រត់ចេញ​មកឈាមដាបជោកខ្លួន​ស្រែក «ជួយផង»…

រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​​រង​​ការ​​កាប់​ប្រហារ​ជា​ច្រើន​កាំបិត និង​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ បណ្តាល​ឱ្យ​បាក់​ភ្លៅ​ម្ខាង​​ ​ក្នុង​ជម្លោះ​មួយ​​បង្ក​​ឱ្យ​​​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​អធ្រាត្រ​ក្នុងទឹកដី​​ខណ្ឌ​ដូនពេញ ដែល​បង្ក​​ឡើង​ដោយ​បក្ស​ពួក​មានគ្នា​​​ពីរ​នាក់​ទៀត​ ​មិនដឹងពី​មូលហេតុនោះទេ ។

​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០១ និង​១០​នាទី​​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦ ​កញ្ញា ​២០១៦ ស្ថិតនៅ​ក្នុង​តំបន់​​ មិន​រៀបរយ​តាម​បណ្តោយ​ផ្លូវដែក (​ខាង​មុខ​ក្តាន់​ពីរ​) ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។

តាម​ប្រភព​ឱ្យ​ដឹង​​ថា បុរស​រង​គ្រោះ​​ឈ្មោះ​សាម ផា​ន់​ណា ហៅ​ថុ​នា អាយុ​៣៦​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ (​​រង​របួស​យ៉ាងធ្ងន់ធ្ងរ) ដោយ​​ត្រូវ​គ្រាប់​​បាក់​ជើង​ម្ខាង និង​​ត្រូវជា​ច្រើន​កាំបិត​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ ​។​

មុន​​កើតហេតុ ខណៈ​​​ដែល​យប់​ជ្រៅ​ស្ងាត់ជ្រងំ​ហើយនោះ​ គេ​​ឮ​សំឡេង​ឈ្លោះ​គ្នា​​យ៉ាង​ខ្លាំង​​បាន​កើតឡើង​ រវាង​បុរស​​​រង​គ្រោះ និង​បុរស​ជា​បក្សពួកមានគ្នា២នាក់ ​នៅ​ក្នុងទី​ងងឹត​មួយ​កន្លែង​ខាងលើ ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​ឡើយ​ ។ ​

តាម​ប្រភព​ដដែល​​​​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ​ក៏​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះអាវុធ​មួយ​គ្រាប់​កើតឡើង និង​ឮ​សំឡេង​ស្រែក​របស់​ជន​រង​គ្រោះ​​ឱ្យ​គេឯង​ជួយ ក៏​ធ្វើ​ឱ្យ​មានការ​រ​ភ្ញាក់ផ្អើល​ទៅ​អ្នក​រស់នៅ​ជិតខាង​តែ​ម្តង ​។ ​ភ្លាម​នោះ ​គេ​ក៏​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​រត់​ចេញ​មក​ខាងក្រៅ ​ទាំង​មាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ដោយសារ​តែ​ក្រុ​ម​ជន​ដៃដល់​បាន​ប្រើប្រាស់​អាវុធ​ខ្លី​បាញ់​មួយ​ដើម​ធ្វើការ​បាញ់ប្រហារ​មួយ​គ្រាប់​ បណ្តាលឱ្យ​បាក់​ភ្លៅ​ខាងឆ្វេង​ម្ខាង និងរង​នូវ​ការ​កាប់​ប្រហារ​ជា​ច្រើន ​កាំបិត​រង​របួស​ពេញ​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ពួក​គេ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង​។​

ក្នុង​ជម្លោះ​នោះដែរ ត្រូវ​បាន​ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា អាច​បណ្តាល​មក​ពី​ករណី​ពាល​ស៊ី​ពាល ​ឬ​រឿង​ស៊ីដាច់​គ្នា​ក្នុង​រឿង​អ្វីមួយ ដោយសារ​តែ​បុរស​រង​គ្រោះ និង​ក្រុម​ជន​ដៃដល់​ទាំង​ពីរ​នាក់​ជា​បក្សពួក​តែ​មួយ ហើយ​ក្នុង​តំបន់​មិន​រៀបរយ​កើតហេតុ​ខាងលើ​ក៏​សំបុក​ចែកចាយ និង​ជាទី​តាំង​ប្រើប្រាស់​ថ្នាំ​ញៀន​ដ៏​ធំ​មួយ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ បុរស​រង​គ្រោះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​យប់ ទើប​កម្លាំង​មាន​សម្ថ​កិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ទាំង​២នាក់​ ដែល​គេ​បាន​ស្គាល់ និង ដឹង​អ​ពី​អត្តសញ្ញាណ​អស់ហើយ​នោះ យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ ។