ម្នាក់​ៗចោមរោមមើល​និយាយថា «វាសាហាវទៅៗហើយ​»

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏អាក្រក់​មួយ​ ​​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មានការ​សោកស្តាយស្រណោះ​ និង​​ទ្រហ៊ោយំ​គ្រប់​គ្នា បន្ទាប់​ក្មេងប្រុស​​ម្នាក់​​ត្រូវ​​បាន​រន្ទះបាញ់​​ស្លាប់​នៅក្បែរ​​ពាងទឹក​ ខណៈមេឃ​​កំពុងភ្លៀងរលឹមតិចៗ ។

ហេតុការណ៍​នោះ កើតឡើង​កាលពី​វេលា​ម៉ោង​០២ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា ២០១៦ នេះ ស្ថិត​នៅផ្ទះ​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​ឈ្មោះ​ហៀ​ម វី  អាយុ​០៩​ឆ្នាំ (​ជា​ក្មេង​កំព្រាម្តាយ​) ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ជាមួយ​ឪពុក​ឈ្មោះ​មៀម ហៀ​ម អាយុ​៥៧​ឆ្នាំ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ មេឃ​ស្រទុំ​លាយឡំ​ជាមួយ​ភ្លៀង​ ពេល​នោះត្រូវក្មេង​ប្រុស​រង​គ្រោះ​ បាន​ចុះពីលើផ្ទះ​ទៅ​ដង​ទឹក​​ភ្លៀង​​ក្នុង​ពាង​ខាងក្រោយ​ផ្ទះ​​ហូប ស្រាប់តែ​មាន​រន្ទះ​មក​បាញ់​ចំ​ក្មេង​ប្រុស​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង បង្ក​ឱ្យ​ក្រុម​គ្រួសារ​ភ្ញាក់ផ្អើល​រត់​មក​មើល ដែល​មិន​អាច​ជួយ​អ្វី​បាន ។