ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​រយៈពេល​7​ខែ​ឆ្នាំ​នេះ​មាន​កំណើន​3,4%

រាជធានី​ភ្នំពេញ ៖ រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស មាន​ជាង​២,៧​លាន​នាក់ កើនឡើង​៣,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង​២,៦​លាន​នាក់​។ ចំណែក​ក្នុង​ខែកក្កដា មាន​ចំនួន​៣៩,៥​ម៉ឺន​នាក់ កើនឡើង​៨,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​ចំនួន​៣៦,៤​មឺ​ុ​ន​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​របស់​ក្រសួងទេសចរណ៍ ។

របាយការណ៍​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ដែល​ចូល​មក​រយៈពេល​៧​ខែ​នេះ តាម​ផ្លូវអាកាស​មាន​ចំនួន​១.៥១៧.៥៦១​នាក់ តាម​ផ្លូវគោក​និង​ផ្លូវទឹក​មាន​ចំនួន​១.២៣៩.១៣២ នាក់ ។ ចំណែក​ព្រ​លាន​យន្ដហោះ​ដែល​ទទួល​អ្នកដំណើរ​ច្រើន​ជាងគេ គឺ​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ខេត្តសៀមរាប មាន​ចំនួន​៨៥២.៩៣៧​នាក់ តាម​ពីក្រោយ​ដោយ​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន​៦៥៧.១១៨​នាក់ និង​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​កងកេង មាន​ចំនួន​៧.៥០៦​នាក់ ។

រីឯ​ភ្ញៀវ​ទេសចរ​តាម​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ទាំង​១០​នៅ​កម្ពុជា ក្នុង​រយៈពេល​៧​ខែ​នេះ វៀតណាម​ឈរ​លំដាប់​ទី​១ មាន​ចំនួន​ជាង​៥៥​ម៉ឺន​នាក់ ថយ​ចុះ​១,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥​។ ចិន​ឈរ​នៅ​លេខ​រៀង​ទី​២ មាន​ចំនួន​ជាង​៤៤​ម៉ឺន​នាក់ កើនឡើង​១២,៤% តាម​ពីក្រោយ​ដោយ​កូរ៉េ​ស្ថិត​នៅ​លេខ​រៀង​ទី​៣ មាន​ចំនួន​២១,៨​ម៉ឺន​នាក់ ថយ​ចុះ​១៣,៤% ។ ថៃ​ស្ថិត​នៅ​លេខ​រៀង​ទី​៤ មាន​ចំនួន​ជាង​១៩,៦​ម៉ឺន​នាក់ កើនឡើង​២១,០%, ឡាវ​ស្ថិត​នៅ​លេខ​រៀង​ទី​៥ មាន​ចំនួន​ជាង​១៥​ម៉ឺន​នាក់ ធ្លាក់​ចុះ​២៤,៥%​។ សហរដ្ឋអាមេរិក​នៅ​លេខ​រៀង​ទី​៦ មាន​ចំនួន​ជាង​១៤,៥​ម៉ឺន​នាក់ កើនឡើង​១១,៣% ខណៈ​ជប៉ុន​ស្ថិត​ក្នុង​លេខ​រៀង​ទី​៧​មាន​ចំនួន​ជាង​១០,២​ម៉ឺន​នាក់ កើនឡើង​០,១% តាម​ពីក្រោយ​ដោយ​អង់គ្លេស​នៅ​លេខ​រៀង​ទី​៨ មាន​ចំនួន​ជាង​៩,៦​ម៉ឺន​នាក់ កើនឡើង​៤,៣%​និង​បារាំង​លេខ​រៀង​ទី​៩ មាន​ចំនួន​ជាង​៨,៧​ម៉ឺន​នាក់ កើនឡើង​៣,២%។ រីឯ​ម៉ា​ឡេ​ស៊ី​កើនឡើង​២,៩%​ស្ថិត​លេខ​រៀង​ទី​១០ មាន​ចំនួន​ជាង​៨,៣​ម៉ឺ​ន​នាក់ ។

ដោយឡែក ប្រជាជន​ខ្មែរ​ដែល​ទៅ​ទេសចរណ៍​នៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​នេះ​ដែរ​មាន​ចំនួន​៨១៥.០៥៧​នាក់ កើនឡើង​២៥,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​៦៤៩.៧០៦​នាក់ ។

កម្ពុជា​បាន​ស្រូប​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​យ៉ាងច្រើន​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ក៏​ដូច​ជា​ជួយ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​បាន​យ៉ាងច្រើន ។

កាលពី​ឆ្នាំ​២០១៥ កម្ពុជា​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៤,៨​លាន​នាក់ នាំ​មក​នូវ​ចំណូល​ប្រមាណ​១៣%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ស្មើនឹង​ប្រមាណ​៣​ពាន់​លាន​ដុល្លារ ជួយ​បង្កើត​ការងារ​ដោយ​ផ្ទាល់​បាន​៦២​ម៉ឺន​នាក់ ដែល​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ខែ្ម​របា​ន​យ៉ាងច្រើន ។

ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​រំពឹង​ថា នឹង​ទទួល​បាន​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០ ជាមួយនឹង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៧,៥​លាន​នាក់ ។

ដើម្បី​សម្រេច​គោលដៅ​នេះ បច្ចុប្បន្ន​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​បាន​ខិតខំ​ផ្សព្វផ្សាយ បំផុស​ចលនា និង​សកម្មភាព​នានា​ដូច​ជា ការ​បណ្ដុះបណ្ដាល​ធនធាន​ជំនាញ ផ្សព្វផ្សាយ​ចលនា​ទីក្រុង​ស្អាត រៀបចំ​ពិធីបុណ្យ​ផ្សេង​ៗ ធ្វើ​យ៉ាងណា​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស​មក​ចូល​មក​ទស្សនា​នៅ​កម្ពុជា ៕