ជប៉ុន​ថា​ខ្លួន​នឹង​បង្កើន​សកម្មភាព​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និពន្ធដោយ : សៅ ផលនិស្ស័យ       September-16-2016, 9:19 pm         418

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន​ថា​ខ្លួន​នឹង​បង្កើន​សកម្មភាព​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​​ប្រមុខ​ការពារជាតិ​ជប៉ុន​បានប្រកាសថា ជប៉ុន​នឹង​បង្កើន​សកម្មភាព​យោធា​ដោយ​សហការ​ជាមួយ​កងទ័ពជើងទឹក​អាមេរិក និង​កងទ័ព​ប្រទេស​ជា​មិត្ត​ផ្សេងទៀត នៅ​សមុទ្រ​ចិន​ខាងត្បូង​។ សកម្មភាព​យោធា​ទាំងនោះ​មានដូចជា សមយុទ្ធ​យោធា​និង សកម្មភាព​ល្បាត​សមុទ្រ​ជាដើម​។ នេះ​បញ្ជាក់ថា ជប៉ុន​កំពុង​លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ប្រឈម​ជាមួយ​ចិន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោកស្រី Tomomi Inada  បានប្រកាស​ពេញៗ​មាត់​ថា ជប៉ុន​នឹង​បង្កើន​សកម្មភាព​យោធា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​សហការ​ជាមួយ​កងទ័ពជើងទឹក​អាម​រិ​ក និង​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​នៅក្នុង​តំបន់​។ សកម្មភាព​យោធា​ទាំងនោះ​ធ្វើឡើង​ដើម្បី​ទប់ទល់​ការគំរាមកំហែង​សន្តិសុខ​ដែល​បង្កដោយ​ក្រុង​ប៉េកាំង ហើយ​សកម្មភាព​នោះ​រួ​មាន​លំ​ហាត់​យោធា​ពហុភាគី និង​សកម្មភាព​ល្បាត​សមុទ្រ​រួមគ្នា​ជាដើម​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី Tomomi Inada លើកឡើង​ពី​បំណង​បង្កើន​សកម្មភាព​យោធា​របស់​កងទ័ព​ជប៉ុន​ក្នុងពេល​លោកស្រី​ផ្តល់​សុន្ទរកថា​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ ដែល​ស្ថិតនៅ​ទីក្រុង​វ៉ាស៊ីនតោន​។ លោកស្រី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​អាមេរិក​លោក Ashton Carter ផងដែរ​ក្រោយ​បញ្ចប់​សុន្ទរកថា​នេះ​។

«​ក្នុង​បរិបទ​នេះ ខ្ញុំ​គាំទ្រ​សេរីភាព​នាវាចរណ៍​របស់​កងទ័ព​ជើង​ទឹក​អាមេរិក ដែល​អនុលោម​តាមច្បាប់​អន្តរជាតិ​និង​សណ្តាប់ធ្នាប់​អន្តរជាតិ​។ ដើម្បី​រួមចំណែក ជប៉ុន​នឹង​បង្កើត​ការផ្សាភ្ជាប់​ជាមួយ​តំបន់​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ការចូលរួម​ល្បាត​ជាមួយ​ទ័ព​អាមេរិក និង​រៀបចំ​សមយុទ្ធ​កងទ័ពជើងទឹក​ជា​លក្ខ​ណៈ​ទ្វេភាគី​និង​ពហុភាគី​ក្តី​»​។  នេះ​ជាការ​លើកឡើង​របស់លោក​ស្រី រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Tomomi Inada​។

​តាមពិតទៅ ជប៉ុន​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​លើ​បញ្ហា​កោះ​សេន​កា​គូ ឬ​កោះទាវ​យូ ហើយ​ជម្លោះ​នេះ​កាន់តែ​តានតឹង​នៅពេលដែល​ចិន​បង្កើន​សកម្មភាព​នាវាចរណ៍​របស់​ក្រុម​ឆ្មាំ​សមុទ្រ​នៅក្បែរ​តំបន់​ជម្លោះ​។ ចំណែក​ជប៉ុន​ចាត់ទុកថា​វា​ជា​សកម្មភាព​បង្ករឿង​និង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ថែមទៀត​។​ដូច្នេះហើយ ទើបបានជា​ជប៉ុន​ប្រឹង​លូកលាន់​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បែបនេះ​។​

