ខឹង​ប្តី​ផឹក​ស៊ីច្រើន​ពេក ​នាង​ប្រពន្ធ​ចងក​ស​មា្ល​ប់​ខ្លួន

ខឹង​ប្តី​ផឹក​ស៊ីច្រើន​ពេក ​នាង​ប្រពន្ធ​ចងក​ស​មា្ល​ប់​ខ្លួន



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ព្រោះតែ​តូចចិត្ត​ប្តី​ផឹកស៊ី​ស្រវឹង​និយាយ​មិន​ព្រម​ស្តាប់ បាន​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ឡៅតឿ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកញ្ញា នៅ​បន្ទប់​ជួល​លេខ​៨៥ ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ស្ត្រី​ដែល​ចងក​ធើ្វ​អត្តឃាត​នេះ​ឈ្មោះ ម៉ែ​ន ម៉ា​រា អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត នៅ​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ យ៉ែ ធា​រ៉ា អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ក្ដាម ស្រុក​ពញាឮ ខេត្តកណ្ដាល ។ ប្តី​ប្រពន្ធ​វ័យក្មេង​នេះ មានកូន​ស្រី​ម្នាក់​អាយុ​២​ខួប ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ឲ្យ​ដឹង​ថា ពួក​គេ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជិត​៦​ឆ្នាំ​មក​ហើយ និង​មានកូន​ស្រី​ម្នាក់ បច្ចុប្បន្ន​អាយុ​២​ខួប​ទុក​ឲ្យ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​។ កន្លង​មក ពេល​ខ្លួន​ផឹកស៊ី​តែងតែ​យកប្រពន្ធ​ទៅ​ជាមួយ​រហូត ប៉ុន្តែ​ប្រពន្ធ​មិន​ចង់​ឲ្យ​ផឹកស៊ី​ទេ ព្រោះ​ពេល​ស្រវឹង​មក​ដល់​ផ្ទះ​វិញ​តែង​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​។

ហេតុនេះ​ហើយ​ទើប​ប្រពន្ធ​តែងតែ​ហាម​មិន​ឲ្យ​ផឹកស្រា តែ​ខ្លួន​នៅ​តែ​ផឹក ហើយ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ពេល​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ​ខ្លួន​បាន​សម្រាក​នៅ​ខាងក្រោម ចំណែក​ប្រពន្ធ​ឡើង​ទៅ​សម្រាក​នៅ​បន្ទប់​ឡៅតឿ​តែ​ម្នាក់ឯង ។

បុរស​ជា​ប្តី​រៀបរាប់​ទៀត​ថា នៅ​យប់​នោះ​ខ្លួន​មិន​បានដឹង​ថា​ប្រពន្ធ​យក​កន្សែង​បង់ក​ចងក​តាំងពី​ពេល​ណា​ទេ ព្រោះ​ស្រវឹងស្រា​ដេក​លក់​អត់​ដឹង ។ លុះដល់​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈឺ​បត់ជើង​ភ្ញាក់​ឡើង បើកភ្លើង​ស្រាប់តែ​ឃើញ​ប្រពន្ធ​ចងក​នៅ​លើ​បន្ទប់​ឡៅតឿ​ស្លាប់​បាត់​ទៅ​ហើយ ។