ពលរដ្ឋ​ជាង​២​ពាន់​នាក់​​​ខកខាន​មិន​បាន​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រតនគិរី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញ​ពី​ក្រុង​បានលុង នៅ​រសៀល​ម៉ោង​១ ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដើម្បី​បន្ត​ដំណើរ​ទៅ​សួរ​សុខទុក្ខ​រាស្ត្រ និង​មន្ត្រី​រាជការ​នៅ​ខេត្ត​ស្ទឹងត្រែង ខណៈ​ដែល​ប្រជាពលរដ្ឋ​ច្រើន​ក្រុម​នៅ​ខេត្ត​រតនគិរី ខកខាន​មិនបាន​ផ្ដល់​ញត្តិ និង​បង្ហាញ​នូវ​ទុក្ខ​លំបាក​ពួកគាត់​ជូន​លោក​នាយករដ្ឋមន្ត្រី​ជួយ​ដោះស្រាយ។

មនុស្ស​ប្រមាណ​ជាង ២​ពាន់​នាក់​បាន​នាំ​គ្នា​មក​រង់ចាំ​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​​ផ្លូវ​ចូល​ផ្សារ​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដោយ​រំពឹង​ថា ប្រមុខ​ដឹកនាំ​នឹង​ចុះ​សួរ​សុខទុក្ខ​​រាស្ត្រ​នៅ​ទីផ្សារ​នេះ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ក៏​មាន​ប្រជាពលរដ្ឋ​ច្រើន​ក្រុម​ខ្លះ​រស់​នៅ​ក្រុង​បានលុង ខ្លះ​មក​ពី​ស្រុក​លំផាត់ អូរយ៉ាដាវ ស្រុក​បរកែវ ស្រុក​កូនមុំ ជាដើម នាំ​យក​ញត្តិ ឬ​ឯកសារ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី ការ​សុំ​សិទ្ធិ​កាន់កាប់​ដីធ្លី ដែល​ពួកគាត់​កំពុង​រស់​នៅ និង​ខ្លះ​ទៀត​ជា​អតីត​យោធា​ពិការ​ចង់​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​ពួកគាត់។

ស្ត្រី​មួយ​រូប​ក្នុង​ចំណោម​អ្នក​ភូមិ ៦​គ្រួសារ រស់​នៅ​ឃុំ​កក់ ស្រុក​បរកែវ ដួល​សន្លប់​ខណៈ​ព្យាយាម​រៀបរាប់​ពី​ទុក្ខ​ព្រួយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​មាន​ប្រាក់​មាន​អំណាច​ហើយ រឿង​ក្តី​នេះ​អូស​បន្លាយ​ច្រើន​ឆ្នាំ​ដែល​អ្នក​ភូមិ​មិន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌៖ «»។

ចំណែក​ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​ទៀត​មាន​លំនៅ​ជាប់​នឹង​ពន្ធនាគារ​ខេត្ត​ក៏​មាន​កង្វល់​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​ផ្ដល់​កម្មសិទ្ធិ​ដី​លំនៅឋាន ខណៈ​មន្ត្រី​មូលដ្ឋាន​មិន​ផ្ដល់​សិទ្ធិ​កាន់កាប់​ដី​ដល់​ពួក​​គាត់​ដោយ​សំអាង​ថា ដី​តំបន់​នោះ​ជា​ដី​ចុះបញ្ជី​របស់​ពន្ធនាគារ​ខេត្ត៖ «»។

ពលរដ្ឋ រតនគិរី ហ៊ុន សែន ៨៥៥
ពលរដ្ឋ​​រង់ចាំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខាង​មុខ​ផ្សារ​​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Ratha Visal

រហូត​មក​ទល់​នឹង​ម៉ោង​ជាង ១២ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មាន​ទុក្ខ​កង្វល់​ភាគ​ច្រើន​បន្ត​រង់ចាំ​រហូត​ម៉ោង ២​រសៀល ខណៈ​លោក​នាយករដ្ឋមន្ត្រី​​ចាក​ចេញ​ពី​ក្រុង​បានលុង ទៅ​ហើយ។

អ្នកនាំពាក្យ និង​ជា​អភិបាលរង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជួប​សួរសុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ខ្លះៗ​របស់​ព្រះសង្ឃ ប្រជាពលរដ្ឋ​សិស្សានុសិស្ស​គ្រូបង្រៀន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ប៉ុន្តែ​មិន​បាន​គ្រប់​ទីកន្លែង​នោះ​ឡើយ។ លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​ប្រសិន​ករណី​នោះ​ជា​សមត្ថកិច្ច​របស់​​អាជ្ញាធរ៖ «»។

យ៉ាង​នេះ​ក្ដី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កាត់​ដី​ចម្ការ​កៅស៊ូ​របស់​រដ្ឋ​ដែល​កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ ១.២៦០​គ្រួសារ​នៅ​ឃុំ​កាចាញ ក្រុង​បានលុង ​ទទួល​បាន​កម្មសិទ្ធិ​ស្របច្បាប់​តាម​ទំហំ​ប្រជាពលរដ្ឋ​កាន់កាប់​ជាក់ស្ដែង។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) លោក ឆាយ ធី កត់សំគាល់​ថា ការ​សម្រេច​កាត់​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​តាំង​លំនៅ​យូរ​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ជា​ប្រការ​សំខាន់ ក៏ប៉ុន្តែ​នៅ​សល់​បញ្ហា​សំខាន់ៗ​ច្រើន​ទៀត​ដែល​​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​ភាព​យុត្តិធម៌​ពី​ថ្នាក់ដឹកនាំ។លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ប្រមុខ​​រាជរដ្ឋាភិបាល​ខកខាន​មិន​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «»។

បញ្ហា​ប្រឈម​នៅ​ដែល​ប្រជាពលរដ្ឋ​ខេត្ត​រតនគិរី សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​រួម​មាន សុំ​រក្សា​ដី​ជុំវិញ​ផ្សារ​បានលុង និង​សុំ​ឲ្យ​អ្នក​វិនិយោគ​ផ្សារ​សង់​សំយាប​សម្រាប់​អាជីវករ​បាន​លក់ដូរ​ងាយស្រួល។ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ រស់​នៅ​ឋិត​ពន្ធនាគារ​ខេត្ត​សុំ​ឲ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​ពួកគាត់​រស់​ជាង ២០​ឆ្នាំ។ កាត់​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ស្រុក​អូរជុំ ស្រុក​បរកែវ ដែល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត​កំពុង​តាំង​លំនៅ​ឲ្យ​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ និង​ជួយ​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ជម្លោះ​ដីធ្លី​ប្រជាពលរដ្ឋ ១២​គ្រួសារ​នៅ​ឃុំ​កក់ ស្រុក​បរកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។