ចង់​សាក​ចិត្ត​ប្រពន្ធ​ស្មោះ​ដែរ​ឬ​អត់ ? ទីបំផុត​ខាត​ឡុងចុង

ចង់​សាក​ចិត្ត​ប្រពន្ធ​ស្មោះ​ដែរ​ឬ​អត់ ? ទីបំផុត​ខាត​ឡុងចុង



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​បែកគំនិត​រាយមាយ​មិន​ទុកចិត្ត​ប្រពន្ធ ក៏​ចង់ឱ្យ​មិត្តភក្តិ​សម្តែង​ឆាកល្ខោន​ចែចង់​ប្រពន្ធ​ខ្លួន​សាកមើល រួច​ហើយ​ខ្លួន​ជា​ប្តី​ឃើញ​មិន​ទុកចិត្ត ក៏​បាន​វាយ​ប្រពន្ធ​ចោទ​ថា​ក្បត់​ផិត ទីបំផុត​ប្រពន្ធ​សុំ​លែង​ទើប​ប្តី​លុតជង្គង់​សុំ​ទោស​ប្រាប់​ថា នេះ​ជា​ការ​សម្តែង​ឆាកល្ខោន​ទេ​អូន ។ ឆាក​មួយ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ស្ថិត​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លាំង រហូត​មិន​ទុកចិត្ត​ប្រពន្ធ​ទៅ​វិញ​នោះ​ឈ្មោះ ទ្បេ​ង វុ​ធ អាយុ​៣១​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ប្រាប់​ឈ្មោះ​ឱ្យ​ស្គាល់​ទេ មានកូន​ប្រុស​ម្នាក់​អាយុ​ជាង​មួយ​ខួប ។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ប្តី​របស់​នាង​បាន​នាំ​មិត្តភក្ដិ​ម្នាក់ មក​ផឹកស៊ី​នៅ​បន្ទប់​ជួល​របស់​នាង ។ ខណៈ​ពេល​ផឹកស៊ី​ស្រវឹង​នោះ ប្តី​នាង​ដែល​មិន​ទុកចិត្ត​នាង​ជា​ប្រពន្ធ បាន​និយាយ​ជាមួយ​មិត្តភក្តិ​រូប​នេះ អោយ​សម្តែង​ឆាកល្ខោន​មក​លួងលោម​ស្នេហា​ជាមួយ​នាង ខណៈ​ប្ដី​នាង​ធ្វើ​ជា​ចេញ​ទៅ​ក្រៅ​រក​ទិញ​ស្រា​ថែម ប៉ុន្តែ​ធាតុ​ពិត​ប្តី​រូប​នោះ មិន​បាន​ទៅ​ទិញ​ស្រា​ទេ គឺ​នៅ​លួច​ស្តាប់​ពី​ខាងក្រៅ​បន្ទប់ ។ ពេល​នោះ​នាង​មិន​បានដឹង​ថា ជា​ការ​ពិសោធន៍​ចិត្ត​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ប្តី​ចេញ​ទៅ​ខាងក្រៅ​បាត់ មិត្តភក្តិ​របស់​ប្តី​រូប​នោះ បាន​មក​អង្គុយ​ជិត​នាង ហើយ​និយាយ​សាសង​សុំ​ស្នេហ៍ ប៉ុន្តែ​នាង​បាន​ប្រកែក​មិន​ព្រម​ទេ ព្រោះ​នាង​មាន​ប្តី ថែម​ទាំង​មានកូន​ទៀត​ផង​។

