កម្ពុជា​ទទួល​ថវិកា ១,៣​លាន​ដុល្លារ​ពី UNEP សម្រាប់​ការពារ​ស្រទាប់​អូហ្សូន រយៈពេល​ជាង ១០​ឆ្នាំ​ និពន្ធដោយ : រឿន ភារុន       September-16-2016, 3:58 pm         182

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ទទួល​ថវិកា ១,៣​លាន​ដុល្លារ​ពី UNEP សម្រាប់​ការពារ​ស្រទាប់​អូហ្សូន រយៈពេល​ជាង ១០​ឆ្នាំ​​ភ្នំពេញ​៖ កម្ពុជា​បានទទួល​ថវិកា​ចំនួន ១​លាន​៣​សែន​ដុល្លារ​ពី​លេខាធិការដ្ឋាន​អូហ្សូន នៃ​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ (United Nations Environment Programme) សម្រាប់ ចូលរួម​ការពារ និង​ទប់ស្កាត់​ការបំផ្លាញ​ស្រទាប់​អូហ្សូន​លើ​ភពផែនដី រយៈពេល​ជាង ១០ ។ នេះ​បើតាម​លោក ហេង ណា​រ៉េត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​។​

​លោក ហេង ណា​រ៉េត បាន​ឲ្យ​ដឹងថា ការផ្តល់​ជំនួយ​ថវិកា​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​កម្ពុជា​បានក្លាយ​រដ្ឋ​ហត្ថលេខី​នៃ​អនុ​ញ្ញា​ទីក្រុង​វី​យ៉ែ​ន ស្តីពី កិច្ចការពារ​ស្រទាប់​អូហ្សូន និង​ពិធីសារ​ម៉ុងរ៉េអាល់​ស្តីពី សារធាតុ​បំផ្លាញ​ស្រទាប់អូស្សូន ចាប់ពី​ឆ្នាំ ២០០១ រហូតមក​។​

​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ការចូលរួម​របស់​ក​ម្ពុ​ជា​ក្នុង​កិច្ចការពារ​ស្រទាប់​អូហ្សូន នៅ​ថ្ងៃទី ១៦ កញ្ញា​នេះ​។ លោក​បាន​ថ្លែង​ក្នុងឱកាស​ចូលរួម​សាទរ​ទិវា​អន្តរជាតិ ស្ដីពី កិច្ចការពារ​ស្រទាប់​អូហ្សូន នៅ​ក្រសួងបរិស្ថាន​ថា កម្ពុជា​ពុំ មែន​ជា​ប្រទេស​ផលិត​ឧបករណ៍​បរិក្ខារ​ប្រើប្រាស់​សារធាតុ​ក្លូ​រ៉ូ​ភ្លុយអ​រ៉ូ​កាបូន (CFC) និង ហាយ​ដ្រូ ភ្លុយអ​រ៉ូ​ការ​បូ​ន (HFC) ដែល​បំផ្លាញ​ស្រទាប់អូស្សូន​ឡើយ​។​

​លោក​បន្តថា ឧបករណ៍ប្រើប្រាស់​ទាំង​នេះ ត្រូវបាន​ផលិតឡើង​ក្នុងប្រទេស​អភិវឌ្ឍ​ឧស្សាហកម្ម​ធំៗ​តែប៉ុណ្ណោះ ពិសេស​គឺ ឧបករណ៍​បរិក្ខា​បំ​ត្រជាក់​។ ហើយ​ថា អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ដែលមាន​ចម្ងាយ​ពី​ភពផែនដី​ចន្លោះ​ពី ១៦ ទៅ ៥០​គីឡូម៉ែត្រ​នេះ ក្នុង​ឆ្នាំ ១៩២៨ ហើយ​វា​ចាប់ផ្តើម​បំ​ផ្លា​យ​ស្រទាប់​អូហ្សូន​ចាប់តាំងពី​ឆ្នាំ ១៩៨២ មក​ម្លេះ​។​

«​សារធាតុ​ទាំងនេះ បាន​ដុត​ស្រទាប់​អូហ្សូន​ដែលជា​ប្រព័ន្ធ​ការពារ​ភពផែនដី​ពី​កាំរស្មី​ពណ៌​ស្វាយ (UV) ពិសេស​នៅ​តំបន់​ប៉ូល នាំ​ឲ្យ​ផែនដី​កើន​កំដៅ​។ វា​មាន​អាយុកាល​វែង​ដល់​ទៅ ១៥​ឆ្នាំ ហើយ​កម្តៅ​ចាប់ពី ១​ពាន់​អង្សា​ទើប​អាច​ដុតបំផ្លាញ​វារ​លាយ​បាន ព្រោះ​វា​ជា​បណ្តុំ​ត្រជាក់​ខ្លាំង​កក​លើ​ស្រទាប់​អូហ្សូន​»​។ នេះ​ជា​អះអាង​របស់លោក ហេង ណា​រ៉េត ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ កន្លងទៅ​។​

