កំហុស​នៃ​ការ​ទិញ​ទំនិញ​ទាំង​6​យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ខាតបង់

យុគសម័យ​លក់ទំនិញ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​បច្ចុប្បន្ន មនុស្ស​ទិញ​ទំនិញ​តាម​អីុន​ធើ​រ​ណេ​ត មាន​វិធី​ឆ្លាត​វៃ​ជា​ច្រើន​ដែល​អាច​ជួយ​សន្សំ​ប្រាក់​បាន ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ មាន​អតិថិជន​ជា​ច្រើន​នៅ​តែ​អនុវត្ត​នូវ​កំហុសឆ្គង ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចំណាយ​ប្រាក់​ច្រើន មិន​ថា​តែ​ការ​ទិញ​តាម​អីុ​ន​ធើ​រ​ណេ​ត​នោះ​ទេ សូ​ម្បី​តែ​ទិញ​ទំនិញ​តាម​ផ្សារ​ក៏​ដូច​គ្នា​ដែរ ។ ខាងក្រោម​នេះ គឺជា​កំហុសឆ្គង​ដែល​អតិថិជន​ឧស្សាហ៍​ប្រព្រឹត្ត និង​វិធី​ក្នុង​ការ​ចៀសវាង​ក្នុង​ថ្ងៃ​អនាគត ៖

១-​មិន​ប្រៀបធៀប​តម្លៃ ៖
ប្រសិនបើ​អ្នកទិញ​ទំនិញ​ណាមួយ​ដោយ​មិន​បាន​ស៊ើប​ពី​តម្លៃ​ទេ​នោះ ប្រាកដ​ណាស់ គឺ​អ្នក​កំពុង​តែ​ចំណាយ​ប្រាក់​ច្រើន​ជាង​តម្លៃ​សមរម្យ​ហើយ ។ ជាមួយនឹង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ការ​ទិញ​ទំនិញ​លើ​អីុ​ន​ធើ​រ​ណេ​ត​មួយ​ចំនួន វា​គ្មាន​អ្វី​ពិបាក​ក្នុង​ការ​ប្រៀបធៀប​តម្លៃ​រវាង​ហាង​ទាំងនោះ​ឡើយ ។

លើស​ពី​នេះ​ទៀត សម្រាប់​កម្មវិធី​ដូច​ជា ShopSavvy និង Quick Scan អ្នក​អាច​ស្កេ​ន​កូដ​របស់​ផលិតផល ហើយ​គ្រាន់តែ​រង់ចាំ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ អ្នក​នឹង​ដឹង​ថា តើ​តម្លៃ​របស់​ផលិតផល គឺ​ថោក​ជាងគេ​លក់​លើ​អីុន​ធើ​រ​ណេ​ត ឬ​អត់​ថែម​ទៀត​ផង ។

២-​មិន​ដែល​គិតដល់​គោលការណ៍​ការពារ​តម្លៃ ៖
ការ​ការពារ​តម្លៃ គឺជា​គោលការណ៍​ដែល​អតិថិជន​អាច​ប្តូរ​ផលិតផល​ជា​ប្រាក់​វិញ​ប្រសិនបើ​ផលិតផល​ដែល​បាន​ទិញ​នោះ មាន​តម្លៃ​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​កំណត់​ណាមួយ ។

Amazon បាន​បញ្ឈប់​គោលការណ៍​ការពារ​តម្លៃ​ក្នុង​រយៈពេល​៧​ថ្ងៃ​របស់​ពួក​គេ ខណៈ​ដែល​អ្នកលក់​ដទៃ​ទៀត​នៅ​តែ​មាន​គោលការណ៍​នេះ​។ វា​ពិតជា​សំខាន់​ណាស់ ព្រោះ​អ្នកលក់​ភាគច្រើន​តែងតែ​ព្យាយាម​ទាយ​តម្រូវការ និង​ផ្លាស់​ប្តូរ​តម្លៃ​របស់​ពួក​គេ ជា​ពិសេស លើ​អីុន​ធើ​រ​ណេ​ត​។ ខាងក្រោម​នេះ គឺជា​គោលការណ៍​ការពារ​តម្លៃ​របស់​អ្នកលក់​មួយ​ចំនួន ៖

