ម៉ា​ឡេ​ស៊ី​អះអាង​ថា បំណែក​រក​ឃើញ​នៅ​តង់​ហ្សា​នី​ជា​បំណែក​យន្តហោះ MH370

ជិត​២​ឆ្នាំ​កន្លះ​ក្រោយ​ការ​ធ្លាក់​យន្តហោះ​ជើងហោះហើរ MH 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍ MALAYSIA AIRLINES ប្រទេស​ម៉ា​ឡេ​ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ថា បំណែក​មួយ​របស់​យន្តហោះ​ប៊ូ​អីុង​៧៧៧ ដែល​រក​ឃើញ​នៅ​ប្រទេស​តង់​ហ្សា​នី​ពិតជា​បំណែក​របស់​យន្តហោះ​បាត់ដាន​រវាង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ និង​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៤ ។ បំណែក​ចុង​ស្លាប​នេះ​ត្រូវ​បាន​រក​ឃើញ​លើ​កោះ PEMBA ក្នុង​មហាសមុទ្រ​ឥណ្ឌា​កាលពី​ខែមិថុនា កន្លង​មកនេះ ។

យន្តហោះ​ដែល​ដឹក​មនុស្ស​២៣៩​នាក់​ហោះ​រវាង​ក្រុង​គូ​ឡា​ឡាំ​ពួរ និង​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៤ បាន​បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា បន្ទាប់​ពី​ហោះ​ងាក​ចេញពី​ផ្លូវ​ហោះហើរ ។ ខណៈ​ការ​ស៊ើបអង្កេត​ជាប់​គាំង​គេ​រក​ឃើញ​បំណែក​ស្លាប​មួយ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា លើ​កោះ REUNION បារាំង ។ បន្ទាប់​ពី​ការ​រក​ឃើញ​នោះ​នា​ដើមខែ​សីហា អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​អះអាង​ថា បំណែក​នេះ​ពិតជា​បំណែក​យន្តហោះ​ជើងហោះហើរ MH370 ។

បំណែក​ដែល​រក​ឃើញ​នៅ​ដែនទឹក​តង់​ហ្សា​នី​ត្រូវ​ពិនិត្យ​នា​ពេល​ខាង​មុខ ដើម្បី​ឱ្យ​ពួក​អ្នកស៊ើប​អង្កេត​ស្វែង​យល់​ពី​អាថ៌​កំបាំង​យ៉ាង​ធំ​នៃ​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ី​វិល​សម័យ​ទំនើប ៕