បាញ់​បញ្ជូន​យាន​មន្ទីរពិសោធន៍​ចិន TIANGONG-2 ទៅ​កាន់​ទី​អវកាស

តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា បាន​បាញ់​បញ្ជូន​មន្ទីរពិសោធន៍​អវកាស TIANGONG-2 របស់​ខ្លួន ទៅ​កាន់ ទី​អវកាស​ដែល​ជា​ការ​បើកផ្លូវ​ទៅ​រក​ការ​បង្កើត​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​មួយ​របស់​ប្រទេស ដែល​ការ​កសាង​ស្ថានីយ​បែប​នេះ​នឹង​បង្ហើយ​ក្នុង​ឆ្នាំ​២០២២ ។

ក្នុង​ពពក​ដែល​ដាស​ដោយ​ផ្សែង​យាន​មន្ទីរពិសោធន៍ TIANGONG-2 ត្រូវ​បាញ់​បញ្ជូន​ដោយ​កាំជ្រួច LONGUE MARCHE 2FT2 ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប JIUGUAN ស្ថិត​នៅ​តំបន់​វាល​ខ្សាច់​ហ្គោ​ប៊ី​ភាគ​ពាយ័ព្យ​ចិន​ឆ្ពោះទៅ​កាន់​ទី​អវកាស ក្រោម​ព្រះ​ចន្ទ​មូល​ក្រឡង់​នៃ​យប់​បុណ្យ​សែន​លោក​ខែ ។ TIANGONG-2 បាន​បំបែក​ខ្លួន​ចេញពី​កាំជ្រួច LONGUE MARCHE-2F T2 ហើយ​ហោះ​ចូល​ក្នុង​តារាវិថី​៥៧៥​វិនាទី ក្រោយ​ការ​បាញ់​បង្ហោះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​លោកស្រី WU PING នាយិកា​រង​នៃ​ការិយាល័យ​វិស្វកម្ម​អវកាស​មាន​បញ្ជូន​មនុស្ស​ទៅ​របស់​ប្រទេស​ថា ពេល​ស្ថិត​ក្នុង​ទី​អវកាស យាន TIANGON-2 មាន​ទម្ងន់​៨,៦​តោន ត្រូវ​ចល័ត​លើ​តារាវិថី ស្ថិត​នៅ​កម្ពស់​ប្រមាណ​ជា​៣៨០​គីឡូម៉ែត្រ​ពី​ផែនដី​សម្រាប់​រយៈពេល​សាកល្បង​ដំបូង​ៗ ។ មន្ទីរពិសោធន៍​អវកាស​នេះ​បន្ទាប់​មក​ត្រូវ​ធ្វើការ​ផ្ទេរ​ទៅ​កាន់​តារាវិថី​មួយទៀត ដែល​ខ្ពស់​ជាង​មុន គឺ​ប្រមាណ​ជា​៣៩៣​គីឡូម៉ែត្រ ពី​ផែនដី​ជា​កម្ពស់​ដែល​អនាគត​ស្ថានីយ​អវកាស​ចិន​ដំណើរ​ការ​មុន​ពេល​យានអវកាស SHENZHOU-11 ត្រូវ​បញ្ជូន​អវកាសយានិក​២​រូប​ទៅ​កាន់​មន្ទីរពិសោធន៍​អវកាស ។ អវកាសយានិក​ទាំងនេះ​នឹង​រស់នៅ​ក្នុង​មន្ទីរពិសោធន៍ TIANGONG-2 រយៈពេល​៣០​ថ្ងៃមុន​ពេល​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ ។

ក្នុង​ខែមេសា ឆ្នាំ​២០១៧ យាន​កា​ហ្គោ​ចិន​ដំបូង​គេ TIANZOU-1 មាន​ន័យ​ថា យាន​ឋានសួគ៌​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់ TIANGONG-2 ដើម្បី​ផ្តល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​សម្ភារ​នានា ។

លោកស្រី WU ប្រកាស​ថា បណ្តា​អ្នក​ជំនាញការ​នឹង​ត្រួតពិនិត្យ ព្រមទាំង​វាយតម្លៃ​លើ​បញ្ហា​បច្ចេកវិទ្យា​សំខាន់​ៗ​ទាក់ទិន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​លើ​តារាវិថី និង​សម្រាប់​ការ​ជួសជុល​ឧបករណ៍ ព្រមទាំង​បណ្តា​សម្ភារ​សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​យូរ​របស់​បណ្តា​អវកាសយានិក​ក្នុង​ទី​អវកាស ។ លោកស្រី​បញ្ជាក់​ថា កម្មវិធី​អវកាស​មាន​មនុស្ស​ទៅ​របស់​ចិន​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មី​នៃ​ការអនុវត្ត និង​អភិវឌ្ឍន៍ ៕