​ក្រោយ​លោកស្រី​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ប្រកាស​បែបនេះ សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តី ថ្លែងការណ៍​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ជ​ប៉ុន​ក្នុងការ​ពង្រីក​តួនាទី​របស់ខ្លួន​ដើម្បី​ថែរក្សា​សន្តិសុខ​សមុទ្រ​ផងដែរ​។

​ក្រៅពី​ប្រកាស​បង្កើន​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្រុង​តូ​ក្យូ ក៏បាន​សន្យា​ជួយ​ជ្រោមជ្រែង​បណ្តា​រដ្ឋ​ជាប់​សមុទ្រ​កសាង​សមត្ថភាព​ការពារ​សន្តិសុខ​សមុទ្រ​ផងដែរ​នៅពេល​ខាងមុខ​។ តាមពិតទៅ​វា​មិនមែនជា​រឿង​ថ្មី​ឡើយ ព្រោះ​ជប៉ុន​បាន​ចំណាយលុយ​ផ្តល់ជំនួយ​យោធា​ដល់​បណ្តា​រដ្ឋ​អាស៊ាន​ដែលមាន​ជម្លោះ​ជាមួយ​ចិន​កន្លងមក​ច្រើន​ដែរ​។

​ដូច​ឃើញស្រាប់  លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បានប្រកាស​ក្នុងពេល​ជួប​ជាមួយ​សម​ភាគី​វៀតណាម​លោក Nguyen Xuan Phuc នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាទី​ក្រុង​វៀងចន្ទន៍​កាលពីដើម​ខែកញ្ញា​ថា ជប៉ុន​នឹង​ផ្តល់​នាវា​ល្បាត​ថ្មី​ទៅ​ឲ្យ​វៀតណាម​នៅពេល​ខាងមុខ​។ ហើយ​ការផ្តល់​ឲ្យ​វៀតណាម​នូវ​នាវា​ល្បាត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ពង្រឹងសមត្ថភាព​អនុវត្ត​ច្បាប់​និង​ការពារ​ដែនសមុទ្រ​រប​ស់​ខ្លួន​ផង​។ កន្លងមក ជប៉ុន​ធ្លាប់​បានផ្តល់​នាវា​ល្បាត ៦​គ្រឿង​ទៅ​ឲ្យ​វៀតណាម ប៉ុន្តែ​វា​ទាស់​ត្រង់​ថា​នាវា​នោះ​ជានា​វា​ដែល​ប្រើប្រាស់​រួចហើយ​។ តែ​ពាក់ព័ន្ធ​ចំនួន​នាវា​ល្បាត​ថ្មី និង​ពេលវេលា​នៃ​ការផ្ទេរ​នាវា​មក​ឲ្យ​វៀតណាម​នោះ​មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ឡើយ​។​

​ក្រៅពី​វៀតណាម ជប៉ុន​ក៏​ជួយ​ជ្រោមជ្រែង​ហ្វីលីពីន​ខ្លាំង​ណាស់ដែរ​។ កាល​ដើមខែ​កញ្ញា​នេះដែរ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក៏បានផ្តល់​នាវា​ល្បាត​ធំៗ​ចំនួន​ពីរ​គ្រឿង​និង​ជួល​យន្តហោះ​ឈ្លបយកការណ៍​ចំនួន ៦​គ្រឿង​ផ្សេងទៀត​ឲ្យ​ហ្វីលីពីន ដើម្បី​ពង្រឹងសមត្ថភាព​ល្បាត​សមុទ្រ​ដែរ​។ ជារួម​ទំនាក់ទំនង​ការពារជាតិ​រវាង​ជប៉ុន​និង​ហ្វីលីពីន​មាន​យូរ​មកហើយ ហើយក៏​កាន់​ប្រសើរឡើង​នៅពេលដែល​ដែល​ជប៉ុន​ចាប់ផ្តើម​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​ដើម្បី​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​អាច​បញ្ជូន​ទ័ព​ទៅ​ច្បាំង​នៅក្រៅ​ប្រទេស​ក្នុងករណី​ចាំបាច់ និង​អាច​ចូលរួម​ក្នុង​សកម្មភាព ថែរក្សា​សន្តិភាព​ជាដើម​៕