​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹងទុក​ថា​បាតុកម្ម​នាពេលខាងមុខ​នឹង​អាច​ប្រព្រឹត្តទៅបាន​រលូន​ល្អ​

តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅ​ចុង​សប្តាហ៍​នេះ បាន​បញ្ជាក់ថា មហា​បាតុកម្មអហិង្សា​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​បញ្ឈប់​ការគាបសង្កត់​លើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលខាងមុខ​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា មហា​បាតុកម្មអហិង្សា​គឺជា​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដូចនេះ​វា​មិនគួរ​មានការ​ហាមឃាត់ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ​។​

លោក អេង ឆៃអ៊ាង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​មិន​ចង់​ធ្វើ​មហា​បាតុកម្ម​នោះទេ តែដោយសារ​ការគាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​មាន​កម្រិត​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ពិសេស​សំណើរ​ការបោះឆ្នោត​នាពេលខាងមុខ​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា គម្រោង​នៃ​ការធ្វើ​មហា​បា​តុម្ម​នេះ​គឺជា​ជម្រើស​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​តស៊ូ​មតិ​ដោយ​អហិង្សា និង​ដោះស្រាយ​វិបត្តិ​នយោបាយ​ឲ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​

តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សម្តែង​ក្តី​សង្ឃឹមថា មហា​បាតុកម្ម​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់ នាពេល​មុខ នឹងមិន​មានការ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ឡើយ​។ លោក អេង ឆៃអ៊ាង សង្កត់ធ្ងន់ៗ​ថា លោក​មិន​ជឿថា​កងកម្លាំងប្រដាប់អាវុធ​មក​បាញ់សម្លាប់ មក​បង្ក្រាប ចំពោះ​បាតុកម្ម ដែលមាន​ដៃទទេ​នោះទេ​។ លោក​មិន​ជឿ​ទេ ព្រោះ​ពួកគាត់​ដែលជា​សមត្ថកិច្ច​ក៏​ជា​ខ្មែរ​ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាន់អំណាច​បច្ចុប្បន្ន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត និង​ដឹកនាំ​ប្រទេស​លើផ្លូវ​ខុស​បានឡើយ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយគត់ អាច​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​ដោយ​យុត្តិធម៌ ហើយ​កម្លាំង​ស្នូល​ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ គឺ​យុវជន​ខ្មែរ​ដែល​យល់ច្បាស់​ពី​តម្លៃ​នៃ​ការផ្លាស់ប្តូរ​៕

14237573_1458360004181294_2265556913507125365_n