Best Buy (១៥​ថ្ងៃ​) ៖ សម្រាប់​ការ​ទិញ​នៅ​ហាង គ្រាន់តែ​ប្រគល់​វិក្កយបត្រ​របស់​អ្នក​ទៅ​កាន់​ផ្នែក​សេវាកម្ម​អតិថិជន ជា​ការ​ស្រេច ។

Costco (៣០​ថ្ងៃ​) ៖ រក្សា​ទុក​វិក្កយបត្រ​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​ប្រទះ​ឃើញ​ថា​ផលិតផល​ដែល​អ្នកទិញ​មាន​តម្លៃ​ទាប​ជាង​ក្នុង​រយៈពេល​៣០​ថ្ងៃ​នោះ គឺ​គ្រាន់តែ​ទៅ​កាន់​ផ្នែក​ទំនាក់ទំនង​អតិថិជន គឺ​រួចរាល់ ។ ប្រសិនបើ​អ្នក​បាត់​វិក្កយបត្រ អ្នក​ត្រូវ​ប្រគល់​ផលិតផល​ឱ្យទៅ​វិញ ហើយ​ទិញ​ម្តងទៀត​ក្នុង​តម្លៃ​ថោក​ជាង​មុន ។

Dick’s Sporting Goods (១៤​ថ្ងៃ​) ៖ សម្រាប់​ការ​ទិញ​ក្នុង​ហាង អ្នក​ត្រូវ​ទៅ​កាន់​ហាង​ដែល​បាន​ទិញ​ផលិតផល​ជាមួយនឹង​វិក្កយបត្រ ។

Home Depot (១៤​ថ្ងៃ​) ៖ ប្រគល់​ផលិតផល និង​វិក្កយបត្រ​ទៅ​ឱ្យ​ហាង​វិញ​ក្នុងអំឡុងពេល​១៤​ថ្ងៃ ប្រសិនបើ​តម្លៃ​មានការ​ធ្លាក់​ចុះ ។

Kohl’s (១៤​ថ្ងៃ​) ៖ អ្នក​ត្រូវ​មាន​វិក្កយបត្រ​ដើម​ក្នុងអំឡុងពេល​១៤​ថ្ងៃ ទើបបាន ។ ប៉ុន្តែ​មិន​រាប់​បញ្ចូល​នូវ​ផលិតផល​លក់​ក្នុងអំឡុងពេល​លាង​ឃ្លាំង​, ផលិតផល BOGO និង​ផលិតផល Kohl’s Cares ឡើយ ។

Macy’s (១៤​ថ្ងៃ​) ៖ គ្រាន់តែ​ប្រគល់​វិក្កយបត្រ​ក្នុងអំឡុងពេល​១៤​ថ្ងៃ​សម្រាប់​ការ​ទិញ​ក្នុង​ហាង ។

Staples (១៤​ថ្ងៃ​) ៖ ប្រគល់​វិក្កយបត្រ​ក្នុងអំឡុងពេល​១៤​ថ្ងៃ ។

Target (៧​ថ្ងៃ​) ៖ ប្រគល់​វិក្កយបត្រ​ក្នុងអំឡុងពេល​៧​ថ្ងៃ ប្រសិនបើ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ ។ ផលិតផល​លក់​ចេញ​ពេល​លាង​ឃ្លាំង គឺ​មិន​រាប់​បញ្ចូល​ទេ ។

Wal-Mart (៧​ថ្ងៃ​) ៖ Wal-Mart នឹង​ប្រគល់​ប្រាក់​ជូន​អ្នក​វិញ ប្រសិនបើ​មានការ​ធ្លាក់​ចុះ​តម្លៃ​ក្នុងអំឡុងពេល​៧​ថ្ងៃ ។ ប៉ុន្តែ​មិន​រាប់​បញ្ចូល​ផលិតផល​លក់​លាង​ឃ្លាំង ការ​លក់​ពិសេស និង​ការ​បញ្ចុះតម្លៃ​ពិសេស​នោះ​ទេ ។

