ពាក្យបណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​ត្រូវបាន​យកទៅ​ពិនិត្យ​

កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) បានចេញ​សេចក្ដីប្រកាស​ស្ដីពី​ឯកសារ​លំអិត​គោលនយោបាយ​ថ្មី​ជុំវិញ​ការជ្រើសរើស​បណ្ដឹង​និង​ការដាក់​សំណុំរឿង​ជា​អាទិភាព​។ ទាក់ទង​នឹង​បញ្ហា​នេះ​តំណាង​ក្រុម​មេធាវី​គ្លូ​ប​ល​ឌី​លី​ជិន​(Global Diligence) លោក រី​ឆាត រ៉ូ​ជឺ ដែល​បានដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៤ ស្ដីពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សឃាត​បាន​សាទរ​ទៅនឹង​ការផ្សាយ​សេចក្ដីប្រកាស​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ លោក រី​ឆាត រ៉ូ​ជឺ បាន​បញ្ជាក់ថា វា​ជា​ភ្លើង​ខៀវ​ក្នុង​ការសើរើ​បណ្ដឹង​រប​ស់លោក​មក​ជំនុំជម្រះ ហើយក៏​ជា​អវសាន​នៃ​អ្នករំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ដីធ្លី​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

សូមបញ្ជាក់ថា​លោក រី​ឆាត រ៉ូ​ជឺ តំណាង​មេធាវី​ក្រុម​គ្លូ​ប​ល​ឌី​លី​ជីន បាន​សាទរ​ភ្លាមៗ​ចំពោះ​សេចក្ដីប្រកាស​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់​។ សេចក្ដីប្រកាស​នោះ​ចេញ​ដោយ​លោកស្រី​រដ្ឋអាជ្ញា ហ្វា​ទូ បេន​ស៊ូ​ដា គឺ​បានបង្ហាញ​ពី​គោលនយោបាយ​ក្នុងការ​ជ្រើសរើស​បណ្ដឹង​អាទិភាព​យកទៅ​ចាត់ការ​។ នៅក្នុង​សេចក្ដីប្រកាស​កម្រាស់​១៨​ទំព័រ​បានបង្ហាញ​អំពី​កា​រវិ​វ​ត្តិ​នៃ​មូលដ្ឋានគ្រឹះ​តាម​នីតិវិធីតុលាការ ដោយ​នីតិវិធី​នោះ​យោងតាម​បទពិសោធន៍​នៃ​ការអនុវត្ត​ជាក់ស្ដែង​ក្នុង​ការិយាល័យ​នៃ​រដ្ឋអាជ្ញា​ជាង​១៤​ឆ្នាំកន្លងមក ដោយ​បូក​រួមទាំង​ការអនុវត្ត​ក្នុង​តុលាការជាតិ និង​តុលាការអន្តរជាតិ​ផងដែរ​។ តាមរយៈ​សេចក្ដីប្រកាស​នោះ​លោក រី​ឆាត រ៉ូ​ជឺ បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ដែលមាន​ចំណងជើង​ថា​«​អវសាន​របស់​អ្នករំលោភ​ដីធ្លី​នៅ​កម្ពុជា​នឹង​បញ្ចប់​ក្នុង​តុលាការ​ទីក្រុង​ឡាអេ​»​។

លោក​មេធាវី រី​ឆាត រ៉ូ​ជឺ បានលើកឡើង​ទៀតថា នីតិវិធី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​ជួប​បិទ​បញ្ចប់​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុងអំឡុងពេល​ដែលមាន​សន្តិភាព​។ ម្យ៉ាងទៀត​គឺជា​ការចាប់ផ្ដើម​បើក​សំណុំរឿង​ដែល​លោក​បាន​ប្ដឹង​បក្ខពួក​អ្នក​មាននៃ​គណបក្សកាន់អំណាច​នៅ​កម្ពុជា ដែល​បាន​ធ្វើទុក្ខបុកម្នេញ​លោក​ជនរងគ្រោះ​ក្នុងប្រទេស​ខ្លួន​ដូចជា ការបាញ់សម្លាប់​សកម្ម​ជន ឬ​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ដោយ​បង្ខំ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស និង​អ្នកសង្កេតការណ៍​ឯករាជ្យ ក៏ដូចជា​ក្រុមអ្នកតាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា បាន​លើកឡើងថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើកយក​ពាក្យបណ្ដឹង​រប​ស់លោក រី​ឆាត រ៉ូ​ជឺ តំណាង​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​យកទៅអនុវត្ត​ន៍​នោះ គឺអាច​បញ្ចប់​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា ហើយ​ក្រុម​អ្នកមាន​លុយ អ្នកមានអំណាច មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ទេ​៕

richard-rogers

លោក រី​ឆាត រ៉ូ​ជឺ

19 image kammakor-03-jan-2013
​ ​