តិចនិចសាមញ្ញៗ និងងាយស្រួល សម្រាប់កម្ចាត់បញ្ហាគេងស្រមុក បានយ៉ាងមានប្រសិទ្ធភាព

វាជារឿងធម្មតា ដែលមនុស្សរាល់គ្នា តែងស្រមុកម្តងម្កាល ប៉ុន្តែប្រសិនបើវាកើតឡើង ជាញឹកញាប់នោះវាអាចប៉ះពាល់ដល់បរិមាណ និងគុណភាពការគេងរបស់អ្នក សមាជិកគ្រួសារ និងអ្នកដែលគេងជាមួយគ្នា។ ការគេងស្រមុក អាចឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ មានភាពអស់កម្លាំងនៅពេលថ្ងៃ ឆាប់ខឹង និងប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ ជាងនេះទៅទៀត វាអាចផ្តល់ជាការរំខានដល់ដៃគូ និងអាចបង្កើតជាបញ្ហាទំនាក់ទំនង រវាងគ្នានឹងគ្នា។ ហើយការគេងបែកបន្ទប់គ្នាក៏មិនមែនជា ដំណោះស្រាយដែរ។

# អ្វីទៅជាបញ្ហាគេងស្រមុក?

ការគេងស្រមុក កើតឡើងនៅពេលដែលខ្យល់ដង្ហើម មិនអាចឆ្លងកាត់ច្រមុះ និងបំពង់ក បានប្រក្រតី បណ្តាលឲ្យជាលិកាជុំវិញនោះញ័រ និងធ្វើឲ្យមានសម្លេងស្រមុកចេញមក។ មនុស្សដែលគេងស្រមុក មានបញ្ហាសុខភាពភាគច្រើនទាក់ទង នឹងបំពង់ក និងច្រមុះ។ រីឯ ទីតាំងរបស់អណ្តាត ក៏ជាចំណែក ប៉ះពាល់ដល់ដំណើរការខ្យល់ដង្ហើមផងដែរ។ 

# មូលហេតុដែលបណ្តាលឲ្យគេងស្រមុក

• លើសទម្ងន់ ៖ ជាលិកាខ្លាញ់ និងសាច់ដុំខ្សោយ ជាមូលហេតុធំបំផុត របស់បញ្ហាអ្នកគេងស្រមុក។ ទោះបីជាអ្នកមិនជាធាត់ខ្លាំងក៏ដោយ បើអ្នកមានសាច់ច្រើននៅជុំវិញ ក ឬបំពង់ ក ក៏អាចឲ្យអ្នកគេងស្រមុកបានដែរ។

• អាយុ ៖ នៅពេលដែលអ្នកឈានចូលវ័យពាក់កណ្តាលអាយុ ឬចាស់ជាងនេះ បំពង់ក របស់អ្នកនឹងកាន់តែតូច សាច់ដុំបំពង់ក ក៏កាន់តែតូច។

• ពីធម្មជាតិ ៖ មនុស្សប្រុស មានផ្លូវដង្ហើមតូចជាងមនុស្សស្រី ជាហេតុដែលមនុស្សប្រុសមានបញ្ហាគេងស្រមុក ជាងមនុស្សស្រី។ បំពង់កតូច ក្រអូមមាត់ឆែប ដុះសាច់បំពង់ក និងលក្ខណៈរាងកាយផ្សេងទៀត សុទ្ធតែអាចបង្កើតជាបញ្ហាស្រមុក។

• ច្រមុះ និងប្រហោងឆ្អឹងមានបញ្ហា ៖ អាការៈតឹងច្រមុះ ឬការរាំងស្ទះផ្លូវដង្ហើម ធ្វើឲ្យមានការលំបាកដល់ការដកដង្ហើម និងបណ្តាលឲ្យមានបញ្ហាគេងស្រមុក។

• ការសេពគ្រឿងស្រវឹង ជក់បារី និងថ្នាំពេទ្យមួយចំនួន ៖ ការទទួលទានគ្រឿងស្រវឹង ការជក់បារី និងថ្នាំពេទ្យមួយចំនួន ក៏អាចធ្វើឲ្យមានបញ្ហាគេងស្រមុកដែរ។

