​មួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​ជាមួយ​ប្រទេស​ចិន » ។

លោក Ruiz បន្ថែម​ថា ៖ « Costa Rica មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កិច្ចព្រមព្រៀង​លើកកម្ពស់​ការ​វិនិយោគ​រួច​ជា​ស្រេច ដែល​ជា​ឱកាស​យ៉ាង​ធំ​សម្រាប់​ប្រទេស​នេះ ដោយសារ​វា​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចិន​ក្នុង​ខេត្ត Hebei » ។

ខេត្ត Hebei មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​ដឹក​ជញ្ជូន និង​ការ​ស្តុក​ទុក ហើយ​ក៏​ជា​តម្រូវការ​សម្រាប់​សកម្មភាព​មួយ​ចំនួន​ផង​ដែរ ដូច​ជា ការ​លីង និង​លក់​កាហ្វេ Costa Rica ។ មិនតែប៉ុណ្ណោះ ខេត្ត​នេះ​មាន​កំណើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ទទួល​បាន​ផលប្រយោជន៍​ពី​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ចិន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ។

ប្រទេស​ចិន និង​អា​មេ​រិ​កឡា​ទី​ន​បាន​ផ្លាស់​ប្តូរ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ចិន ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ៕