លោក ជ្រា ប៊ុនធឿន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​

ករណី​លោក ជ្រា ប៊ុនធឿន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្ត​ត្បូងឃ្មុំ បើករថយន្ត​ប្រដេញ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកឈើ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ប្រភពពី​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក ជ្រា ប៊ុនធឿន កំពុង​ប្រើប្រាស់​លិខិត​បេសកកម្ម​ដែល​ថ្នាក់លើ​ប្រគល់​ឲ្យ​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ ក៏ដូចជា​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ​តាម​អំពើ​ចិត្ត​។ ប្រការនេះ​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ហើយ​គួរ​ទប់ស្កាត់​កុំ​ឲ្យ​លោក ជ្រា ប៊ុនធឿន បង្កបញ្ហា​លើទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

ប្រភពពី​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មាន​អ្នកបើកបរ​រថយន្ត​ដឹកឈើ​២​នាក់ ក្នុងនោះ​ម្នាក់​រងរបួស​បាក់​ភ្លៅ​ទាំងពីរ និង​ម្នាក់ទៀត​របួសធ្ងន់​ដោយសារ​លោក ជ្រា ប៊ុនធឿន បើករថយន្ត​បំ​បុក​ដើម្បី​ជំរិត​ទារប្រាក់​លើផ្លូវ​ជាតិ​លេខ​៧ ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្ដុល​ផ្សារ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​បង្ហាញ​ពី​ភាព​សាហាវឃោរឃៅ​របស់លោក ជ្រា ប៊ុនធឿន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ឈរជើង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ដូច្នេះ​លោក ម៉ៅ ពៅ ដែលជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង ហើយ​មាន​រថយន្ត​សម្រាប់​ប្រដេញ​រថយន្ត​ឈ្មួញ​ដឹកឈើ​និង​ឈ្មួញ​ដឹកទំនិញ​ជំរិត​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​រិះគន់ថា សកម្មភាព​លោក ជ្រា ប៊ុនធឿន បើករថយន្ត​ប្រដេញ​កៀរ​រថយន្ត​ឈ្មួញ​ដឹកឈើ​ជំរិត​យកលុយ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ហើយ​បង្ក​ឲ្យ​ម្ចាស់​រថយន្ត​ដឹកឈើ​២​នាក់​រងរបួស​ធ្ងន់​នោះ ពិតជា​មាន​ភាព​សាហាវ​គួរ​ឲ្យ​ភ័យខ្លាច​។ ហេតុនេះ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក ជ្រា ប៊ុនធឿន និង​បក្ខពួក​ជាបន្ទាន់ ដើម្បី​ឲ្យ​សម​នឹង​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។ ជាងនេះទៅទៀត​មានការ​រិះគន់ថា​ក្រុម​លោក ជ្រា ប៊ុនធឿន ដែល​ទទួលបាន​លិខិត​បេសកកម្ម​ពី​ថ្នាក់លើ​នោះ មិនបាន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​និង​ដឹកទំនិញ​ខុសច្បាប់​ឡើយ ផ្ទុយទៅវិញ​ពួកគេ​ប្រើប្រាស់​លិខិត​បេសកកម្ម​ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកឈើ និង​ឈ្មួញ​ដឹកទំនិញ​ខុសច្បាប់​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​កសិផល​ក៏​ត្រូវគេ​ជំរិត​យកលុយ​ដែរ​៕

%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%96%e1%9f%85-%e1%9e%98%e1%9f%81%e1%9e%9f%e1%9f%92%e1%9e%93%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a-%e1%9e%81%e1%9f%81%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%8f%e1%9f%92

លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ

14212047_1760289997571024_2589349057523743143_n