• ឥរិយាបថគេង ៖ ការគេងផ្ងារត្រង់ខ្នងភ្លឹង អាចធ្វើឲ្យស្ទះខ្យល់ដង្ហើម ក្នុងបំពង់កបាន រួចបណ្តាលឲ្យស្រមុកតែម្តង។

ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកគេងស្រមុកដោយសារមូលហេតុអ្វីទេ យើងមានដំណោះស្រាយជាច្រើន ខាងក្រោមនេះ ដើម្បីដោះស្រាយបញ្ហាគេងស្រមុករបស់អ្នកបាន យ៉ាងមានប្រសិទ្ធភាព ៖

១. ផ្លាស់ប្តូរឥរិយាបថគេង

ការគេងផ្ងារ ធ្វើឲ្យគល់អណ្តាត និងក្រអូមមាត់ធ្លាក់ទៅផ្ទៃបំពង់ក ដែលបង្កជាសម្លេងស្រមុក នៅពេលកំពុងគេង។ ហេតុនេះ ការគេងផ្អៀង ឬគេងចំហៀង អាចជួយបង្កាបញ្ហាស្រមុកនេះបាន។ អ្នកអាចប្រើខ្នោយឱប ដើម្បីជាដំណោះស្រាយ ដោយទប់អ្នកឲ្យគេងផ្អៀងបានយ៉ាងងាយស្រួល។ អ្នកអាចបិទកូនបាល់តូចមួយ នៅពីក្រោយអាវគេងយប់ ដើម្បីបញ្ឈប់អ្នក កុំឲ្យគេងផ្ងារបាន។ វិធីមួយទៀតគឺគេងលើខ្នើយកើយខ្ពស់ ដើម្បីចំហរផ្លូវដង្ហើមរបស់អ្នក ប៉ុន្តែវាអាចបណ្តាលឲ្យអ្នកឈឺ ក។ ប្រសិនបើមិនមែនដោយសារអ្នកគេងផ្ងារទេនោះ អ្នកអាចមានបញ្ហាគេងមិនដកដង្ហើម (ត្រូវទៅជួបគ្រូពេទ្យ ដើម្បីព្យាបាល)។ 

២. សម្រកទម្ងន់

អ្នកដែលស្គម ក៏អាចគេងស្រមុកដែរ ហេតុនេះ ការសម្រកទម្ងន់មិនមែនជាករណីទូទៅទេ។ ប្រសិនបើអ្នកចាប់ផ្តើមឡើងទម្ងន់ និងចាប់ផ្តើមស្រមុក (មុនពេលឡើងទម្ងន់ មិនធ្លាប់ស្រមុក) នោះមានតែការសម្រកទម្ងន់ទេ ដែលអាចជួយអ្នកបាន។ ជាពិសេស ការឡើងសាច់នៅត្រង់ ក តែម្តង ដែលវាជាហេតុ បណ្តាលឲ្យអ្នកគេងស្រមុក។

៣. ចៀសវាងការទទួលទានគ្រឿងស្រវឹង

គ្រឿងស្រវឹង និងបណ្តាថ្នាំរំងាប់ការឈឺចាប់ ធ្វើឲ្យបង្កជាសម្លេងក្នុងបំពង់ក ដែលសម្លេងនោះគឺជាសម្លេងស្រមុកហ្នឹងហើយ។ ការញ៉ាំគ្រឿងស្រវឹង នៅមុនពេល ដែលអ្នកត្រូវចូលគេង ៤ ទៅ ៥ ម៉ោង នោះកាន់តែធ្វើឲ្យអ្នកគេងស្រមុក កាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។ អ្នកដែលមិនធ្លាប់គេងស្រមុក ក៏នឹងស្រមុកបានដែរ ប្រសិនបើពួកគេ ទទួលទានគ្រឿងស្រវឹង។