៣-​ទិញ​ទំនិញ​ជា​ដុំ ៖
សម្រាប់​ការ​ទិញ​ទំនិញ​ជា​ដុំ​ពី​កន្លែង​លក់​បោះ​ដុំ មាន​ផលិតផល​ខ្លះ គឺ​មិនល្អ​សម្រាប់​ការ​ទិញ​ឡើយ ។ ខាងក្រោម​នេះ គឺជា​ផលិតផល​មួយ​ចំនួន​ដែល​មិន​គួរ​ទិញ​ជា​ដុំ ៖

អង្ករសម្រូប ៖ ក្នុង​អង្ករសម្រូប គឺ​មាន​ជាតិ​ប្រេង​ដែល​ធ្វើ​ឲ្យ​វា​ទុក​បាន​តែ​រយៈពេល​៦​ខែ​ជា​មធ្យម​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អង្ករ​ធម្មតា គឺ​អាច​ទុក​បាន​ដោយ​គ្មាន​ពេល​កំណត់​។ ប្រសិនបើ​ចង់​ទិញ​អង្ករសម្រូប ត្រូវ​ចាំ​ថា ទិញ​តែ​ល្មម​សម្រាប់​ការ​ទទួលទាន​ប៉ុន្មាន​ខែ​ទៅ​បាន​ហើយ ។

គ្រឿងទេស ៖ លុះត្រាតែ​អ្នក​បរិភោគ​ហត​ដក និង​បឺ​ហ្គើ​ជា​រៀងរាល់ថ្ងៃ ទើប​អ្នក​អាច​ប្រើប្រាស់​ទឹក​ប៉េងប៉ោះ និង​ទឹកជ្រលក់​ផ្សេង​ៗ​អស់​មុន​ពេល​ពួក​វា​ខូច ។

ប្រេងឆា ៖ មិន​អាច​ទុក​បាន​យូរ​ទេ ដូច្នេះ​គួរ​ទិញ​វា​ឲ្យ​គ្រប់​ចំនួន​ដែល​អ្នក​គិត​ថា អាច​ប្រើប្រាស់​អស់​មុន​ពេល​ហួសកំណត់​ទៅ​បាន​ហើយ ។

គ្រាប់​ផ្លែ​ឈើ ៖ មាន​ជាតិ​ប្រេង​យ៉ាងច្រើន ដូច្នេះ អ្នក​មិន​អាច​ទុក​បាន​យូរ​ទេ មិន​ថា​អ្នក​ទុក​វា​ក្នុង​សីតុណ្ហភាព​ដ៏​ល្អ​ក្តី គឺ​អាច​ទុក​បាន​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។

ស្រា​បៀ ៖ នៅ​ពេល​ដែល​ជិត​មានកម្ម​វិធី​ណាមួយ​ម្តង​ៗ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ទិញ​ស្រា​បៀរ​ទុក ហើយ​ជួនកាល​ថែម​ទាំង​ទិញ​លើស​ទៀត​ផង ។ ប្រសិនបើ​អ្នក​មិន​ចេះ​ផឹក​បៀរ​ទេ ត្រូវ​ចង​ចាំ​ថា ស្រា​បៀរ​អាច​ទុក​បាន​តែ​៣​ទៅ​៥​ខែ​ប៉ុណ្ណោះ ។

៤-​ទិញ​មិន​តថ្លៃ ឬ​ប្រើប្រាស់​គូ​ប៉ុង ៖
ប្រសិនបើ​អ្នក​មើលឃើញ​តម្លៃ​ដែល​កិប​ជាប់​ជាមួយនឹង​ទំនិញ​ហើយ​គិត​ថា វា​ជា​តម្លៃ​ដែល​ត្រូវ​តែ​តាម​នោះ គឺ​អ្នក​គិត​ខុស​ហើយ ។ នៅ​មាន​វិធី​សន្សំ​ប្រាក់​ជា​ច្រើន​ដូច​ជា គូ​ប៉ុង ការ​តថ្លៃ និង​កម្មវិធី​បញ្ចុះតម្លៃ​ផ្សេង​ៗ​ទៀត ។ អ្នក​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ពួក​វា​បាន​ដូច​ខាងក្រោម ៖