​លេខាធិការដ្ឋាន​អូហ្សូន នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ​បានកំណត់​យក​ប្រធានបទ អូហ្សូន និង​អាកាសធាតុ​ត្រូវបាន​ស្តារឡើងវិញ នៅពេលដែល​ពិភពលោក​មានការ​រួបរួម​គ្នា សម្រាប់​ប្រារព្ធ​ទិវា​អូហ្សូន​អន្តរជាតិ ក្នុង​ឆ្នាំ ២០១៦​នេះ​។

​លោក ហេង ណា​រ៉េត បាន​ឆ្លៀត​យក​ឱកាស​សាទរ​ទិវា​អូហ្សូន​អន្តរជាតិ​បង្ហាញ​ពី​ផលវិបាក​នៃ ការបំផ្លាញ​ស្រទាប់​អូហ្សូន​ផងដែរ​។ លោក​និយាយថា កាំរស្មី​ពណ៌​ស្វាយ (UV)​ដែល​ជះ​មកលើ​ភពផែនដី​ផ្ទាល់ ដោយ​ពុំ​ឆ្លងកាត់​ប្រព័ន្ធ​អូហ្សូន នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ  សម្ភារៈ​ប្រើបាស់​នានា ពិសេស​គឺ កាត់បន្ថយ​ទ​ន្និ​ផល​កសិកម្ម​លើ​ផែនដី​។​

​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​រូបនេះ បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​ប្រើប្រាស់​ថវិកា UNEP បញ្ឈប់​ការប្រើប្រាស់​សារធាតុ CFC ទាំងស្រុង​ក្នុង​ឆ្នាំ ២០០៩ មុន​គម្រោង UNEP ក្នុង​ឆ្នាំ ២០១០ ទៀតផង ស្របតាម​ពិធីសារ​ការពារ​ស្រទាប់​អូហ្សូន​ជា​អន្តរជាតិ​។ លោក​សង្កេតឃើញថា កម្ពុជា​រងគ្រោះ​ពី​ឥទ្ធិពល​នេះ​តិចតួច ធៀប​នឹង​ប្រទេស​អភិវឌ្ឍ ព្រោះ​កម្ពុជា ពុំមែន​អ្នក ផលិត​ឧបករណ៍ប្រើប្រាស់​ផ្ទុក​សារធាតុ​ទាំង​នេះឡើយ​។​

​តាម​លោក ហេង ណា​រ៉េត រដ្ឋ​ហត្ថលេខី​ចំនួន ១៩៧​ប្រទេស រួមទាំង​កម្ពុជា ប្តេជ្ញា​រួមគ្នា​ជាស​កល ជួយ​ឲ្យ​ស្រទាប់​អូហ្សូន​ត្រឡប់​ដូច​ប្រក្រតី​វិញ នៅក្នុង​ឆ្នាំ ២០៤០ ។ គួរ​បញ្ជាក់ថា UNEP បាន​ប្រារព្ធ​ទិវា អូហ្សូន​អន្តរជាតិ នៃ​ការបង្កើត អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន​ស្តីពី កិច្ចការពារ​ស្រទាប់​អូហ្សូន ខួប​លើក​ទី​៣១ និង​ពិធីសារ​ម៉ុងរ៉េអាល់​ស្តីពី សារធាតុ​បំផ្លាញ​ស្រទាប់អូស្សូន លើក​ទី ២៩ នៅ​ថ្ងៃទី​១៦ ខែកញ្ញា​នេះ ជា​រៀងរាល់ឆ្នាំ​។ អង្គការ​បរិស្ថាន UN មួយ​នេះ បាន​ប្រារព្ធ​ទិវា​អូហ្សូន​អន្តរជាតិ ចាប់តាំងពី ឆ្នាំ​១៩៩៥ មក​ម្លេះ ដើម្បី​រម្លឹក​ថ្ងៃ​បង្កើត​ពិធីសារ​ម៉ុងរ៉េអាល់ ក្នុង​ឆ្នាំ ១៩៨៧ ៕