៤. ចៀសវាងភាពហត់នឿយខ្លាំង

ទម្លាប់នៃការចូលគេង ក៏មានឥទ្ធិពលដូចទៅនឹង ការទទួលទានគ្រឿងស្រវឹង យ៉ាងអញ្ចឹងដែរ។ ឧទាហរណ៍ដូចជា ការធ្វើការច្រើនម៉ោង ដោយមិនបានសម្រាកគ្រប់គ្រាន់ មានន័យថា អ្នកនឹងមកដល់ផ្ទះ ជាមួយនឹងភាពហត់នឿយយ៉ាងខ្លាំង។ នៅពេលដែលអ្នកចូលគេង អ្នកប្រាកដជាគេងលក់ភ្លឹង និងស្កប់ស្កល់បំផុត ដោយភាពហត់នឿយ ជាហេតុបណ្តាលឲ្យសាច់ដុំរបស់អ្នកប្រែជាញ័រ រួចបង្កើតបានជាសម្លេងស្រមុក។

៥. បើកផ្លូវដង្ហើម

ប្រសិនបើអ្នកស្រមុកចេញពីច្រមុះ អ្នកគួរតែធ្វើយ៉ាងណាឲ្យផ្លូវដង្ហើមត្រង់ច្រមុះមិនមានបញ្ហារាំងស្ទះ ដើម្បីឲ្យអ្នកអាចដកដង្ហើមបានយឺតជាងមុន ព្រោះបើផ្លូវដង្ហើមកាន់តែតូច ខ្យល់ឆ្លងកាត់កាន់តែលឿន ធ្វើឲ្យមានសម្លេងស្រមុក។

អ្នកគួរងូតទឹកក្តៅឧណ្ណៗ មុនពេលចូលគេង។ ទន្ទឹមនឹងនោះដែរ អ្នកគួរប្រើទឹកអំបិល មកលាងច្រមុះរបស់អ្នកបន្ថែមទៀត ដើម្បីបើកផ្លូវដង្ហើមអ្នកបាន យ៉ាងមានប្រសិទ្ធភាព។

៦. ផ្លាស់ប្តូរខ្នើយកើយ

ប្រតិកម្មអាឡែរហ្ស៊ី (allergy) ដែលមាននៅក្នុងបរិវេណបន្ទប់គេង និងលើខ្នើយកើយ របស់អ្នក ក៏អាចបង្កជាបញ្ហាគេងស្រមុកបានដែរ ព្រោះវាមានធូលីដីម៉ដ្ឋផង់ កកកុញពាសពេញនោះ។ ជាពិសេស អ្នកដែលដាក់សត្វចិញ្ចឹម ឲ្យគេងជាមួយ។

អ្នកគួរយកខ្នើយកើយទៅហាលខ្យល់ រៀងរាល់ ២ សប្តាហ៍ម្តង និងផ្លាស់ប្តូរវាចេញ រៀងរាល់រយៈពេល ៦ ខែម្តង ដើម្បីកាត់បន្ថយធូលីដី ដែលអាចធ្វើឲ្យអ្នកប្រតិកម្ម។ មួយវិញទៀត មិនត្រូវឲ្យសត្វចិញ្ចឹមចូលក្នុងបន្ទប់គេងរបស់អ្នកទេ។

៧. ទទួលទានទឹកឲ្យបានគ្រប់គ្រាន់

អ្នកត្រូវតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អ្នកដឹងទេថា ច្រមុះ និងមាត់ របស់អ្នកនឹងប្រែជាស្អិត ប្រសិនបើអ្នក ទទួលទានទឹកមិនគ្រប់គ្រាន់ ដែលជាលទ្ធផល បង្កឲ្យអ្នកគេងស្រមុក។ បើយោងទៅតាមវិទ្យាស្ថានវេជ្ជសាស្រ្ត មនុស្សស្រី យ៉ាងហោចណាស់ ត្រូវទទួលទានទឹកឲ្យបាន ១១ កែវក្នុងមួយថ្ងៃ រីឯបុរសវិញ យ៉ាងហោចណាស់ក៏ ១៦ កែវឡើងដែរ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិចនិចសាមញ្ញៗ និងងាយស្រួល សម្រាប់កម្ចាត់បញ្ហាគេងស្រមុក បានយ៉ាងមានប្រសិទ្ធភាព

តិចនិចសាមញ្ញៗ និងងាយស្រួល សម្រាប់កម្ចាត់បញ្ហាគេងស្រមុក បានយ៉ាងមានប្រសិទ្ធភាព

តិចនិចសាមញ្ញៗ និងងាយស្រួល សម្រាប់កម្ចាត់បញ្ហាគេងស្រមុក បានយ៉ាងមានប្រសិទ្ធភាព