ប៊័ររី អន់ចិត្ត​នឹង​តំណែង​តួ​ឯក ក្នុង​រឿង «ម៉ែ​ក្មេក​រើស​កូន​ប្រសារ»

(ភ្នំពេញ)៖ តារាសម្ដែងវ័យក្មេង ពោរពេញដោយទេពកោសល្យ លោក ប៊័ររី បានសម្ដែងការអាក់អន់ចិត្ត ចំពោះតំណែងជាតួឯក​ក្នុងរឿង «ម៉ែក្មេករើសកូនប្រសារ» ខណៈដែលរឿងនេះ មានតួឯកប្រុសស្រីចំនួន៤នាក់ (តួឯកពីរគូ) ប៉ុន្តែឈ្មោះរបស់លោក ហាក់ពុំត្រូវបានគេទទួលស្គាល់​ថា ជាតួឯកនោះទេ ពោលទាំងអ្នកដឹកនាំ​សម្ដែង ទាំងមហា​​ជន ក៏ដូចជាបណ្ដាញ​សារព័ត៌មានទូទៅ តែងយល់ឃើញថា តួឯកក្នុងរឿង​​មានតែពីរនាក់ប៉ុណ្ណោះ គឺ​លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ដោយមិន​ដែលគិតថា រូបលោកប៊័ររី និងតួឯកស្រីម្នាក់ទៀត គឺកញ្ញា គង់ វង្សយ៉ាទី ជាតួឯកក្នុងរឿងនេះ ដូចគ្នាឡើយ។

ប្រភពព័ត៌មានធ្លាយចេញ ពីចង្កោម​អ្នកសិល្បៈដូចគ្នា បានទម្លាយថា ចាប់តាំងពីភាពយន្តរឿង «ម៉ែក្មេករើសកូនប្រសារ» ចាប់ផ្ដើមចេញថតមក មហាជន ក៏ដូចជាសារព័ត៌មានទូទៅ តែងតែចុះផ្សាយជា​បន្តបន្ទាប់ ថា ក្នុងរឿង «ម៉ែក្មេករើសកូនប្រសារ» បានតួឯកតែពីរនាក់ប៉ុណ្ណោះ គឺតារាសម្ដែង លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ិន។ ប៉ុន្តែតាមការពិតរឿងនេះ មានតួឯករហូតដល់ទៅ៤នាក់ (ស្រី២ប្រុស២) ដោយតួគូទី២ គឺលោក ប៊័ររី និងកញ្ញា គង់ វង្សយ៉ាទី។

​ចំណុចដែលមិនបានបញ្ចេញ​ឈ្មោះថា លោកប៊័ររី និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯកក្នុងរឿងនេះ បានធ្វើឲ្យលោក ប៊័ររី មានការអាក់អន់ស្រពន់ចិត្ត ដេកមិនលក់បក់មិនល្ហើយ ចង់ប្រាប់ដល់មហាជន និងអ្នកបណ្ដាញសារព័ត៌មាន​ទាំងអស់ថា លោក និងកញ្ញា យ៉ាទី ក៏ជាតួអង្គឯក ជាតួសំខាន់​ផងដែរ ក្នុងរឿងនេះ ពោលពុំមែនដូចការយល់ច្រឡំថា រឿង«ម៉ែក្មេករើសកូនប្រសារ» មានតួឯកតែពីរនាក់។

ប្រភពព័ត៌មានដដែល​បានបង្ហើបទៀតថា ការទទូចឲ្យមានបញ្ចេញឈ្មោះ របស់តារាសម្ដែង ប៊័ររី នៅពេលនេះ ពុំមែនមានន័យថា លោកមានចិត្តច្រណែន​នឹងតួឯកផ្សេង គឺលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន នោះទេ ប៉ុន្តែលោកចង់ទាមទារអ្វីដែលជាការពិត ជាក់ស្ដែងនៅក្នុងរឿងតែប៉ុណ្ណោះ និងកុំឲ្យទស្សនិកជន មានការយល់ច្រឡំបន្តទៀត។

សូមបញ្ជាក់ថា រឿង «ម៉ែក្មេករើសកូនប្រសារ» ជាស្នាដៃថត​របស់ផលិតកម្ម រ៉ក់ ​ហើយត្រូវដាក់បញ្ចាំង​នៅក្នុងស្ថានីយទូរទស្សន៍ CTN ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប៊ររី ក្ដៅ​ចិត្ត​នឹង​ក្រុមហ៊ុន​រថយន្ត​ក្រុង រិទ្ធី​ មុនី បោក​ប្រាស​​់រូប​លោក​ស្រស់ៗ ។ គួររំលឹកផងដែរថា តារាសម្ដែងប្រុសដ៏ស្រស់សង្ហា មានពុកចង្កាតិចៗ លោក ប៊ររី តារាចម្រៀងប្រចាំក្រុម ស៊ីអេសអឹម បច្ចុប្បន្នត្រូវបានគេមើលឃើញថា មានអាជីពយ៉ាងច្រើន ក្នុងវិស័យសិល្បៈ សូម្បីអាជីពពិធីករ ក៏លោកអាចធ្វើបាន ក្រៅពីនេះលោកឆ្លៀតថតឈុតកំប្លែងខ្លីៗទៀត ហើយកំប្លែងស្ងួតបែបប្រុសស្អាត។ ថ្មីៗនេះតារាសម្ដែង លោក ប៊ររី បានផ្ទុះកំហឹងឆាបឆេះឆួល ជាមួយនឹងក្រុមហ៊ុនរថយន្តក្រុង ដឹកអ្នកដំណើរមួយ ដែលបានធ្វើឲ្យលោកខកដំណើរ ហើយគិតថា ក្រុមហ៊ុននេះបានបោកប្រាសអតិថិជនស្រស់ៗតែម្ដង។

លោក ប៊ររី នៅថ្ងៃនេះ បានបង្ហាញអារម្មណ៍ឆេះដុំ ជាមួយក្រុមហ៊ុនឡានក្រុងមួយ ដែលបានបោកប្រាសរូបលោក ហើយខលមិនលើកទៀត ធ្វើឲ្យលោកទប់អារម្មណ៍មិនបាន បញ្ចេញសំណេរក្ដៅចិត្ត ក្នុងបណ្ដាញសង្គមថា «រិទ្ធិ មុនី ដឹកអ្នកដំណើរ ដល់ម៉ោងអ្នកដំណើរមកដល់អត់ឃើញ ស្រមោលឡានសោះ គឺថាបោកគ្រាប់បែកស្អាតអ៉ីចឹងម៉ង call អត់លើកទៀត សាហាវម៉ង សូមអ្នកទាំងអត់គ្នាប្រយ័ត្ន ក្រុមហ៊ុនមួយនះ!!!»។

ចំណែកឯអ្នកគាំទ្រតារាសម្ដែង លោក ប៊ររី វិញ បាននិយាយថា «ក្រុមហ៊ុននេះព្រហើនណាស់ ហ៊ានបោកសូម្បីតែ តារាល្បី តែកន្លងមកក្រុមដឹកអ្នកដំណើរមួយនេះ ប្រឈមនឹងរឿងអាស្រូវច្រើនគួរសម ដែលមិនគួរយកលុយ និងពេលវេលាទៅប្រថុយ សម្រាប់អ្នកត្រូវធ្វើដំណើរបន្ទាន់បែបនេះឡើយ!»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload