អុញ​សុទ្ធតែវៀតណាម​! បែកខ្ចាយពេលមកសុំបូជា​សាក​សព

ស្រុក​កៀនស្វាយ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា​ ​ស្ត្រីចំណាស់​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​​មកព្យាបាល​ជំងឺ​នៅ​ក្នុងផ្ទះ​គ្រូពេទ្យ​ជនជាតិ​វៀតណាម​ដូច​គ្នា ដែល​បើក​អត់ច្បាប់​មួយកន្លែង កាលពី​វេលា​ម៉ោង​០២ និង​៥០​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​ង៉ូ ធី​ភឿ​ង អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ​B-4773626 ចូល​កម្ពុជា​ថ្ងៃ​ទី​០២ កញ្ញា ២០១៦ តាម​ច្រក​ទ្វារ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​។ ចំណែក​​គ្រូ​ពេទ្យ​​ឈ្មោះ​លី មិន អាយុ​៦២​ឆ្នាំ ជា​ជនជាតិ​វៀតណាម​ដែរ និង​គ្រូពេទ្យ​ព្យាបាល​នៅផ្ទះ តែ​គ្មាន​ច្បាប់ទេ ។

ប្រភព​បន្ត​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ដឹង​ថា បាន​មក​សំរាក​ព្យាបាល​ជំងឺ​នៅផ្ទះ​​កើតហេតុ​ខាងលើ ហើយ​ក៏​បាន​ស្លាប់ តែគ្មានអ្នកណា​ដឹង​រឿងទេ ។ កម្លាំងសមត្ថកិច្ច​​​​ទទួល​ព័ត៌មាន​នេះ តាម​រយៈ​លោក​មេ​ភូមិ​​ថា មាន​អ្នក​មក​សុំ​បូជាសព​មនុស្ស​ស្លាប់ ទើប​​ត្រូវ​កម្លាំង​ជំនាញ​​ខេត្ត​-​ស្រុក​-​ប៉ុស្តិ៍ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រូពេទ្យ ក៏​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​សាកសព​ស្ត្រី​រូប​នោះ ។

បើ​តាម​ការ​សន្និដ្ឋាន​បឋម​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ការ​វះកាត់ មាន​ស្នាម​នៅ​ក្រោម​ក្លៀក​ខាងស្ដាំ​ប្រវែង​៤,៥​ស​.​ម និង​ជម្រៅ​១០​ស​.​ម ។ ករណី​នេះ កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ស៊ើ​ន​អង្កេត​បន្ត ។ ចំណែក​គ្រូពេទ្យ​ឈ្មោះ​លី មិន ត្រូវ​កម្លាំង​នាំ​មក​ធ្វើការ​សាក​សួរ​បំភ្លឺ​អំពី​មូលហេតុ និង​ស្ថានភាព​អ្នកជំងឺ​មុន​ពេល​ស្លាប់ និង​សាកសួរ​ព័ត៌មាន​ពី​ក្រុម​សាច់ញាតិ​សាកសព​ផង​ដែរ ។