លី​ប៊ី​ចង់​នាំ​ចេញ​ប្រេងកាត​ឡើង​វិញ

ប្រទេស​លី​ប៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ពី​ការ​បើក​ការ​នាំ​ចេញ​ប្រេងកាត​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​ក្នុង​តំបន់​ប្រេងកាត​ដែល​នៅ​ទីនោះ​ទីតាំង​ប្រេងកាត​សំខាន់​ៗ​ធ្លាក់​ក្នុង​ដៃ​អាជ្ញាធរ​គូប្រជែង​នឹង​រដ្ឋាភិបាល​រួបរួម​ជាតិ GNA ។

ការ​នាំ​ប្រេងកាត​ចេញ​ឡើង​វិញ​ដែល​ប្រាក់​ចំណូល​តំណាង​ឱ្យ​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ថវិការដ្ឋ គឺ​សំខាន់​ណាស់​សម្រាប់​ប្រទេស​នេះ ដែល​ក្រៅពី​មាន​អ​ស្ថេ​រ​ភាព​យ៉ាង​ខ្លាំង​ខាង​ផ្នែក​នយោបាយ និង​សន្តិសុខ​ក៏​ប្រឈម​មុខ​ដែរ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ។

កងកម្លាំង​របស់​ឧត្តមសេនីយ៍​ខា​លី​ហ្វ ហា​ហ្វ​តា ដែល​មាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ដែល​គេ​មិន​ទទួលស្គាល់​មាន​មូលដ្ឋាន​នៅ​ទីក្រុង BAYDA ភាគ​ខាងកើត​ប្រទេស កាលពី​ចន្លោះ​ថ្ងៃ​ទី​១១ មក​ទី​១៣ កញ្ញា វាយ​ដណ្តើម​កាន់កាប់​ទីតាំង​ប្រេងកាត​ក្រុង ZOUEITINA BREGA RAS LANOUF និង AL-SEDRA ។ ក្រុង​កំពង់​ផែ​ប្រេង​ទាំងនេះ​នៅ​ភាគ​ឦសាន​ប្រទេស​មក​ទល់​បច្ចុប្បន្ន​ត្រួតត្រា​ដោយ​កងជីវពល​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ។

បន្ទាប់​មក​អ្នកនាំពាក្យ​របស់​កងកម្លាំង​ស្និទ្ធ​លោក​ហា​ហ្វ​តា ប្រកាស​ពី​ការ​ប្រគល់​ការ​គ្រប់គ្រង​ទីតាំង​ប្រេងកាត​ទាំងនេះ​ឱ្យ​ដល់​ក្រុមហ៊ុន​ប្រេង​ជាតិ NOC ជា​ក្រុមហ៊ុន​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ដូច​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែរ ។ ទោះបី​យ៉ាងនេះ​ក្តី កិច្ច​ការពារ​បណ្តា​ទីតាំង​ប្រេង​ទាំងនោះ​ស្ថិត​លើ​កងកម្លាំង​ស្និទ្ធ​លោកហា​ហ្វ​តា ។

នាយក​របស់​ក្រុមហ៊ុន NOC លោក MUSTAFA SANALLA អះអាង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ទទួល​បន្ទុក​គ្រប់គ្រង​ទីតាំង​ប្រេង​ទាំងនេះ ដែល​ឥឡូវ​មាន​កិច្ច​ការពារ​សន្តិសុខ ។ លោក​គូសបញ្ជាក់​ថា ការ​នាំ​ចេញ​ប្រេង​ឆៅ​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​ចេញពី​កំពង់​ផែ​ប្រេង RAS LANOUF និង ZOUEITINA បន្ទាប់​មក​ពី​ក្រុង​កំពង់​ផែ​ប្រេង BREGA ។ រួច​ការ​នាំ​ចេញ​ប្រេង​ក៏​នឹង​ធ្វើ​ឡើង​វិញ​នៅ AL-SEDRA ដែរ ។

NOC និយាយ​ថា ខ្លួន​នៅ​តែ​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​រួបរួម​ជាតិ តែ​អះអាង​ថា ខ្លួន​អនុវត្ត​ការ​ណែនាំ​នានា​របស់​សភា​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​ស្មោះត្រង់​នឹង​អាជ្ញាធរ​នៅ​ទីនោះ ។

ទោះជា​កងកម្លាំង​ណា​កាន់កាប់​ទីតាំង​ប្រេងកាត​ទាំងឡាយ​ក្តី ក៏​ចំណូល​ពី​ប្រេងកាត​ត្រូវ​ផ្ទេរ​ឱ្យ​ធនាគារកណ្តាល​ដែល​ស្ថិត​ក្រោម​រដ្ឋាភិបាល​រួបរួម​ជាតិ ៕