តែ​ជាង​១​ម៉ោង​សោះ អស់​ផ្ទះក្បឿង​ធំ​ៗ២​ខ្នង

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ត្រឹមតែ​រយៈ​ពេល​ជាង​១​ម៉ោង​សោះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ធំ​ៗ២​ខ្នង​ស្មើ​និង​៦​ដំបូល​បាន​រង​ការ​ឆាបឆេះ​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ហាន់ជ័យ​ទី​៣ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ។

មិន​មាន​សេចក្តីរាយការណ៍​ជាក់លាក់​ណាមួយ​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គី​ភ័យ​នេះ​ថា​ផ្តើម​ចេញពី​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ តែបើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ព័ត៌មាន​ក៏​ដូច​ជា​អ្នក​ឃើញ​ហេតុការណ៍​នៅ​ក្បែរ​នោះ​បាន​ប្រាប់​នគរបាល​ថា មូលហេតុ​ដែល​ផ្តើម​ឲ្យ​មាន​អគ្គិភ័យ​នេះ​គឺ​បណ្តាល​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ពីព្រោះ​គេ​បានឃើញ​ភ្លើង​បាន​ឆេះ​ហុយ​ចេញពី​កាប៊ី​ន​ភ្លើង​នៅ​ខាងក្រោយ​ផ្ទះ ហើយ​ក៏​បាន​ឆេះ​រាលដាល​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ឌួ​ង សុ​ទ្ឋី អធិការ​នគរបាល​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​ថា នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ជិត​១០​ឡាន ដើម្បី​បាញ់​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆាប់ឆេះ​រាលដាល​បន្ត ។

លោក​អធិការ​បាន​អះអាង​ថា ក្រៅពី​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ធំ​ៗ២​ខ្នង​ផ្ទះ​ត្រូវ​បាន​ឆេះ​អស់​ក្នុងអំឡុងពេល​ជាង​១​ម៉ោង​នោះ ក្នុង​នោះ​មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ទេ ៕