បុរស​ជា​មិត្ត​ភ​ក្កិ​នោះ បាន​បបួល​នាងរ​ត់ទៅ​នៅ​ជាមួយ​គ្នា​ទៀត​ផង តែ​នាង​មិន​ព្រម​ទ្បើ​យ ។ ពេល​ដែល​បុរស​ជា​មិត្ត​ភ​ក្កិ​កំពុង​តែ​អង្គុយ​សាសង​ជាមួយ​នាង​នោះ ស្រាប់តែ​ប្តី​នាង​ធ្វើ​ដូច​ជា​ទើបនឹង​មក​ដល់ ក៏​វាក់​ឃើញ​នាង​អង្គុយ​សាសង​គ្នា ក៏​បាន​ស្ទុះ​ចូល​ទៅ​ចាប់​វាយ​នាង​ខ្លាំង​ៗ រហូត​រង​របួស​យ៉ាងដំណំ​។ ដោយសារ​ឃើញ​ទ​ង្វើ​របស់​ប្ដី នាង​ក៏​សួរ​ថា ហេតុ​អី​បានជា​បង​ឯង​ដឹង​ថា​ខ្ញុំ​កំពុង​តែ​សាសង​ស្នេហា បើសិនជា​បង​ឯង​មិន​ទុកចិត្ត​ខ្ញុំ​ទេ កុំ​រស់នៅ​ជាមួយ​គ្នា​ទៀត​អី ហើយ​នាង​ក៏​បាន​សុំ​ប្តី​លែងលះ​ពី​ពេល​នេះ​តទៅ ។ ឃើញ​នាង​ខឹង​ខ្លាំង​សុំ​លែងលះ​បែប​នេះ ទើប​ប្តី​នាង​បាន​យំ​អោប​នាង​រហូត​ដល់​លុតជង្គង់ ព្រមទាំង​បាន​សារភាព​ប្រាប់​ថា ជា​ការ​សម្តែង​ឆាកល្ខោន​ឲ្យ​មិត្ត​ភ​ក្កិ​របស់​ខ្លួន មក​ទាក់ទង​សុំ​ស្រឡាញ់​ដើម្បី​សាក​ចិត្ត​តែ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​បែកធ្លាយ​ដឹង​ថា បុរស​ជា​ប្តី​មិន​ទុកចិត្ត​នាង​ជា​ប្រពន្ធ​ចង់​សាក​ចិត្ត​ស្មោះត្រង់​ឬ​បែប​ណា​នោះ ធ្វើ​ឲ្យ​នាង​ជា​ប្រពន្ធ​កាន់តែ​ខឹងសម្បា​យ៉ាង​ខ្លាំង បាន​អោប​កូនប្រុស​តូច​រត់​ចេញពី​បន្ទប់​ជួល​ទាំង​យប់ ទោះ​ប្តី​ខំប្រឹង​តាម​អង្វរ​សំពះ​លុតជង្គង់​សុំ​ទោស​យ៉ាងណា ក៏​ប្រពន្ធ​នៅ​តែ​មិន​ព្រម​អត់ឱន​ឲ្យ​ដែរ គឺ​បីកូន​ប្រុស​តូច​ទាំង​ដេក​លក់​ដើរ​គេច​ចេញ​ទៅ​បាត់​ស្រមោល ។

ចំណែក​បុរស​ជា​ប្តី ពេល​ដែល​កើតហេតុ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​ទាំងអស់ គឺ​ស្រវឹង​ទន់​ក​ក្លៀក បាន​ត្រឹមតែ​អង្គុយ​យំ​នៅ​ក្នុង​បន្ទប់​ជួល ត្រូវ​បាន​ម្ចាស់ផ្ទះ​ដេញ​ឲ្យ​ចេញពី​ក្នុង​បន្ទប់​ទៀត​ឈប់​ឱ្យ​នៅ ក៏​ត្រូវ​មិត្ត​ភ​ក្កិ​ដែល​ជា​អ្នក​សំដែង​ឆាកល្ខោន ចាប់​សែង​ចេញពី​ក្នុង​បន្ទប់​ទៅ ព្រោះ​ស្រវឹង​ដើរ​លែង​រួ​វ ។ ចំណែក​ម្ចាស់ផ្ទះ​ជួល​ក៏​បាន​ចាក់សោ​ពី​ខាងក្រៅ​មិន​ឲ្យ​ចូល​ក្នុង​បន្ទប់​ទៀត​ទេ ។

អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​តែងតែ​វាយ​ធ្វើបាប​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​រំខាន​ដល់​អ្នក​ជិតខាង​ទៀត​ផង ទើប​ពេល​ប្រពន្ធ​រត់​ចេញពីផ្ទះ ម្ចាស់ផ្ទះ​ជួល​ក៏​បាន​ដេញ​បុរស​ជា​ប្តី​ឲ្យ​ចេញពីផ្ទះ​ឈប់​ជួល​ឲ្យ​ស្នាក់​នៅ​ដែរ ។

ចង់​ចំណេញ​ដាច់​ចំណង នៅ​សុខ​ៗ​ចង់​ពិសោធន៍​ចិត្ត​ប្រពន្ធ ទីបំផុត​ត្រី​រ៉ស​ក៏​រួច ទន្សាយ​ក៏​រួច គឺ​ខាត​ឡុងចុង ៕