ជប៉ុន​ប្រាថ្នា​ឲ្យ​ខ្មែរ​រួបរួមគ្នា និង​មាន​ស្ថិរ​ភាពជា​និរន្តរ​ និពន្ធដោយ : រឿន ភារុន       September-17-2016, 9:28 am         389

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន​ប្រាថ្នា​ឲ្យ​ខ្មែរ​រួបរួមគ្នា និង​មាន​ស្ថិរ​ភាពជា​និរន្តរ​​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ (KUMAMARU Yuji) បាន​ប្រាថ្នា​ឲ្យ​ប្រជាជន​កម្ពុជា​រួបរួមគ្នា និង​មាន​ស្ថិរ​ភាពជា​និរន្តរ ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​ទាំង​វិស័យសេដ្ឋកិច្ច សង្គម និង​នយោបាយ ដ្បិត​ប្រជាជន​កម្ពុជា និង​ជប៉ុន​ធ្លាប់​ឆ្លងកាត់​សម័យ​សង្គ្រាម​ដូច គ្នា​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បានបង្ហាញ​អារម្មណ៍​នឹក​អាល័យ​ប្រជាជន និង​ប្រទេស​កម្ពុជា មុនពេល​លោក​ត្រៀម​ចាកចេញ​ប្រទេស​កម្ពុជា ក្នុង​ខែកញ្ញា​នេះ​។ លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន ដែល​បាន​បំពេញបេសកកម្ម​ការទូត ជាង​៣​ឆ្នាំ​នៅ​កម្ពុជា បាន​វាយតម្លៃថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា​កំពុងមាន​ការរីកចម្រើន​យ៉ាងខ្លាំង​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​សម្តែង​ការគោរព​ស្រលាញ់​ផ្ញើជូន​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ដែល​បាន​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​បេសកកម្ម​ការទូត​របស់​លោក កន្លងមក​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​រៀបរាប់​យ៉ាង​ក្បោះ​ក្បាល​ក្នុង​សារលិខិត​ចំនួន​៣​ទំព័រ ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ពី​ការងារ​ការទូត​នៅ​កម្ពុជា​ថា លោក​បាន​ជួប​ជាមួយ​ប្រជាជន​កម្ពុជា និង​បណ្តា ភ្ញៀវ​មកពី​ប្រទេស​ជប៉ុន​ជាច្រើន​។ បន្ថែម​លើ​នេះ លោក​បាន​ចូលរួម​ពិធី​ចុះហត្ថលេខា និង​ពិធី​សម្ពោធ​បើក​ការដ្ឋាន ព្រមទាំង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​គម្រោង​សហប្រតិបត្តិការ​ទ្វេភាគី ជប៉ុន​-​កម្ពុជា​ជាច្រើន​ទៀតផង​។​

​ចំពោះ​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​ជប៉ុន​វិញ លោក​រៀបរាប់ថា លោក​បាន​ចូលរួម​ពិធី​បើកសម្ពោធ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​នៅ​កម្ពុជា ហើយ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន រួមមាន ពិធី សម្ពោធ​ផ្សារ​ទំនើប AEON ពិធី​សម្ពោធ​ស្ពាន​ត្សឹ​បា​សា និង​ពិធី​សម្ពោធ​ការហោះហើរ​ត្រង់​រវាង ជប៉ុន និង​កម្ពុជា​របស់​ក្រុមហ៊ុន​អាកា​ចរណ៍ ANA ថ្មីៗ​នេះ​ជាដើម​។​

«​ក្តី​រីករាយ​ដ៏​ធំ​បំផុត​របស់​ទួល​បង្គំ ខ្ញុំបាទ​គឺ​បានឃើញ​ពី​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា រីកចម្រើន​ដុះ ដាល​យ៉ាង​ទូលំ​លាយ និង​ស៊ីជម្រៅ​ក្នុង​រយៈពេល​នៃ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ព្រមទាំង​កំណើន​នៃ​វត្តមាន​ជប៉ុន​នៅ​កម្ពុជា និង​ការរួមចំណែក​របស់​ជ​ប៉ុន​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស កម្ពុជា​»​។ នេះ​ជា​សារ​របស់លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ជូន​ប្រជាជន​កម្ពុជា​។​

​ក្រៅពី​ជំនួយ និង​ការវិនិយោគ​ជប៉ុន​នៅ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន បង្ហាញ​ក្តី​នឹក​អាល័យ ប្រជាជន និង​ស្រុក​ខ្មែរ ភ្ជាប់​នឹង​បទពិសោធន៍​សង្គ្រាម​ដែល​ភាគី​ទាំងពីរ​ធ្លាប់​ឆ្លងកាត់​ដែរ​។ «​ប្រជាជន​ជប៉ុន​ជាច្រើន​តែងតែ​រម្លឹក​ឡើង​ពីបទ​ពិសោធន៍​ក្រោយ សង្គ្រាម​របស់ខ្លួន ពេលដែល​ឃើញ​កម្ពុជា​កំពុង​ប្រឈម​បញ្ហាលំបាក​ក្រោយ​សង្គ្រាម​»​។ លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ លើកឡើង​ពី​អារម្មណ៍​របស់​ប្រជាជន​ជប៉ុន​ដែន​ដិត​ដាន​ស្នាម​អតីតកាល​ខ្លាំង ហើយ​វា​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​ប្រជាជន​ជប៉ុន​ផ្តើម​គិតថា តើ​ពួកគេ​អាចរួមចំណែក​ជួយ​កម្ពុជា​លើ​អ្វីខ្លះ​?

​លោក​បាន​បន្ត​ប្រៀបធៀប​ពី​រយៈពេល​បញ្ចប់សង្គ្រាម និង​ការអភិវឌ្ឍ​ថា ប្រទេស​ជប៉ុន​បានបញ្ចប់​សង្គ្រាម​រយៈពេល ៧១​ឆ្នាំ​រួច កន្លងទៅ  រីឯ​កម្ពុជា​ពុំទាន់​ឆ្លងកាត់​ពេលវេលា​ច្រើន​ឆ្នាំ​ដូច​ប្រទេស​ជប៉ុន​ទេ​។ ហេតុនេះ មុនពេល​លោក​ចាក​ចេញពី​កម្ពុជា លោក​បាន​ប្រាថ្នា​ឲ្យ​ខ្មែរ​រួបរួមគ្នា​អភិវឌ្ឍ​ប្រទេស​ដូច​ជប៉ុន​ដែរ​។​

​លោក​បានបញ្ជាក់​ពី​បំណងប្រាថ្នា​យ៉ាង​ដូច្នេះ​ថា​៖«​បង្គំ​-​ខ្ញុំបាទ មានបំណង​ប្រាថ្នា​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​ដ៏ រ៉ាំរ៉ៃ និង​បោះជំហាន​បន្តិច​ម្តងៗ ឆ្ពោះទៅកាន់​ការរួបរួម​គ្នា​រវាង​ប្រជាជន និង​ប្រជាជន និង​មាន ស្ថិរ​ភាពជា​និរន្តរ​រួមជាមួយ និង​ការអភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច សង្គម និង​នយោបាយ​»៕