លោក ហ៊ុន ម៉ាណែត​​​ ​​​មាន​​​ពេល​​​ពីរ​​​ខែ​​​ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​បណ្តឹង​​​​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​

តុលាការស្រុកសហរដ្ឋអាមេរិកក្នុងរដ្ឋកាលីហ្វ័រញ៉ាបានផ្តល់ពេលឲ្យលោក ហ៊ុន ម៉ាណែត រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា ដើម្បីឆ្លើយតបនឹងសំណួរអំពីបណ្តឹងប្រឆាំងនឹងលោកដោយមន្ត្រីគណបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ដែលកំពុងអនុវត្តទោស២០ឆ្នាំនៅក្នុងពន្ធនាគារព្រៃស ក្រុងភ្នំពេញពីបទមានតួនាទីក្នុងការតវ៉ាហិង្សា។ ចៅក្រមដែលកាន់រឿងក្តីនេះ ដែលពេលបច្ចុប្បន្នស្ថិតក្នុងដំណាក់ការការប្តូរឯកសារសំណុំរឿងរវាងគូក្តី បានច្រានចោលសំណើរបស់មេធាវីលោក សុវណ្ណារ៉ា សុំឲ្យសាកសួរឧត្តមសេនីយ៍ឯក ម៉ាណែត ផ្ទាល់ តែបែរជាស្នើសុំឲ្យឆ្លើយតបជាលាយលក្ខណ៍អក្សរវិញ។ ឯកសារតុលាការដែលមានកំណត់ហេតុនៃសន្និសីទនៅថ្ងៃ៨ខែកញ្ញារវាងចៅក្រម ចច វូ និងក្រុមមមេធាវីដែលជាប់ពាក់ព័ន្ធនឹងរឿងក្តីនេះសរសេរថា “ការប្តូរឯកសារសំណុំរឿងរវាងគូក្តីជាលាយលក្ខណ៍អក្សរនឹងធ្វើឡើងចំពោះភាគីនៅកម្ពុជាប៉ុណ្ណោះ។ ថ្ងៃផ្តល់ការឆ្លើយតបនឹងកំណត់ត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦”។ លោក សុវណ្ណារ៉ា ដំបូងឡើយបានដាក់ពាក្យបណ្តឹងប្រឆាំងឧត្តមសេនីយ៍ឯក ម៉ាណែត ជាមន្ត្រីយោធាជាន់ខ្ពស់និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតាមការចោទប្រកាន់ថាមានការជាប់ពាក់ព័ន្ធនឹងអ្វីដែលមន្ត្រីបក្សប្រឆាំងរូបនេះនិយាយថា “ជាការចាប់ឃុំខ្លួនតាមតែអំពើចិត្ត ក្រៅច្បាប់និងមានរយៈពេលយូរ”។ លោក ផូល ហេស៍ អ្នកកាន់ដីកា ដែលបានប៉ុនប៉ងប្រគល់ដីកាឲ្យឧត្តមសេនីយ៍ ម៉ាណែត អំឡុងពេលទស្សនកិច្ចរបស់លោកទៅរដ្ឋកាលីហ្វ័រញ៉ាកាលពីខែមេសា តាមការចោទប្រកាន់ថាទទួលរងការវាយដំដោយអង្គរក្សរបស់លោកឧត្តមសេនីយ៍ មុននឹងលោកអាចប្រគល់ឯកសារនោះ។ នៅដើមខែនេះ ចៅក្រម វូ បានសម្រេចអនុញ្ញាតឲ្យ “ប្តូរឯកសារសំណុំរឿងរវាងគូក្តី” ជាការសម្រេចមួយដែលលោក ម័រតុន សក្លា មេធាវីតំណាងលោក សុវណ្ណារ៉ា បាននិយាយថា វាជាសញ្ញាច្បាស់ថា តុលាការបានទទួលយករឿងក្តីនេះដោយហ្មត់ចត់។ លោក ចូន ព័រសែល មេធាវីតំណាងឧត្តមសេនីយ៍ ម៉ាណែត បានជំទាស់នឹងការយល់បែបនេះថា រឿងក្តីនេះបានបោះជំហានទៅមុខនោះទេ ដោយនិយាយថា ចៅក្រមនៅតែព្យាយាមសម្រេចថា តើករណីនេះ មានអង្គសេចក្តីឬយ៉ាងណា ហើយថាតើឧត្តមសេនីយ៍ឯកទទួលបានដីកាត្រឹមត្រូវឬយ៉ាងណា។ លោក សក្លា បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចអនុញ្ញាតឲ្យផ្តល់សក្ខីកម្មជាលាយលក្ខណ៍អក្សរនឹងតម្រូវឲ្យឧត្តមសេនីយ៍ ម៉ាណែត ឆ្លើយតបនឹងសំណួរអំពីរឿងក្តីនេះ។ មេធាវីរូបនេះបាននិយាយក្នុងសារអ៊ីម៉ែលថា “ពិតណាស់ថា គេបដិសេធមិនឲ្យសិទ្ធិយើងធ្វើសក្ខីកម្មដោយផ្ទាល់នៅកម្ពុជា តាមដែលយើងបានស្នើ។ ប៉ុន្តែយើងបានទទួលសិទ្ធិទទួលព័ត៌មានដែលយើងស្វែងរកតាមរយៈសំណួរជាលាយលក្ខណ៍អក្សរ  ឬតាមរយៈបញ្ជីសំណួរដែលត្រូវតែឆ្លើយដោយពេញលេញនិងត្រឹមត្រូវដោយចុងចោទ”។ នៅពេលដែលចៅក្រម វូ បានពិនិត្យសើរើការឆ្លើយតបនោះ លោក សក្លា បាននិយាយថា “លោកនឹងសម្រេចប្រើសំណួរធម្មតាថាតើ ការប្រគល់ដីកាបានកើតឡើងចំពោះ ហ៊ុន ម៉ាណែត ក្នុងរដ្ឋកាលីហ្វ័រញ៉ា ប្រកបដោយប្រសិទ្ធភាព ដោយពិចារណាទៅលើរឿងរ៉ាវនៃការព្យាយាមរបស់អង្គរក្ស ហ៊ុន សែន ក្នុងការចូលជ្រៀតជ្រែកនិងរារាំងការប្រគល់ដីកាតាមរយៈការវាយប្រហារដ៏ហិង្សារបស់គេទៅលើអ្នកកាន់ដីកា ផូល ហេស៍ ឬយ៉ាងណា”។ លោក ព័រសែល ដែលបម្រើការនៅក្រុមហ៊ុនច្បាប់សហរដ្ឋអាមេរិកឈ្មោះ ខ្វីនន៍ អ៊ីម៉ានូអែល (Quinn Emanuel) បានផ្តល់ឲ្យកាសែត ឌឹ ខេមបូឌា ដេលី នូវសេចក្តីសម្រេចតុលាការថ្មីៗបំផុតមួយច្បាប់ នៅពេលដែលសុំឲ្យធ្វើបច្ចុប្បន្នភាពក្នុងរឿងក្តីនេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕ © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post លោក ហ៊ុន ម៉ាណែត​​​ ​​​មាន​​​ពេល​​​ពីរ​​​ខែ​​​ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​បណ្តឹង​​​​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ appeared first on The Cambodia Daily.