គូ​ប៉ុង ៖ នៅ​ពេល​ដែល​អ្នក​ទៅ​ទិញ​នៅ​ឯ​ហាង កុំ​ភ្លេច​យក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទៅ​ជាមួយ​ផង ដោយ​មានកម្ម​វិធី​ទូរស័ព្ទ​ដូច​ជា CouponSherpa និង RetailMeNot  ។ កម្មវិធី​ទាំង​ពីរ​នេះ​នឹង​ផ្តល់​នូវ​គូ​ប៉ុង​ជា​ច្រើន​សម្រាប់​ហាង​រាប់​ពាន់ ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បានការ​បញ្ចុះតម្លៃ គ្រាន់តែ​ឲ្យ​អ្នក​គិត​ប្រាក់​ស្កេ​ន​ជា​ការ​ស្រេច ។

ការ​តថ្លៃ ៖ ត្រូវ​តែ​រក​មើល​កន្លែង​ខូចខាត​ក្នុង​ការ​វេច​ខ្ចប់ ម៉ូ​ដ និង​ផលិតផល​ដែល​មានការ​ខ្វះខាត​ត្រង់​ណាមួយ​ដើម្បី​តថ្លៃ ។ ភាគច្រើន​តម្លៃ​ផលិតផល គឺ​ត្រូវ​បាន​កំណត់​រួច​មក​ហើយ ប៉ុន្តែ​អ្នកគ្រប់គ្រង​តែងតែ​ចង់​លក់​វា​ចេញ​ឲ្យ​បាន​ឆាប់រហ័ស ។ ដូច្នេះ​ហើយ ពួក​គេ​អាច​នឹង​បញ្ចុះតម្លៃ​ជូន​អ្នក​ប្រមាណ​១០% ទៅ​២០% ក៏​ថា​បាន ប្រសិនបើ​អ្នក​សួរ ។

៥-​ទិញ​តែ​របស់​ថ្មី ៖
ប្រសិនបើ​អ្នកមាន​គំនិត​មួយ​ថា របស់​ដែល​ថ្មី គឺ​ល្អ​ជាង​នោះ អ្នក​កំពុង​តែ​ខុស​យ៉ាង​ធ្ងន់​ហើយ​។ អ្នក​អាច​សន្សំ​បាន​ប្រាក់​ជា​ច្រើន ប្រសិនបើ​អ្នក​ជ្រើសរើស​ទិញ​របស់​ដែល​បាន​ប្រើប្រាស់​រួច​ដូច​ជា រថយន្ត សៀវភៅ គ្រឿងសង្ហារិម ឧបករណ៍​ប្រើប្រាស់ និង​ឧបករណ៍​សម្រាប់​ហាត់ប្រាណ​ជាដើម ។

៦-​សម្រុក​ទិញ​ច្រើន នៅ​ពេល​មានការ​បញ្ចុះតម្លៃ ៖
តើ​អ្នក​ធ្លាប់​ពិបាក​សម្រេចចិត្ត​ថា គួរតែ​ទិញ​ច្រើន​ជាង​អ្វី​ដែល​អ្នក​ត្រូវការ ព្រោះ​វា​កំពុង​តែ​ត្រូវ​បាន​បញ្ចុះតម្លៃ​ដែរ​ឬទេ ? វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​ធ្លាក់​ចូល​ទៅ​រក​ការ​ចំណាយ​លើស​កំណត់ ។

វិធី​ដ៏​ងាយស្រួល​ក្នុង​ការ​ចៀសវាង​បញ្ហា​ទិញ​ទំនិញ​ច្រើន​ជាង​អ្វី​ដែល​អ្នក​ត្រូវការ​នោះ គឺ​ទិញ​តែ​អ្វី​ដែល​មាន​ក្នុង​បញ្ជី​ទំនិញ និង​ថវិកា​ដែល​បាន​កំណត់ ។ ត្រូវ​ចង​ចាំ​ថា ការ​ទិញ​ទំនិញ​បញ្ចុះតម្លៃ​ច្រើន​ហួស​នោះ គឺជា​ការ​ខ្ជះខ្ជាយ ៕