គូ​ដណ្ដឹង​ជិះ​ម៉ូតូឌុប​គ្នា​រថយន្ត​ដឹក​កម្មករ​បុក

គូ​ដណ្ដឹង​ជិះ​ម៉ូតូឌុប​គ្នា​រថយន្ត​ដឹក​កម្មករ​បុក



ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​នារី​ពីរ​នាក់​ដែល​ជា​គូ​ដណ្តឹង​នឹង​គ្នា បាន​រង​របួសធ្ងន់​ដោយសារ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​គ្រឿង​បុក ខណៈ​ដែល​អ្នក​ទាំង​២​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នៅ
តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៩ និង​១៨០ ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AI-៨០៣០ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ (​ពី​ត្បូង​ទៅ​ជើង​) បាន​បុក​ម៉ូតូ​១​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ស៊េរី​2006 បណ្តាល​ឱ្យឈ្មោះ ស៊ុន ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​ដូងប្រេង​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ និង​ឈ្មោះ​ទ្រី ស៊ា​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​អ្នក​រួម​ដំណើរ​ជិះ​ពីក្រោយ និង​ត្រូវជា​គូ​ដណ្តឹង រង​របួស​បាក់ជើង​ម្ខាង ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​តា​ពៅ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​ហេតុការណ៍​នេះ តាម​ជំហាន​ដំបូង​ថា រថយន្ត​បាន​បើក​ចូល​ទៅ​បុក​ក្នុង​ចំណែក​ផ្លូវ​ខាងស្តាំ​របស់​ម៉ូតូ តែ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ច្បាស់លាស់​ទេ​។ វត្ថុ​តាង​ត្រូវ​បាន​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។ រីឯ​ជន​រង​គ្រោះ​ខាង​ប្រុស ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​វាល​រេញ ចំណែក​នារី​ជា​គូ​ដណ្តឹង​ព្រោះតែ​របួសធ្ងន់​បាក់ជើង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ ៕