ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក អាច​សម្លាប់​ជីវិត​ផ្លូវភេទ​អ្នក​បាន​

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក អាច​សម្លាប់​ជីវិត​ផ្លូវភេទ​អ្នក​បាន​

​កាលណា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មួយ​មាន​ដែន​កំណត់​ត្រឹមត្រូវ វា​ពិតជា​អាច​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​បាន​។ យ៉ាងណាមិញ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​អំពី​ការ​ពិត​ត្រង់​ថា គ្រឿង​ស្រវឹង​អាច​នាំឲ្យមាន​បញ្ហា​មួយចំនួនចំពោះ​ជីវិត​ផ្លូវ​ភេទ​ទេ​បើសិនជា​ញ៉ាំ​ច្រើនពេក​។ ដូច្នេះហើយ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ជីវិត​ផ្លូវភេទ​អ្នក​បាន​។

ប៉ះពាល់​ដល់​ការផលិត​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន​
បើសិន​ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ឬ​ញ៉ាំ​ញឹកញាប់ នោះ​វា​នឹង​ប៉ះពាល់​ដល់​ការផលិត​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន​ជាមិនខាន​។ គ្រឿង​ស្រវឹង​ក៏​អាច​បង្ក​ជា​ប្រតិកម្ម​គីមី​នៅក្នុង​ខួរក្បាល និង​ទប់ស្កាត់​ការផលិត​អ័រម៉ូន​នេះ​បាន​ដែរ​។

បង្ក​បញ្ហា​ច្រើន​ចំពោះ​ការឡើង​រឹង​របស់​លិង្គ​
ផល​រំខាន​មួយ​ដ៏​ញឹកញាប់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ពេក​គឺ លិង្គ​មិន​អាច​ឡើង​រឹង​កើត​តែម្តង​។ រឿង​នេះ​ដោយសារ​តែ​ការពុល​ស្រួចស្រាវ ឬ​រ៉ាំរ៉ៃ​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែម្តង​។ ចំពោះ​ហេតុផល​គឺថា គ្រៀង​ស្រវឹង​អាច​រំខាន​ដល់​ការផ្គត់ផ្គង់​ឈាម​ដល់​សរីរាង្គ​បន្ត​ពូជ ដូច្នេះ​ហើយ​វា​កាន់តែ​ពិបាក​ក្នុង​ការទទួល​បាន​លិង្គ​ឡើង​រឹង​នៅពេល​មាន​សម្រើប​ផ្លូវភេទ​។​

ស្ងួត​ទ្វារមាស​
ហេតុផល​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​មិន​អាច​រីករាយ​នឹង​ការ​រួមភេទ​គឺ​ដោយសារតែ​ការ​កង្វះ​ទឹករំអិល​ក្នុងពេល​រួមភេទ​តែម្តង​។ ហើយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ធ្វើឲ្យ​ទ្វារ​មាស​ស្ងួត​បាន​ដោយសារ​តេ​គ្រឿង​ស្រវឹង​ធ្វើឲ្យ​ខ្សោះ​ជាតិ​ក្នុង​ខ្លួន ពិបាក​ដល់​ការ​រួមភេទ និង​បង្ក​បញ្ហា​ជាច្រើន​ដល់​ជីវិត​ផ្លូវភេទ​ទៀត​។

ខ្សោយ​ចំណង់​ផ្លូវភេទ​
មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា គ្រឿង​ស្រវឹង​គឺជា​សារធាតុ​នាំ​ឲ្យ​បាក់ទឹកចិត្ត​ទេ ហើយ​ការ​ញ៉ាំ​កាន់តែ​ច្រើន​មិន​ត្រឹមតែ​ធ្វើឲ្យ​អារម្មណ៍មិនល្អ​ទេ តែ​ថែមទាំង​បន្ថយ​ចំណង់​ផ្លូវភេទ​ទៀតផង​។ ហើយ​ការ​ខ្សោះ​ជាតិ​ទឹក​ជាមួយគ្នា​នឹង​អារម្មណ៍​មិន​ល្អ ពិតជា​នាំ​ឲ្យ​ការ​រួមភេទ​កាន់តែ​មាន​ផលប៉ះពាល់​។

មាន​បញ្ហា​ក្នុង​ការឈាន​ដល់​ចំណុច​កំពូល​
គេ​មើលឃើញ​ថា ទាំង​បុរស និង​ស្ត្រី​កំពុងតែ​ប្រឈម​នឹង​ភាពលំបាក​ក្នុង​ការឈាន​ដល់​ចំណុចកំពូល​ក្រោយពី​ពួកគេ​ស្រវឹង​ខ្លាំង​។ ការ​ដែល​បន្ត​ញ៉ាំ​គ្រឿង​ច្រើនៗ​ប្រហែល​ជា​នាំ​ឲ្យ​ពិបា​កឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ ព្រមទាំង​លិង្គ​មិន​អាច​ឡើង​រឹង​ទៀត​។

ការផលិត​មេ​ជីវិត​ឈ្មោល​
តើ​អ្នក​មាន​ដឹង​ទេ​ថា គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការផលិត​មេ​ជីវិត​ឈ្មោល​បាន ដែល​ជាហេតុ​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​ចំនួន​កាន់តែ​តិច​។ កាលណា​រឿងនេះ​មាន​រយៈពេល​យូរៗ​ទៅ វា​ប្រហែលជា​ប្រឈម​ខ្លាំង​នឹង​បាត់បង់​លទ្ធភាព​នៃ​ការ​មាន​កូន​។ ដូច្នេះហើយ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​បើសិនជា​ចង់​ឲ្យ​ជីវិត​ផ្លូវភេទ​កាន់តែ​មាន​ភាព​សកម្ម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។